ជាតិ
សម្ដេច ហ៊ុន សែន ៖ កម្ពុជា មាន​សក្តានុពល​ខ្ពស់ទាញយក​ប្រយោជន៍ ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤
26, Sep 2018 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បានសម្រេច​ដាក់ចេញ​វិធានការ​៣​ចំណុច ដើម្បី​បង្កើន​ឱកាស​ច្នៃប្រឌិត លើ​វិស័យ​ទេសចរណ៍ ឲ្យ​ស្រប​តាមបែប​បច្ចេកវិទ្យា​ឌីជីថល (Tourism and the Digital Transformation) ។​សម្រាប់​រដ្ឋាភិបាល កម្ពុជា គឺជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ទាញយក​ប្រយោជន៍ ពី​បដិវត្ត​ឧស្សាហកម្ម​ទី​៤​នេះ​។ បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក បាន​ប្រារព្វ​ទិវា​ទេសចរណ៍​ពិភពលោក នៅ​ថ្ងៃទី​២៧ កញ្ញា​នេះ ក្រោម​ប្រធានបទ «​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្ដូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​»​។​

 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​ហើយ ក្នុងការ​សម្រប​ខ្លួន នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដែល​កំពុង​បង្ហាញ​ពី​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅក្នុង​ពិភពលោក និង​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​ការកំណត់​ឡើងវិញ នូវ​កត្តាផលិតកម្ម ឥរិយាបទ​ប្រើប្រាស់ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​ក្នុងនោះ​រួមមាន ការប្រើប្រាស់​បច្ចេកវិទ្យា បញ្ញា​សប្ប​និមិត្ត​(AI) ការប្រើប្រាស់​មនុស្ស​យន្ត (Robot) ការបោះ​ពុ​ម្ភ 3D ជាដើម​។ 
 
​ប្រមុខ​រដ្ឋាភិបាល ទទួលស្គាល់ថា បច្ចេកវិទ្យា​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​យ៉ាង​លឿន ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុង​វិស័យ​ផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម​ទេសចរណ៍ ធុរកិច្ច រដ្ឋបាល​សាធារណៈ និង​បច្ចេកវិទ្យា​។​
 
​ទន្ទឹមនឹង​ការមើលឃើញ​ពី​ភាព​វិជ្ជមាន នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ទេសចរណ៍​នេះ រដ្ឋាភិបាល ក៏​មានការ​ក្តីកង្វល់​ចំពោះ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​នេះ ដែល​នាំមក​នូវ​បញ្ហា​ប្រឈម​មួយចំនួន​សម្រាប់​កម្ពុជា ដូចជា​ការបាត់​បង់កា​រងារ ការទាមទារ​ឲ្យ​មនុស្ស​មានការ​អប់រំ និង​ជំនាញ​ខ្ពស់ ការទទួលបាន​នូវ​ផលប្រយោជន៍​កាន់តែ​មិន​ស្មើគ្នា ទាំង​ផ្នែក​ចំណេះដឹង និង​បច្ចេកវិទ្យា ឧក្រិដ្ឋកម្ម ឬ​បទល្មើស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សន្តិសុខ​តំបន់​ទាំងមូល និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត (Cyber Security) ។​
 
​ដូច្នេះ​ដើម្បី​ចាប់យក​ការអភិវឌ្ឍ​ជា​វិជ្ជមាន និង​កាត់បន្ថយ​កង្វល់ ដែល​ធានា​ឲ្យ​បាន​នូវ​ទស្សនទាន «​បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍​/ វិស័យ​ទេសចរណ៍​សម្រាប់​បច្ចេក​វិទ្យា​ទំនើប​» ឬ​អាច​ហៅ​បាន​ថា «​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​វៃឆ្លាត​» នេះ សម្ដេច ហ៊ុន សែន បានសម្រេច​អនុវត្ត​នូវ​វិធានការ​៣​ចំណុច​រួមមាន​៖  ចំណុច​ទី​១ ការផ្សារភ្ជាប់​ចក្ខុវិស័យ​ទេសចរណ៍ ឆ្នាំ​២០៣០ រួមជាមួយ​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បរិ​យា​ប័ន្ន ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ ព្រមទាំង​រួមបញ្ចូល​កម្មវិធី​អភិវឌ្ឍន៍​សំខាន់ៗ លើ​ផ្នែក​បច្ចេកវិទ្យា​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ សំដៅ​ធានា​ឲ្យ​បាន​ថា «​ការប្រើប្រាស់​នវានុវត្តន៍ និង​ភាពជឿនលឿន​បច្ចេកវិទ្យា និង​ផ្ដល់​ឲ្យ​វិស័យ​ទេសចរណ៍​នូវ​កាលានុវត្តភាព ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​វិស័យ​ទេសចរណ៍​។ ការជំរុញ​បរិ​យា​ប័ន្ន​ភាព​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ការលើកកម្ពស់​សិទ្ធិអំណាច​ដល់​សហគមន៍​មូលដ្ឋាន និង​ការគ្រប់គ្រង​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចូលរួម​សម្រេចបាន​នូវ​របៀបវារៈ​ផ្សេងៗ​ទៀត នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ និង​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ ១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​
 
​ចំណុច​ទី​២ រៀបចំ​កម្មវិធី​ពង្រឹង​សមត្ថភាព​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ តាមរយៈ​ការលើកកម្ពស់​ជា​គុណភាព​នៃ​ការអប់រំ​កម្រិត​ខ្ពស់ ការបណ្ដុះបណ្ដាល​ជំនាញ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ទេសចរណ៍ ឲ្យ​ស្របតាម​និន្នាការ​នៃ​ការរីកចម្រើន​បច្ចេកវិទ្យា និង​ឌី​ជី​ថ​លូ​ប​នីយកម្ម និង​ទី​៣ លើកកម្ពស់​ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ពង្រឹង​នូវ​សមត្ថភាព​សហគ្រិនភាព ក្នុងការ​រៀបចំ​គំរូ​ធុរកិច្ច បង្កើត​ការងារ​ថ្មី និង​តម្រង់ទិស​ថ្មី​របស់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​។​
 
​លិខិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន អបអរ​ទិវា​ទេសចរណ៍​ពិភពលោក បាន​សរសេរ​ដូច្នេះ​ថា​៖ «​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់ ក្នុងការ​ចាប់យក​នូវ​ប្រយោជន៍ ដែល​កើតចេញពី​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយហេតុថា ១. ភាគលាភ​ប្រជាសាស្ត្រ ដោយសារ​ការកើនឡើង​នូវ​ចំនួន​យុវជន​មានចំណេះដឹង និង​និន្នាការ​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​លឿន​។ ២. ការកើនឡើង​នឿន​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត និង​ទូ​ស័ព្ទ​វៃឆ្លាត​ជាមួយ​អត្រា​ប្រើប្រាស់​ទូរស័ព្ទដៃ​ខ្ពស់​។​
៣. លំហូរ​នៃ​ការវិនិយោគ​ក្រៅប្រទេស​ដែល​នាំមក​នូវ​បច្ចេកវិទ្យា​។ ៤. ឌីជីថល​រូបនីយកម្ម បាននិងកំពុង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យសេដ្ឋកិច្ច​សំខាន់ៗ តួយ៉ាង​ដូចជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក ស្រប​ពេលដែល​ភ្ញៀវទេសចរ​កំពុង​សម្រប​ខ្លួន​ជា​បណ្ដើរៗ ក្នុងការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទាំងនេះ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល រំពឹងថា ចំណុច​ខាងលើនេះ នឹង​ជះឥទ្ធិពល​វិជ្ជមាន ដល់​ការរីកចម្រើន​នៃ​វិស័យ​ទេសចរ​កម្ពុជា លើ​គ្រប់​ទិដ្ឋភាព​រាប់ទាំង​ការគ្រប់គ្រង ការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ជាដើម​។​
 
​បច្ចុប្បន្ននេះ ឌីជីថល​រូបនីយកម្ម បានក្លាយ​ទៅជា​កាលី​ករ​កំណើន​ថ្មី​មួយ តាមរយៈ​ការបង្កើន​ផលិតផល និង​ប្រសិទ្ធភាព​ការងារ និង​អនុញ្ញាត​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មានលទ្ធភាព​ផ្សារភ្ជាប់​ទៅនឹង​ច្រ​វ៉ា​ក់​ផលិតកម្ម​តំបន់ និង​ពិភពលោក​។ ជាពិសេស​ស្វែងរក​នវានុវត្តន៍​ភាំ​ព​នៅក្នុង​ទំនិញ ឬ​សេវាកម្ម​ថ្មីៗ និង​ឲ្យ​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​អភិវឌ្ឍន៍​តិចតួច ឬ​មាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​អាច​ចាប់យក​បច្ចេកទេស​វិទ្យា​ថ្មីៗ ដើម្បី​មានឱកាស​អាច​ហក់​ឡើង រំលង​ឧស្សាហកម្ម​បែប​ប្រពៃណី ចូលក្នុង​ឧស្សាហកម្ម​បែប​ទំនើប​នេះ​។​
 
​ទិវា​ទេសចរណ៍​ពិភពលោក គឺជា​ព្រឹត្តិការណ៍​មួយ ដែល​ជំរុញ​ភាគី​ពាក់ព័ន្ធ​នានា រួមមាន ផ្នែក​សាធារណៈ ផ្នែក​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​កាន់តែ​យល់ច្បាស់​អំពី​តួនាទី និង​អត្ថប្រយោជន៍​ទេសចរណ៍ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​៕
​ 

Tag:
 ​ហ៊ុន សែន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com