អន្តរជាតិ
សន្ទុះ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​​មិន​ធ្លាប់មាន​ចាប់ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល ឯ​សង្គ្រាម​ពាណិជ្ជកម្ម​បន្ត​ឆេះ​
22, Oct 2018 , 10:19 am        
រូបភាព
ដោយ:
​កំណើនសេដ្ឋកិច្ច​ចិន​នៅ​ត្រីមាស​ទី​បី​នេះ​ចុះ​ដល់​ទាប​បំផុត គិត​ត្រឹម​រយៈពេល​៩​ឆ្នាំ​ចុង​ក្រោយនេះ​។ សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺតយ៉ាវ ស្រប​ពេលដែល​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បន្ត​ឆាបឆេះ​ទៅមុខ​នោះ​។

 
 
​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​នេះ​មាន​កំណើនសេដ្ឋកិច្ច​ត្រឹម ៦,៥% ក្នុង​ត្រីមាស​ទី​បី ដែល​គិត​ចាប់ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គភាព​ស្ថិតិ​ចិន​។ 
 
​តាម​ទិន្នន័យ​ថ្មី​នេះ គេ​អាច​សន្និដ្ឋានបានថា សន្ទុះ​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ក្នុងស្ថានភាព​អាក្រក់​បំផុត​មួយ បើ​គិត​ចាប់ពី​ឆ្នាំ​២០០៩ មក ពោល​គឺជា​ពេលដែល​ពិភពលោក​កំពុង​ប្រទះ​វិបត្តិ​សេដ្ឋកិច្ច​។ 
 
​តួលេខ​ថ្មី​នេះ​បង្ហាញថា អត្រាកំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់់ចុះ​ពី​ចំនួន ៦,៨% និង​៦,៧% កាលពី​ត្រីមាស​មុនៗ​ក្នុង​ឆ្នាំ​២០១៨ ។ ប៉ុន្តែ​ទោះបី​ធ្លាក់ចុះ​ក្តី វា​នៅតែ​ជា​កម្រិត​មួយ​ដែល​ស្ថិត​តាម​ការ​ព្យាករ​របស់​ក្រុង​ប៉េកាំង​នា​ឆ្នាំនេះ​ដដែល​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​អង្គភាព​ស្ថិតិ​ចិន Mao Shengyong បាន​លើកឡើងថា ចិន​បាន​ប្រឈមមុខ​នឹង​បរិយាកាស​សេដ្ឋកិច្ច​ដ៏​ស្មុគស្មាញ​នៅក្រៅ​ប្រទេស ក៏ដូចជា​បញ្ហា​កំណែទម្រង់ និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ដែរ​។ 
 
​ពេលនេះ​ក្រុង​ប៉េកាំង​កំពុង​ផុងខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ដោយ​ភាគី​ទាំងពីរ​បាន​បន្ត​ដំឡើង​ពន្ធ​ប្រឆាំង​គ្នា​ទៅវិញទៅមក ដែល​គិត​ជា​ទឹកប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ​ទៅហើយ​។ បញ្ហា​ទាំងនេះ​បាន​បង្កក្តី​បារម្ភ​អំពី​ឥទ្ធិពល​នៃ​សង្គ្រាម​នេះ​លើ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កំណើនសេដ្ឋកិច្ច​ដ៏​យឺត​យ៉ាងនេះ​ក៏បាន​កើតឡើង​ចំពេល ក្រុង​ប៉េកាំង​កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ការកើនឡើង​នៃ​បំណុល​រដ្ឋ​ដ៏​ច្រើន​លើស​លុប ដែល​វា​កើតឡើង​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​ការវិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ដែរ​។ 
 
​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​បាន​ល្អក់កករ​ខ្លាំង​ក្នុងឆ្នាំនេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដំឡើង​ពន្ធ​នាំចូល​ជា​បន្តបន្ទាប់​លើ​ទំនិញ នាំចូល​ពី​ចិន​។ ភាគច្រើន​នៃ​ទំនិញ​ទាំងនោះ​មានដូចជា រថយន្ត​, គ្រឿងចក្រ​, និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។ ក្រោយ​ការដំឡើង​ពន្ធ​នេះ​បាន​ចូល​ជា​ធរមាន រោងចក្រ​ជាច្រើន​បានសម្រេច​រើ​ទីតាំង​ចេញពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ផ្សេងទៀត ហើយ​ក្នុងនោះ​ភាគច្រើន​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​តម្លៃ​កម្លាំង​ពលកម្ម​ថោក​តែម្តង​៕
 

Tag:
 ​ចិន​
  សេដ្ឋកិច្ច​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com