ជាតិ
សេដ្ឋកិច្ច
Bookmebus ចង់យកគំរូតាម Grab ជាន់ទឹកដីអាស៊ាន
× ភ្នំពេញ៖ Bookmebus ដែលជាអាជីវកម្ម Startup កក់សំបុត្ររថយន្តក្រុងតាមអនឡាញ បានពង្រីកសក្ដានុពលរបស់ខ្លួនទៅប្រទេសថៃ និងគ្រោងទៅប្រទេសសមាជិកអាស៊ានផ្សេងទៀត។
ស្ថាបនិក Bookmebus បង្ហាញការតាំងចិត្តរបស់ក្រុមខ្លួនថានឹងធ្វើឲ្យ Startup មួយនេះទៅជាម៉ូឌែលអាជីវកម្មគំរូមួយក្នុងប្រទេស និងល្បីល្បាញលើឆាកអន្តរជាតិ ក្នុងនាមជាក្រុមហ៊ុនមួយដែលចេញពីប្រទេសកម្ពុជា។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ជា ឡង់ដា សហស្ថាបនិក និងនាយកប្រតិបត្តិ Bookmebus ដូចតទៅនេះ៖
មកទល់ពេលនេះ Bookmebus ដែលចុះបញ្ជីជាក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម បានដំណើរការអស់រយៈពេល ៣ឆ្នាំមកហើយ។ Bookmebus ហាក់ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងពិភពវិស័យអាជីវកម្មផ្លូវការ ស្របពេលដែលការធ្វើ Startup នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេលើកយកមកនិយាយច្រើន។
ដំណើរការបានរយៈពេល៦ខែ Bookmebus បានទទួលដៃគូបោះទុនវិនិយោគ។ ត្រង់ចំណុចនេះលោក ជា ឡង់ដា លើកឡើងថា Startup ត្រូវការទុនពីអ្នកវិនិយោគ បើគេចង់ពង្រីកសក្ដានុពលទៅជាក្រុមហ៊ុនដែលដើរតួនាទីសំខាន់ក្នុងវិស័យណាមួយ និងឈានជើងទៅឆាកអន្តរជាតិ។
ហើយអ្វីដែលអ្នកវិនិយោគសម្លឹង ដើម្បីចូលទុនជាមួយនោះគឺ ស្ថាបនិក ក្រុមការងារ និងម៉ូឌែលអាជីវកម្មរបស់ Startup មួយនោះ។
លោក ជា ឡង់ដា ថ្លែងថា ដោយសារមិនទាន់ឃើញមាន Startup របស់កម្ពុជា ល្បី និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិ ដូចនេះក្រុមរបស់លោក តាំងចិត្តនឹងធ្វើឲ្យ Bookmebus តំណាងឲ្យកម្ពុជា ឈរលើឆាកអន្តរជាតិ៕
Tag:
startup
Bookmebus
ជា ឡង់ដា
© រក្សាសិទ្ធិដោយ thmeythmey.com