ជាតិ
ពុល​ស្រា​៖ តុលា​ការចេញ​ដីកាឃុំខ្លួន អ្នក​ផលិត​ស្រាស ក្រោម​បទ​ ​«​មនុស្សឃាត​ដោយ​អ​ចេតនា​»
22, Oct 2018 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រចេះ​៖ តុលាការ ចេញ​ដីកាឃុំខ្លួន អ្នក​ផលិត​ស្រា​«​ស​»​ម្នាក់ ក្រោម​បទ​«​មនុស្សឃាត​ដោយ​អ​ចេតនា​»​។ ការឃុំខ្លួន​នេះ ធ្វើឡើង​ក្រោយពី​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ពុល​ស្រា កាលពីពេល​ថ្មីៗ​នេះ រហូតដល់​មាន​មនុស្ស​ស្លាប់​ដោយសារ​ការពុល​ស្រា​នេះ ៥​នាក់​ទៀតផង​។​


 
​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាខេត្ត​ក្រចេះ លោក អេង ចំនាប់ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​នាំខ្លួន​ជន​ដែល​ត្រូវ​ចោទ មានឈ្មោះ កុ​ច សុខ​ហេង ទៅ​ពន្ធនាគារ​ខេត្តក្រចេះ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី រហូតដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។ ចំណែក​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅពេល​ត្រូវ​បង្ហាញ​ដីកា​នេះ សហការ​អនុវត្ត​ឲ្យ​បានល្អ ក្នុងករណី​ចាំបាច់​។​
 
​កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​ពុល​ស្រា​នៅ​ខេត្តក្រចេះ ដែល​បង្ក​ឲ្យ​មាន​អ្នករងគ្រោះ សរុប​មាន​ចំ​នួ​៧៨​នាក់ ស្រី​ចំនួន​១៧​នាក់ ។ មកដល់​ថ្ងៃទី​២០​នេះ ពលរដ្ឋ​ដែល​ធូរស្បើយ​ចំនួន​៤២​នាក់ បាន​ត្រឡប់ទៅផ្ទះ​វិញ​ផងដែរ ខណៈ​ចំនួន​អ្នកស្លាប់​កើនឡើង​៥​នាក់​។ អ្នករងគ្រោះ​ទាំងនោះ​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​មិនមាន​ការចំណាយ​ប្រាក់​ឡើយ​។ នេះ​បើតាម​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាងថា ករណី​ពុល​ស្រា​នេះ បណ្ដាលមកពី​អ្នក​បិតស្រា​ខុស​បច្ចេកទេស ធ្វើ​ឲ្យ​មាន​ជាតិ​មេ​តា​ណុល​។ លោក​បញ្ជាក់ថា អាចមកពី​ករណី​មេស្រា ការ​ផ្ងំបាយ និង​ការបញ្ចេញ​ចំហាយ​ស្រា​មិនត្រូវ​តាម​បច្ចេកទេស​ជាដើម​៕
 

Tag:
 ​ពុល​ស្រា​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com