ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន សម្រេចឲ្យការិយាល័យអង្គការសិទ្ធិមនុស្ស UN បន្តនៅកម្ពុជា រយៈពេល២ឆ្នាំទៀត
× ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចបន្តឲ្យការិយាល័យអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា រយៈពេល២ឆ្នាំទៀត។ នេះជាការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួយជាមួយលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ កញ្ញា ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងជំនួបពិភាក្សាគ្នានេះ សម្ដេច ហ៊ុន សែន លើកយកករណីចំនួន៣ ទៅនិយាយជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលពាក់ព័ន្ធនឹងកិច្ចសហការប្រតិបត្តិការគ្នារវាងកម្ពុជា និងអង្គការសហប្រជាជាតិ។ ក្នុងចំណុចទាំងនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពិតជាមានឆន្ទៈពេញលេញក្នុងការបន្តធ្វើការងារ ជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធមនុស្ស។
បើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះ៖«ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលគ្រោងនឹងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ សម្តេចបានអនុញ្ញាតឲ្យបន្តរយៈពេល២ឆ្នាំទៀត ។ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះ នឹងមានការចុះហត្ថលេខារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ»។
ចំណុចទី២ ដែលទាក់ទងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជាវិញ សម្តេច ហ៊ុន សែន បាននិយាយថា កម្ពុជានឹងបន្តសកម្មភាព ដែលធ្លាប់បានអនុវត្តកន្លងមក គឺការបង់ថវិកាលើការចំណាយរបស់មន្ត្រីបុគ្គលិកកម្ពុជា ដែលធ្វើការនៅសាលាក្តីខ្មែរក្រហម តាមការស្នើរបស់អង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជានឹងបន្តបញ្ចូនកងទ័ពមួកខៀវថែមទៀត ទៅបំពេញបេសកកម្មនៅប្រទេសណា ដែលត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
កម្ពុជាពិតជាមានឆន្ទៈពិតប្រាកដ ក្នុងការជួយដល់អង្គការសហប្រជាជាតិ ជាពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ នេះជាការឆ្លើយតបរបស់លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលត្រូវបានរំលេចលើហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
លោក ហ្គូតេរ៉េស បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ « អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិនិងជាមួយអាស៊ាន»។ នេះជាការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលថ្លែងអរគុណសម្ដេច ហ៊ុន សែន ចំពោះការបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា រយៈពេល២ឆ្នាំបន្តទៀត។
គួរបញ្ជាក់ថា រដ្ឋាភិបាល ធ្លាប់បានព្រមានបញ្ឈប់ប្រតិបត្តិការរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីចុងឆ្នាំ២០១៦ ដោយសារមិនពេញចិត្តចំពោះសកម្មភាពរបស់មន្ត្រីស្ថាប័ននេះ ដែលរដ្ឋាភិបាល បានចាត់ទុកថា ពួកគេបានធ្វើសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រោយមក រដ្ឋាភិបាល ក៏បានយល់ព្រមចុះអនុស្សរណៈយោគយល់ជាថ្មី ដោយឲ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានវត្តមាននៅកម្ពុជា រយៈពេល២ឆ្នាំទៀត ពោលគឺផុតអាណត្តិនៅខែតុលា ឆ្នាំ២០១៨ ។ ការអនុញ្ញាតរបស់រដ្ឋាភិបាលនេះ គឺបានភ្ជាប់ជាមួយលក្ខខណ្ឌឲ្យស្ថាប័នសិទ្ធិមនុស្សមួយនេះ អនុវត្តតាមធម្មនុញ្ញអង្គការសហប្រជាជាតិឲ្យបានត្រឹមត្រូវ ក្នុងការចៀសវាងលូកដៃចូលអធិបតេយ្យភាពរដ្ឋឯករាជ៕
© រក្សាសិទ្ធិដោយ thmeythmey.com