ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
មុនដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ ត្រូវមានក្បួនច្បាស់លាស់!
× របៀបដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ ត្រូវធ្វើតាមដំណាក់កាល និងមានវិធីសាស្រ្តច្បាស់លាស់។ បទពិសោធន៍កន្លងមក បានបង្ហាញឱ្យឃើញថា ការធ្វើជាចង្អូរនៅជុំវិញដើមឈើហូបផ្លែសម្រាប់ដាក់ជី និងស្រោចទឹក អាចជួយឱ្យដើមឈើហូបផ្លែលូតលាស់ និងបានផលល្អ។
ដូចនេះ យើងខ្ញុំសូមលើកយករបៀបអនុវត្តនូវបច្ចេកទេសនេះ មកបង្ហាញដូចតទៅ៖
ក- យើងត្រូវជីកចង្អូរជារាងរង្វង់ជុំវិញគល់ឈើដោយកន្លែងជីកចង្អូរ ត្រូវនៅចំកន្លែងចុងមែករបស់ដើមឈើ ឬកូនឈើនោះ ពីព្រោះជាកន្លែងដែលឫសលូតលាស់ដល់ ហើយជាកន្លែងដែលប្រជុំនូវប្រព័ន្ធឫសដែលស្រូបយកជីជាតិ និងទឹកពីដី (រូបទី១ និងរូបទី២)។ ទំហំរបស់ចង្អូរគឺ ទទឹង ១តឹកកន្លះទៅ ២តឹក ហើយជំរៅប្រហែល ១តឹកកន្លះទៅ ២តឹក។
ខ- បន្ទាប់មកយើងប្រមូលយកស្លឹកឈើ លាមកសត្វ និងជីធម្មជាតិផ្សេងៗ យកមកដាក់បំពេញតាមចង្អូរនេះ។ នៅពេលចង្អូរពេញ យើងអាចលាយដីពីលើថែមបន្តិចៗ (សូមប្រើដីស្រទាប់លើ)។ យើងក៏អាចយកផេះលាយជាមួយដីបន្ថែមបានដែរ។
គ- នៅពេលយើងស្រោចទឹកបន្ថែម យើងស្រោចតែតាមចង្អូរបានហើយ។ ប្រសិនយើងមានជីទឹកសម្រាប់ស្រោចជាការមួយល្អណាស់ ជាពិសេសនៅពេលមុនឈើរៀបចេញផ្លែ ឬកំពុងចេញផ្កាបានបន្តិច។
ឃ- ក្នុងរយៈពេល ២-៣អាទិត្យក្រោយមក សារធាតុសរីរាង្គត្រូវបានពុកបន្តិចម្តងៗ ពេលនោះជីក្នុងរណ្តៅក៏ស្រុតចុះដែរ។ ដូចនេះ យើងត្រូវឧស្សាហ៍ដាក់ជីបន្ថែម។
ដើម្បីចង់ដឹងថាតើវិធីសាស្ត្រដូចរៀបរាប់ខាងលើអាចជួយនាំមកផលល្អ សូមបងប្អូនកសិករធ្វើការជ្រើសរើសប្រភេទឈើហូបផ្លែ (ឧទាហរណ៍ ត្របែក ក្រូចឆ្មារ ពុទ្រា។ល។)។ ចំនួន ៤ ទៅ ៥ដើម ធ្វើការពិសោធន៍ ហើយធៀបជាមួយអ្វីដែលជាទំលាប់របស់បងប្អូន។ យើងសង្ឃឹមថា ការពិសោធន៍របស់បងប្អូនជួបបានលទ្ធផលល្អ។ ប្រភពនៃឯកសារកសិកម្មនេះ ផ្ដល់សិទ្ធដោយលោកបណ្ឌិត យ៉ង សាំងកុមារ។
Tag:
កសិកម្ម
ដំណាំហូបផ្លែ
ដាក់ជី
ស្រោចទឹក
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com