អន្តរជាតិ
រុស្ស៊ី​ឲ្យ​ខែល​មី​ស៊ី​ល S-300 ទៅ​ទ័ព​ស៊ី​រី​ដើម្បី​ពង្រឹង​សន្តិសុខ​ដែនអាកាស ក្រោយ​យន្តហោះ​ខ្លួន​ត្រូវ​បាញ់​ធ្លាក់
25, Sep 2018 , 8:39 pm        
រូបភាព
​រុស្ស៊ី​បានសម្រេច​បង្កើន​ការធានា​សន្តិសុខ​កងទ័ព​ខ្លួន​ដែល​ឈរជើង​នៅ​ស៊ី​រី ដោយ​ក្នុងនោះ​មានការ​ផ្តល់​ខែល​ការពារ​មី​ស៊ី​ល និង​ប្រព័ន្ធ​រ៉ា​ដា​ដល់​របប​ដឹកនាំ​ស៊ី​រី​ផង ក្រោយ​មានការ​បាញ់​ទម្លាក់​យន្តហោះ​ខ្លួន​សប្តាហ៍​មុន​។ ប៉ុន្តែ​អាមេរិក​បានចេញ​មុខ​ទិតៀន​រុស្ស៊ី​ភ្លាមៗ​ដែរ ដោយ​ហៅ​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​ស៊ី​រី​របស់​រុស្ស៊ី​នោះ​ថា​ជា​កំហុស​មួយ​ដ៏​ធំ​។


 
​វិមាន​ក្រេ​ម​ឡាំង​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី ២៤ ខែកញ្ញា​ថា ខ្លួន​ចាប់ផ្តើម​ពង្រឹង​សន្តិសុខ​ដើម្បី​ការពារ​សម្ភារ​យោធា​និង​កងទ័ព​ដែលមាន​វត្ត​មាននៅ​ស៊ី​រី​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​រុស្ស៊ី​ផ្តល់​ខែល​ការពារ​មី​ស៊ី​ល S-300 មួយគ្រឿង និង​ប្រព័ន្ធ​រ៉ា​ដា​ពិសេស​ដែល​ប្រឆាំង​រ៉ា​ដា​យន្តហោះ​សត្រូវ​ផង​ឲ្យ​ទៅ​កងទ័ព​ស៊ី​រី​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការ​ម្រេច​ដាក់​វិធាន​ការពង្រឹង​ការការពារ​ដែនអាកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​យន្តហោះ​របស់​រុស្ស៊ី​មួយគ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​អ​ចេតនា​ព្រោះ​ប្រព័ន្ធ​មី​ស៊ី​ល​ស៊ី​រី​នោះ ហួស​សម័យ ហើយ​រុស្ស៊ី​ក៏បាន​ចោទ​អ៊ីស្រាអែល​ថា ធ្វើ​ឲ្យ​យន្តហោះ​ខ្លួន​ធ្លាក់​។ 
 
​ជុំវិញ​ការដាក់​វិធានការ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​បញ្ជាក់ថា ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​អ្នកបញ្ជា​ឲ្យ​ដាក់​វិធានការ​នេះ​ឡើង ក្រោយ​មាន​ឧបទ្ទវហេតុ​បាញ់​ទម្លាក់​យន្តហោះ​កាលពី​សប្តាហ៍​មុន​។ បើតាម​លោក Shoigu លោក ពូ​ទីន និង​លោក បា​សា អាល់​អាសាដ បាន​ជជែក​គ្នា​ហើយពី​ការបន្ថែម​វិធានការ​សន្តិសុខ​នេះ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយ​ដូច្នេះ​៖ «​បញ្ហា​នេះ​ជំរុញ​ឲ្យ​មានការ​ដាក់​ចំណាត់​បន្ថែម​ដែលមាន​គោលដៅ​ធ្វើយ៉ាងណា​ពង្រឹង​សន្តិសុខ​ដែល​ធានា​សុវត្ថិភាព​កងទ័ព​រុស្ស៊ី​។ រុស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 មួយគ្រឿង​ទៅ​ឲ្យ​កងកម្លាំង​ស៊ី​រី​ក្នុងពេល​ពីរ​សប្តាហ៍​ទៀត​»​។ 
 
​ទាក់ទិន​នឹង​ការផ្គត់ផ្គង់​ឲ្យ​នូវ​ខែល​កា​ពារ​មី​ស៊ី​ល S-300 ទៅ​កងទ័ព​ស៊ី​រី​នេះ លោក Shoigu បាន​បញ្ជាក់ថា កងទ័ព​ស៊ី​រី​ត្រូវបាន​រុស្ស៊ី​ជួយ​បំពាក់បំប៉ន និង​ហ្វឹកហ្វឺន​ដើម្បី​ប្រើប្រាស់​ខែល​នេះហើយ ដ្បិតអី​រុស្ស៊ី​ដើម​ឡើយ​ត្រូវបញ្ជូន​ប្រព័ន្ធ​នេះ​ទៅ​ឲ្យ​ស៊ី​រី​តាំងពី​ឆ្នាំ ២០១៣​ម្ល៉េះ ប៉ុន្តែ​គម្រោង​ត្រូវ​ផ្អាក​ដោយសារ​មានការ​ស្នើសុំ​ពី​អ៊ីស្រាអែល ខណៈដែល​សង្គ្រាមស៊ីវិល​ស៊ីរីកំពុង​ឆាបឆេះ​ខ្លាំង​។​
 
​តាមពិតទៅ យន្តហោះ​ឈ្លប​យ​ការណ៍​រុស្ស៊ី​បាន​ធ្លាក់​កាលពី​សប្តាហ៍​មុន​ដោយ​ធ្វើ​ឲ្យ​មនុស្ស ១៥​នាក់​ស្លាប់​។ វា​ធ្លាក់​ដោយសារ​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផលិត​តាំងពី​សម័យ​សូ​វៀត S-200 របស់​កងទ័ពអាកាស​ស៊ី​រី ហើយ​វា​ជា​រឿង​ដែល​កើតឡើង​ដោយ​អ​ចេតនា​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ វា​ជា​ឧបទ្ទវហេតុ​ធំ និង​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​កើតឡើង​រវាង​រុស្ស៊ី និង​ស៊ី​រី​ដែលជា​សម្ព័ន្ធមិត្ត រាប់​ចាប់ពី​ពេលដែល​រុស្ស៊ី​ហក់​ចូលប្រឡូក​ក្នុង​សង្គ្រាម​ស៊ី​រី​នៅ​ឆ្នាំ ២០១៥ ដើម្បី​សង្គ្រោះ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ​។ 
 
​ការធ្លាក់​យន្តហោះ​នេះដែរ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ចេញមុខ​បន្ទោស​អ៊ីស្រាអែល​ខ្លាំង​ដែរ​។ លោក ពូ​ទីន​បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ថា សកម្មភាព​កងទ័ពអាកាស​អ៊ីស្រាអែល​ជាដើម​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នេះ​កើតឡើង បើតាម​ការ​ស្រាវ​ជ្រា​រ​រក​មូលហេតុ​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​។​
 
​ក្រុង​ម៉ូស្គូ​បាន​ពន្យល់ថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ប្រភេទ F-16  ដែល​បើក​ប្រតិបត្តិ​ការវាយប្រហារ​នៅក្បែរ​មូលដ្ឋាន​ទ័ពអាកាស Latakia កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន បាន​ប្រើប្រាស់​យន្តហោះ​ឈ្លបយកការណ៍​ខ្លួន​ជា​ខែល​ដោយសារ​យន្តហោះ​នោះ​ធំ​ជាង​។ ដូច្នេះហើយ វា​នាំ​ឲ្យ​មី​ស៊ី​ល​កងទ័ព​ស៊ី​រី​បាញ់​ចំ​យន្តហោះ​រុស្ស៊ី​ទៅវិញ​។ 
 
​ចំណែក​កងទ័ព​រុស្ស៊ី​ដែល​ឈរជើង​នៅ​ស៊ី​រី​វិញ​បាន​អះអាង​ដែរ​ថា អ៊ីស្រាអែល​បាន​ទាក់ទង​តាម​បណ្តាញ​ពិសេស​មកកាន់​ទីបញ្ជាកា​រ​ខ្លួន​ដែរ​ដើម្បី​ប្រាប់​ពី​ប្រតិបត្តិ​ការវាយប្រហារ​នេះ​ប៉ុន្តែ​ពេលវេលា​ដែល​ប្រាប់​នោះ​គឺ មួយ​នាទី​មុន​ធ្វើ​សកម្មភាព​ប៉ុណ្ណោះ​។​ហើយ​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ អ៊ីស្រាអែល​ផ្តល់ព័ត៌មាន​ខុស​ទៀត​ជុំវិញ​គោលដៅ​ដែល​ខ្លួន​វាយប្រហារ​។  ហេតុនេះហើយ បានជា​ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រក្សា​សុវត្ថិភាព​យន្តហោះ​និង​កងទ័ព​ដូច្នេះ​។ 
 
​យ៉ាងណាមិញ ខាង​មន្ត្រី​អ៊ីស្រាអែល​បាន​ទាត់ចោល​ការលើកឡើង​នេះ​ដោយ​ពន្យល់ថា ព័ត៌មាន​ដែល​ខ្លួន​រកឃើញ​គឺ យន្តហោះ​រុស្ស៊ី​ត្រូវបាន​បាញ់​ទម្លាក់​ដោយសារ​ខែល​ការពារ​អាកាស​ស៊ី​រី​បាញ់​មី​ស៊ី​ល​ចេញមក​ដោយ​គ្មាន​ទំនួល​ខុសត្រូវ គ្មាន​ជំនាញ  និង​គ្មាន​ការប្រុងប្រយ័ត្ន​សោះ​។ អ៊ីស្រាអែល​បន្ថែមថា ការបាញ់​ចេញ​នោះ​ទៀតសោធ​កើតឡើង​រយៈពេល​យូរ​ក្រែល​ហើយ ក្រោយពេល​យន្តហោះ​ខ្លួន​ហោះហើរ​ចេញពី​កន្លែងកើតហេតុ​នោះ​។ 
 
​ត្រឡប់មកវិញ ការផ្ទេរ​ខែល​ការពារ​មី​ស៊ី​ល S-300 ពី​រុស្ស៊ី​នេះ​ធ្វើ​ស៊ី​រី​សប្បាយចិត្ត​មិន​ស្ទើរ​ទេ ប៉ុន្តែ​អាមេរិក និង​អ៊ីស្រាអែល​ទំនងជា​ក្តៅក្រហាយ​ខ្លាំង​។ ភា្ល​មៗ​ក្រោយ​លឺដំណឹង​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស (James Mattis) បាន​រិះគន់​វិធានការ​ថ្មី​របស់​រុស្ស៊ី​គ្មាន​សំចៃមាត់​ឡើយ​។​
 
​ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​បាន​ចាត់ទុកថា រុស្ស៊ី​កំពុង​សាង​កំហុស​ធំ​មួយទៀត​ហើយដោយ​ផ្តល់​អាវុធ​ទំនើប​ឲ្យ​ស៊ី​រី ព្រោះ​វា​មិន​ខុសពី​ការជួយ​ឲ្យ​របប​ដឹកនាំ​ស៊ី​រី​គំរាមកំហែង​សន្តិសុខ​តំបន់​ទាំងមូល​ឡើយ​។ 
 
«​រាល់​ការផ្តល់​អាវុធ​បន្ថែមនឹង​ជួយ​គាំទ្រ​របប​ដឹកនាំ​ព្រៃផ្សៃ​របស់ អាសាដ ហើយ​ធ្វើ​ឲ្យ​របប​នេះ​ស្ថិតក្នុង​ជំហ​មួយ​ដែល​គំរាមកំហែង​តំបន់​ទាំងមូល​។ ការគំរាមកំហែង​នោះ​គឺ លំហូរ​ជនភៀសខ្លួន​ពី​មជ្ឈិមបូព៌ា  ហើយ​វា​ជាការ​សម្លាប់​រង្គាល​ប្រជាជន​ខ្លួនឯង​»​។ លោក ម៉ា​ធី​ស និយាយ​ដូច្នេះ​។ 
 

Tag:
 ​រុស្ស៊ី​
  អាមេរិក​
  អ៊ីស្រាអែល​
  ស៊ី​រី​
  S-300
© រក្សាសិទ្ធិដោយ thmeythmey.com