រុស្ស៊ីបានសម្រេចបង្កើនការធានាសន្តិសុខកងទ័ពខ្លួនដែលឈរជើងនៅស៊ីរី ដោយក្នុងនោះមានការផ្តល់ខែលការពារមីស៊ីល និងប្រព័ន្ធរ៉ាដាដល់របបដឹកនាំស៊ីរីផង ក្រោយមានការបាញ់ទម្លាក់យន្តហោះខ្លួនសប្តាហ៍មុន។ ប៉ុន្តែអាមេរិកបានចេញមុខទិតៀនរុស្ស៊ីភ្លាមៗដែរ ដោយហៅវិធានការពង្រឹងសន្តិសុខនៅស៊ីរីរបស់រុស្ស៊ីនោះថាជាកំហុសមួយដ៏ធំ។
វិមានក្រេមឡាំងបានប្រកាសកាលពីថ្ងៃចន្ទទី ២៤ ខែកញ្ញាថា ខ្លួនចាប់ផ្តើមពង្រឹងសន្តិសុខដើម្បីការពារសម្ភារយោធានិងកងទ័ពដែលមានវត្តមាននៅស៊ីរី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍រុស្ស៊ីផ្តល់ខែលការពារមីស៊ីល S-300 មួយគ្រឿង និងប្រព័ន្ធរ៉ាដាពិសេសដែលប្រឆាំងរ៉ាដាយន្តហោះសត្រូវផងឲ្យទៅកងទ័ពស៊ីរី។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ការម្រេចដាក់វិធានការពង្រឹងការការពារដែនអាកាសនេះធ្វើឡើងបន្ទាប់ពីយន្តហោះរបស់រុស្ស៊ីមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយអចេតនាព្រោះប្រព័ន្ធមីស៊ីលស៊ីរីនោះ ហួសសម័យ ហើយរុស្ស៊ីក៏បានចោទអ៊ីស្រាអែលថា ធ្វើឲ្យយន្តហោះខ្លួនធ្លាក់។
ជុំវិញការដាក់វិធានការនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់ថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាអ្នកបញ្ជាឲ្យដាក់វិធានការនេះឡើង ក្រោយមានឧបទ្ទវហេតុបាញ់ទម្លាក់យន្តហោះកាលពីសប្តាហ៍មុន។ បើតាមលោក Shoigu លោក ពូទីន និងលោក បាសា អាល់អាសាដ បានជជែកគ្នាហើយពីការបន្ថែមវិធានការសន្តិសុខនេះនៅថ្ងៃចន្ទម្សិលមិញ។
រដ្ឋមន្ត្រីរូបនេះបាននិយាយដូច្នេះ៖ «បញ្ហានេះជំរុញឲ្យមានការដាក់ចំណាត់បន្ថែមដែលមានគោលដៅធ្វើយ៉ាងណាពង្រឹងសន្តិសុខដែលធានាសុវត្ថិភាពកងទ័ពរុស្ស៊ី។ រុស្ស៊ីនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស S-300 មួយគ្រឿងទៅឲ្យកងកម្លាំងស៊ីរីក្នុងពេលពីរសប្តាហ៍ទៀត»។
ទាក់ទិននឹងការផ្គត់ផ្គង់ឲ្យនូវខែលកាពារមីស៊ីល S-300 ទៅកងទ័ពស៊ីរីនេះ លោក Shoigu បានបញ្ជាក់ថា កងទ័ពស៊ីរីត្រូវបានរុស្ស៊ីជួយបំពាក់បំប៉ន និងហ្វឹកហ្វឺនដើម្បីប្រើប្រាស់ខែលនេះហើយ ដ្បិតអីរុស្ស៊ីដើមឡើយត្រូវបញ្ជូនប្រព័ន្ធនេះទៅឲ្យស៊ីរីតាំងពីឆ្នាំ ២០១៣ម្ល៉េះ ប៉ុន្តែគម្រោងត្រូវផ្អាកដោយសារមានការស្នើសុំពីអ៊ីស្រាអែល ខណៈដែលសង្គ្រាមស៊ីវិលស៊ីរីកំពុងឆាបឆេះខ្លាំង។
តាមពិតទៅ យន្តហោះឈ្លបយការណ៍រុស្ស៊ីបានធ្លាក់កាលពីសប្តាហ៍មុនដោយធ្វើឲ្យមនុស្ស ១៥នាក់ស្លាប់។ វាធ្លាក់ដោយសារមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធការពារដែនអាកាសផលិតតាំងពីសម័យសូវៀត S-200 របស់កងទ័ពអាកាសស៊ីរី ហើយវាជារឿងដែលកើតឡើងដោយអចេតនាប៉ុណ្ណោះ។
យ៉ាងណាមិញ វាជាឧបទ្ទវហេតុធំ និងធ្ងន់ធ្ងរបំផុតមួយដែលកើតឡើងរវាងរុស្ស៊ី និងស៊ីរីដែលជាសម្ព័ន្ធមិត្ត រាប់ចាប់ពីពេលដែលរុស្ស៊ីហក់ចូលប្រឡូកក្នុងសង្គ្រាមស៊ីរីនៅឆ្នាំ ២០១៥ ដើម្បីសង្គ្រោះរបបដឹកនាំលោក បាសា អាល់អាសាដ។
ការធ្លាក់យន្តហោះនេះដែរ បានធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ីចេញមុខបន្ទោសអ៊ីស្រាអែលខ្លាំងដែរ។ លោក ពូទីនបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា សកម្មភាពកងទ័ពអាកាសអ៊ីស្រាអែលជាដើមហេតុចម្បងដែលធ្វើឲ្យឧបទ្ទវហេតុធ្លាក់យន្តហោះនេះកើតឡើង បើតាមការស្រាវជ្រាររកមូលហេតុរបស់ក្រសួងការពារជាតិរុស្ស៊ី។
ក្រុងម៉ូស្គូបានពន្យល់ថា យន្តហោះចម្បាំងអ៊ីស្រាអែលប្រភេទ F-16 ដែលបើកប្រតិបត្តិការវាយប្រហារនៅក្បែរមូលដ្ឋានទ័ពអាកាស Latakia កាលពីថ្ងៃចន្ទសប្តាហ៍មុន បានប្រើប្រាស់យន្តហោះឈ្លបយកការណ៍ខ្លួនជាខែលដោយសារយន្តហោះនោះធំជាង។ ដូច្នេះហើយ វានាំឲ្យមីស៊ីលកងទ័ពស៊ីរីបាញ់ចំយន្តហោះរុស្ស៊ីទៅវិញ។
ចំណែកកងទ័ពរុស្ស៊ីដែលឈរជើងនៅស៊ីរីវិញបានអះអាងដែរថា អ៊ីស្រាអែលបានទាក់ទងតាមបណ្តាញពិសេសមកកាន់ទីបញ្ជាការខ្លួនដែរដើម្បីប្រាប់ពីប្រតិបត្តិការវាយប្រហារនេះប៉ុន្តែពេលវេលាដែលប្រាប់នោះគឺ មួយនាទីមុនធ្វើសកម្មភាពប៉ុណ្ណោះ។ហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺ អ៊ីស្រាអែលផ្តល់ព័ត៌មានខុសទៀតជុំវិញគោលដៅដែលខ្លួនវាយប្រហារ។ ហេតុនេះហើយ បានជាខ្លួនគ្មានពេលគ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាពយន្តហោះនិងកងទ័ពដូច្នេះ។
យ៉ាងណាមិញ ខាងមន្ត្រីអ៊ីស្រាអែលបានទាត់ចោលការលើកឡើងនេះដោយពន្យល់ថា ព័ត៌មានដែលខ្លួនរកឃើញគឺ យន្តហោះរុស្ស៊ីត្រូវបានបាញ់ទម្លាក់ដោយសារខែលការពារអាកាសស៊ីរីបាញ់មីស៊ីលចេញមកដោយគ្មានទំនួលខុសត្រូវ គ្មានជំនាញ និងគ្មានការប្រុងប្រយ័ត្នសោះ។ អ៊ីស្រាអែលបន្ថែមថា ការបាញ់ចេញនោះទៀតសោធកើតឡើងរយៈពេលយូរក្រែលហើយ ក្រោយពេលយន្តហោះខ្លួនហោះហើរចេញពីកន្លែងកើតហេតុនោះ។
ត្រឡប់មកវិញ ការផ្ទេរខែលការពារមីស៊ីល S-300 ពីរុស្ស៊ីនេះធ្វើស៊ីរីសប្បាយចិត្តមិនស្ទើរទេ ប៉ុន្តែអាមេរិក និងអ៊ីស្រាអែលទំនងជាក្តៅក្រហាយខ្លាំង។ ភា្លមៗក្រោយលឺដំណឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាធីស (James Mattis) បានរិះគន់វិធានការថ្មីរបស់រុស្ស៊ីគ្មានសំចៃមាត់ឡើយ។
ប្រមុខការពារជាតិអាមេរិករូបនេះបានចាត់ទុកថា រុស្ស៊ីកំពុងសាងកំហុសធំមួយទៀតហើយដោយផ្តល់អាវុធទំនើបឲ្យស៊ីរី ព្រោះវាមិនខុសពីការជួយឲ្យរបបដឹកនាំស៊ីរីគំរាមកំហែងសន្តិសុខតំបន់ទាំងមូលឡើយ។
«រាល់ការផ្តល់អាវុធបន្ថែមនឹងជួយគាំទ្ររបបដឹកនាំព្រៃផ្សៃរបស់ អាសាដ ហើយធ្វើឲ្យរបបនេះស្ថិតក្នុងជំហមួយដែលគំរាមកំហែងតំបន់ទាំងមូល។ ការគំរាមកំហែងនោះគឺ លំហូរជនភៀសខ្លួនពីមជ្ឈិមបូព៌ា ហើយវាជាការសម្លាប់រង្គាលប្រជាជនខ្លួនឯង»។ លោក ម៉ាធីស និយាយដូច្នេះ។