អន្តរជាតិ
លោក ត្រាំ ថា អាមេរិក​នឹង​ផ្ដល់ជំនួយ​ឲ្យ​ប្រទេស​ណា​ជា​សម្ព័ន្ធមិត្ត​ខ្លួន​ប៉ុណ្ណោះ​
26, Sep 2018 , 3:07 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព AFP)
​នា​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៥ ខែកញ្ញា បានប្រកាសថា លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ពិនិត្យ​ការផ្ដល់​ជំនួយ​របស់​អា​មេ​រិ​ក​ទៅកាន់​បរទេស​។ មូលហេតុ​ដែល​លោក ត្រាំ បញ្ជា​បែបនេះ គឺ​ដោយសារ​ជំនួយ​របស់​អាមេរិក​នា​ពេលកន្លងមក​មាន​ទំហំ​សន្ធឹកសន្ធាប់ តែ​ប្រទេស​តិចតួច​ណាស់​ដែល​បាន​ជួយ​អាមេរិក​វិញ​។

 
​ចំពោះមុខ​មេដឹកនាំ​បណ្ដា​ប្រទេស​តូចធំ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៧៣ មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ផ្ដាច់ជំនួយ​ឲ្យ​ប្រទេស​ណា​ដែល​មិន​ជួយ​អាមេរិក​វិញ​។ ជាមួយនឹង​កា​អះអាងថា អាមេរិក​ជា​ប្រទេស​ផ្ដល់ជំនួយ​ធំជាងគេ​របស់​ពិភពលោក លោក ត្រាំ បានបង្ហាញ​ការ​អាក់អន់ចិត្ត​ព្រោះ​មាន​ប្រទេស​មិន​ច្រើន​ឡើយ​ដែល​បាន​ជួយ​អាមេរិក​វិញ​នោះ​។ តែ​លោក​មិនបាន​និយាយថា ជួយ​តាមរបៀប​ណា​ឡើយ​។​
 
​ក្នុង​សុន្ទរកថា​ជាង​៣០​នាទី លោក ត្រាំ បាន​និយាយ​ពី​ប្រធានបទ​សំខាន់​ជាច្រើន ជាពិសេស​នយោបាយ​ដែល​គិតពី​ប្រយោជន៍​របស់​អាមេរិក​មុនគេ និង​ការរក្សា​តួនាទី​របស់​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​។ ដោយសារតែ​មិន​ពេញចិត្ត​ប្រទេស​ដែល​មិន​ជួយ​អាមេរិក​វិញ លោក ត្រាំ ក៏​ប្រកាស​រឹតបន្តឹង​ការផ្ដល់​ជំនួយ​បរទេស​។ លោក​បាន​ចាត់​ឲ្យ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ដឹកនាំ​កិច្ចការ​ត្រួតពិនិត្យ​ជំនួយ​ឡើងវិញ​។​
 
«​យើង​នឹង​គិតគូរ​អ្វីដែល​បាន​ផល អ្វីដែល​មិនបាន​ផល ហើយ​ថា តើ​ប្រទេស​ដែល​ទទួល​លុយ​ដុល្លារ​របស់​យើង និង​ការការពារ​របស់​យើង មានបាន​គិតគូរ​ពី​ប្រយោជន៍​របស់​យើង​ក្នុង​បេះដូង​ពួកគេ​ឬទេ​។​» នេះ​ជា​លើកឡើង​របស់​មេដឹកនាំ​ប្រទេស​មហាអំណាច​ដ៏​ធំ​របស់​ពិភពលោក ដែល​បន្ថែមថា ចាប់ពីពេលនេះ អាមេរិក​នឹង​ផ្ដល់ជំនួយ​ដល់​ប្រទេស​ដែល​គោរព​អាមេរិក ហើយ​បើ​និយាយ​ឲ្យ​ត្រង់ គឺ​មិត្ត​អាមេរិក​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យោងតាម​របាយការណ៍​របស់​អង្គការ The Borgen Project ដែល​ធ្វើការ​លើ​ការប្រយុទ្ធប្រឆាំង​ភាពក្រីក្រ​សាកល ប្រទេស​ដែល​ទទួល​ជំនួយ​អាមេរិក​ធំជាងគេ​ក្នុង​ឆ្នាំ​២០១៨ គឺ​អ៊ីស្រាអែល​ចំនួន​៣.១​ពាន់​លាន​ដុល្លារ អេ​ហ្ស៊ី​ប​ចំនួន​១.៣៩​ពាន់​លាន​ដុល្លារ និង​ហ្ស៊​កដា​នី​ចំនួន​១​ពាន់​លាន​ដុល្លារ​។ ប្រទេស​ទាំងនេះ​សុទ្ធតែជា​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​អាមេរិក​។ 
 
​តាំងពីដើម​មក រដ្ឋបាល​លោក ត្រាំ មិនដែល​លាក់លៀម​ឡើយ​រឿង​ជំនួយ​បរទេស​នេះ ហើយ​តែងតែ​ចង់​ឲ្យ​ប្រទេស​ដែល​ទទួល​ជំនួយ​ខ្លួន​ធ្វើ​អ្វី​តបស្នង​វិញ​ដែរ​។ កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ពេលដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​បោះឆ្នោត​ថ្កោលទោស​អាមេរិក​រឿង​ប្ដូរ​ស្ថានទូត​ទៅកាន់​ហ្ស៊េ​រុយ​សា​ឡិ​ម​នោះ អាមេរិក​បាន​គំរាម​កត់​ឈ្មោះ​ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ ដើម្បី​ចាត់វិធានការ​ផ្សេងទៀត​រាប់ទាំង​រដ្ឋ​ទទួល​ជំនួយ​អា​មេ​រក​ផង​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com