ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន សម្រេច​ឲ្យ​ការិយាល័យ​អង្គការសិទ្ធិមនុស្ស​ UN បន្ត​នៅ​កម្ពុជា រយៈពេល​២​ឆ្នាំ​ទៀត​
29, Sep 2018 , 12:31 pm        
រូបភាព
​ភ្នំពេញ​៖  រដ្ឋាភិបាល បានសម្រេច​បន្ត​ឲ្យ​ការិយាល័យ​អង្គការសិទ្ធិមនុស្ស​រប​ស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា រយៈពេល​២​ឆ្នាំ​ទៀត​។ នេះ​ជាការ​សម្រេច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួយ​ជាមួយ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៩ កញ្ញា ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​


​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ សម្ដេច ហ៊ុន សែន លើកយក​ករណី​ចំនួន​៣ ទៅ​និយាយ​ជាមួយ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​ប្រតិបត្តិកា​រ​គ្នា​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ​។ ក្នុង​ចំណុច​ទាំងនេះ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពេញលេញ​ក្នុងការ​បន្តធ្វើ​ការងារ ជាមួយ​អង្គការសហប្រជាជាតិ (UN) ស្តីពី​សិទ្ធមនុស្ស​។ 
​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​៖«​ពាក់ព័ន្ធ​ទៅនឹង​ការិយាល័យ​អង្គការ​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ដែល​គ្រោង​នឹង​ចប់​កិច្ចព្រមព្រៀង​នៅ​ចុងឆ្នាំ​២០១៨​នេះ សម្តេច​បានអនុញ្ញាត​ឲ្យ​បន្ត​រយៈពេល​២​ឆ្នាំ​ទៀត ។​ហើយ​នៅក្នុង​ខែតុលា​ខាងមុខ គឺ​នៅពេលដែល​សម្តេច​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះ នឹងមាន​ការចុះហត្ថលេខា​រវាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយនិង​តំណាង​ស្នងការ​សិទ្ធមនុស្ស​នៃ​អង្គការសហប្រជាជាតិ​»​។​
 
​ចំណុច​ទី​២ ដែល​ទាក់ទង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​អង្គការសហប្រជាជាតិ ស្តីពី​សាលាក្តី​ខ្មែរក្រហម​នៅ​កម្ពុជា​វិញ សម្តេច ហ៊ុន សែន បាន​និយាយថា កម្ពុជា​នឹង​បន្តសកម្មភាព ដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក គឺ​ការបង់​ថវិកា​លើ​ការចំណាយ​របស់​មន្ត្រី​បុគ្គលិក​កម្ពុជា ដែល​ធ្វើការ​នៅ​សាលាក្តី​ខ្មែរក្រហម តាម​ការស្នើ​របស់​អង្គការសហប្រជាជាតិ​។ បន្ថែម​ពីនេះ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា កម្ពុជា​នឹង​បន្ត​ប​ញ្ចូ​ន​កងទ័ព​មួក​ខៀវ​ថែមទៀត ទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ណា ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុងការ​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ធម៌​នៅក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។​
 
​កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការជួយ​ដល់​អង្គការសហប្រជាជាតិ ជាពិសេស​វត្តមាន​កង​ទ័ព​មួក​ខៀវ​ដែល​ពោរពេញ​ទៅដោយ​វិន័យ និង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។ នេះ​ជាការ​ឆ្លើយតប​របស់លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ដែល​ត្រូវបាន​រំលេច​លើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​
 
​លោក ហ្គូ​តេ​រ៉េ​ស បាន​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ និង​កម្ពុជា ក៏ដូចជា​រវាង​អង្គការសហប្រជាជាតិ ជាមួយ​អាស៊ាន គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​។ « អង្គការសហប្រជាជាតិ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញលេញ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ ជាមួយ​កម្ពុជា ក៏ដូចជា​រវាង​អង្គការសហប្រជាជាតិ​និង​ជាមួយ​អាស៊ាន​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ដែល​ថ្លែង​អរគុណ​សម្ដេច ហ៊ុន សែន ចំពោះ​ការបន្ត​អាណត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា រយៈពេល​២​ឆ្នាំ​បន្តទៀត​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល ធ្លាប់បាន​ព្រមាន​បញ្ឈប់​ប្រតិបត្តិការ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៦ ដោយសារ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​មន្ត្រី​ស្ថាប័ន​នេះ ដែល​រដ្ឋាភិបាល បាន​ចាត់ទុកថា ពួកគេ​បានធ្វើ​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ក្រោយមក រដ្ឋាភិបាល ក៏បាន​យល់ព្រម​ចុះ​អនុស្សរណៈ​យោគយល់​ជាថ្មី ដោយ​ឲ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មាន​វត្ត​មាននៅ​កម្ពុជា រយៈពេល​២​ឆ្នាំ​ទៀត ពោលគឺ​ផុត​អាណត្តិ​នៅ​ខែតុលា ឆ្នាំ​២០១៨ ។ ការអនុញ្ញាត​របស់រ​ដ្ឋា​ភិ​បាល​នេះ គឺ​បាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ឲ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​នេះ អនុវត្តតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងការ​ចៀសវាង​លូកដៃ​ចូល​អធិបតេយ្យភាព​រដ្ឋ​ឯករាជ​៕
 
 

Tag:
 ហ៊ុន សែន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com