កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ក្រុម​ពី​អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​អ៊ីតាលី​សុទ្ធតែ​ឈ្នះ ខណៈ​ក្រុម​អង់គ្លេស​ចាញ់​ទាំងពីរ​
04, Oct 2018 , 11:08 am        
រូបភាព
ដោយ: រួបរួម
Tottenham Hotspur និង Liverpool សុទ្ធតែ​រង​បរាជ័យ​នា​ការប្រកួត​សប្តាហ៍​ទី​ពីរ​វគ្គ Group Stage នៃ​ក្របខណ្ឌ UEFA Champions League កាលពី​រាត្រី​ថ្ងៃ​ពុធ​។  ចំណែក​ឯក Messi, Neymar, Griezmann, Reys និង Nainggolan សុទ្ធតែ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​សម្រាប់​ជ័យជម្នះ​របស់​ក្រុម​រៀងៗ​ខ្លួន​។​


 
​នៅក្នុង​ពូ​ល A ក្រុម Borussia Dortmund និង Atletico Madrid សុទ្ធតែ​ដណ្តើមបាន​៣​ពិន្ទុ​បន្ថែមទៀត​នៅក្នុង​ទឹកដី​។ Jacob Bruun Larsen, Francisco Alcacer និង Marco Reus បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​ក្នុង​ជ័យជម្នះ ៣-០ របស់ Dortmund លើ Monaco​។ 
 
​ជាមួយគ្នានេះ Antoine Griezmann រកបាន​២​គ្រាប់ និង Koko បន្ថែម​១​គ្រាប់ ខណៈ Atletico Madrid ឈ្នះ Club Brugge របស់​បែលហ្ស៊ិក ៣-១ ។ មួយ​គ្រាប់​របស់ Brugge រកបាន​ដោយ Arnaut Groeneveld​។ 
 
​សម្រាប់​ពូ​ល B ក្រុម Barcelona និង Inter Milan ក៏​រកបាន​៣​ពិន្ទុ​បន្ថែមទៀត​ផងដែរ​នៅក្រៅ​ដី​។ Lionel Messi ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ​របស់ Barcelona ៤-២ លើ​ម្ចាស់ផ្ទះ Tottenham Hotspur ដោយ​២​គ្រាប់​ដំបូង​សម្រេចបាន​នៅ​តង់​ទីមួយ ដោយ Philippe Coutinho និង Ivan Rakitic ខណៈ Harry Kane និង Erik Lamela ជា​អ្នក​ដែល​រក​គ្រាប់​បញ្ចូល​ទី​ឲ្យ Spurs​។​
 
​នៅ​ទឹកដី PSV Eindhoven កីឡាករ Radja Nainggolan និង Maura Icardi របស់ Inter Milan បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​ដើម្បី​វាយបក​តាម​ពីក្រោយ​ការនាំ​មុខ​របស់ Pablo Rosario នៃ​ក្រុម​ម្ចាស់ផ្ទះ ដោយ​បញ្ចប់​ក្នុង​លទ្ធផល ២-១ ។​
 
​ចំណែក​ពូ​ល C ក្លិប Paris Saint Germain ស្តារ​ការខកចិត្ត​រប​ស់​ខ្លួន​កាលពី​ជើង​ទីមួយ តាមរយៈ​ជ័យជម្នះ ៦-១ លើ​ក្រុម​ភ្ញៀវ FK Crvena Zvezda ពី​ស៊ែ​ប៊ី​។  Neymar រកបាន​៣​គ្រាប់ Edinson Cavani, Angel Di Maria និង Kylian Mbappe បន្ថែម​ម្នាក់​១​គ្រាប់ ខណៈ​១​គ្រាប់​របស់​ភ្ញៀវ សម្រេចបាន​ដោយ Marko Marin​។​
 
​ជាមួយគ្នានេះ Napoli ឡើងទៅ​ឈរ​លេខ​១​បណ្តោះអាសន្ន​ក្នុង​ពូ​ល ដោយ Lorenzo Insigne រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​ចុង​ម៉ោង ដើម្បី​ដណ្តើមបាន​បី​ពិន្ទុ​ពី​ភ្ញៀវ Liverpool ជាមួយនឹង​លទ្ធផល ១-០ ។​
 
​ដោយឡែក​នៅក្នុង​ពូ​ល D ក្រុម FC Porto និង Schalke 04 សុទ្ធតែ​ទទួលបាន​ជ័យជម្នះ ១-០ នា​ការប្រកួត​សប្តាហ៍​ទី​ពីរ​។ នៅ​ទឹកដី​រុស្ស៊ី​របស់​ក្រុម Lokomotiv Moscow កីឡាករ Weston McKennie បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​២​នាទីចុងក្រោយ​មុន​បញ្ចប់​ការប្រកួត​ដើម្បី​នាំ​ជ័យជម្នះ​សម្រាប់ Schalke 04​។​
 
​រីឯ​នៅ​ទឹកដី FC Porto វិញ កីឡាករ Moussa Marega បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​ដើមតង់​ទី​ពីរ ដើម្បី​នាំ​ឲ្យ Porto ដណ្តើមបាន​៣​ពិន្ទុ​ពី​ភ្ញៀវ​តួ​ក​គី Galatasaray៕
 

Tag:
 បាល់ទាត់​
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com