ជាតិ
នយោបាយជាតិ
អ្នកនាំពាក្យការបរទេស៖ UN គ្មានប្រវត្តិដកប្រទេសណាមួយ ចេញពីសមាជិកភាពនោះទេ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
× ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ ហួសចិត្ត ដែលឃើញក្រុមខ្លះ លើកឡើងថា អង្គការសហប្រជាជាតិ (UN) នឹងព្យួរអាសនៈកម្ពុជា ឬក៏ដកចេញពីសមាជិកភាព។ លោក សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ មិនដែលដកសមាជិកភាពរបស់ប្រទេសណាមួយ ក្នុងប្រវត្តិរបស់ខ្លួនឡើយ។
តាមរយៈសារដែលបង្ហោះលើគណនីហ្វេសប៊ុក អ្នកនាំពាក្យរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖«កោតតែថ្មីៗនេះ មានជនអគតិមួយចំនួន ខិតខំបំពុលបរិយាកាស ដោយបំភ្លៃថា អង្គការសហប្រជាជាតិ បានដកអាសនៈរបស់កម្ពុជា»។ ទោះជាមិននិយាយឲ្យចំក្តី តែអ្នកដែលមន្ត្រីក្រសួងការបរទេស ចង់សំដៅនោះ គឺគ្មានអ្នកណាផ្សេងក្រៅពីលោក សម រង្ស៊ី និងអតីតក្រុមអ្នកប្រឆាំងនោះទេ។
បើតាមលោក កេត សោផាន់ កម្ពុជា មិនត្រឹមតែមិនត្រូវបានដកចេញសមាជិកភាពនោះទេ តែនៅធ្វើជាអនុប្រធាននៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាតិក្នុងឆ្នាំនេះថែមទៀត។ លោក រម្លឹកថា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាតិ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
សម្តេច ហ៊ុន សែន ក៏ធ្លាប់ប្រតិកម្មដែរ ចំពោះមតិរបស់អតីតអ្នកប្រឆាំង ដែលថាកម្ពុជា ប្រឈមនឹងការបាត់សមាជិកភាពពីអង្គការសហប្រជាជាតិ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មេដឹកនាំកម្ពុជារូបនេះ បាននិយាយខ្លាំងៗថា៖«រហូតដល់អ្នកខ្លះ ឃោសនាថា មានការព្យួរអាសនៈកម្ពុជា។ អ្នកណាក្បាលធំ អ្នកណាថ្លើមធំ នៅលើលោកនេះ ដែលហ៊ានដកអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ?»។
ក្នុងរយៈកាលចុងក្រោយនេះ អតីតក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស តែងអះអាងថា អង្គការសហប្រជាជាតិ នឹងទុកអាសនៈកម្ពុជា ឲ្យនំនេរ។ សម្រាប់អតីតអ្នកប្រឆាំង មូលហេតុ ដែលអង្គការសហប្រជាជាតិ អាចនឹងធ្វើបែបនេះ គឺមកពីរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ កើតចេញពីការបោះឆ្នោតក្លែងក្លាយ និងមិនមានលក្ខណស្របច្បាប់៕
Tag:
UN
កេត សោផាន់
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com