ជាតិ
កុមារី​អាយុ​៦​ឆ្នាំ​ចេះ​ច្រៀង​៤០​បទ មាន​មហិច្ឆតា​ចង់​ក្លាយជា​តារា​ល្បី​
27, Oct 2018 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖​ដោយសារ​ទេពកោសល្យ​សិល្បៈ​ពី​កំណើត ដែល​កុមារី នរោត្តម ចេ​ណា ចូលចិត្ត រាំ​របាំ​បុរាណ ច្រៀង​ចម្រៀង​ដែលជា​ព្រះរាជ​និពន្ធ​របស់ ព្រះបាទ​នរោត្តម សីហនុ ច្រៀង​បទ​ពី​ដើម បទ​សម័យ​បច្ចុប្បន្ន និង​លេង​ឧបករណ៍​ព្យា​ណូ​។ ព្រោះតែ​ស្រឡាញ់​សិល្បៈ​ខ្លាំង ក្នុង​អាយុ​៦​ឆ្នាំនេះ ចេ​ណា មាន​មហិច្ឆតា​ចង់​ក្លាយជា​តារាចម្រៀង​ល្បី​។​

 
​មាន​ឧបនិស្ស័យ​ផ្នែក​សិល្បៈ​តាំងពី​តូច​នេះ ចេ​ណា មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយជា​តារាចម្រៀង​ល្បី​នៅ​ថ្ងៃ​ខាងមុខ ។ កុមារី ចេ​ណា មាន​សម្ថ​ភាព​ច្រៀង និង​រៀន​ភ្លេង​មិនចេះ​ហត់ ថែមទាំង​រៀន​សិល្បៈ​ចេះ​លឿន​ជាង​មនុស្ស​ធម្មតា​។ បទ​ចម្រៀង​ប្រមាណ​៤០​បទ មាន​ទាំង​ចម្រៀង​ជា​ព្រះរាជ​និពន្ធ​របស់ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បទ​ពី​សម័យ​សង្គមរាស្ត្រនិយម រហូតដល់​សម័យ​បច្ចុប្បន្ន ចេ​ណា អាច​ច្រៀង​បាន​យ៉ាង​ស្ទាត់​។ កុមារី ចេ​ណា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចូលចិត្ត​ច្រៀង ខ្ញុំ​ច្រៀង​បាន​៤០​បទ​។ ខ្ញុំ​ចង់​ក្លាយជា​តារា​ល្បី​»​។


 
​លោក ផា សុធា ជា​នាយក​សាលា​សិល្បៈ​តន្ត្រី បាន​និយាយថា ចេ​ណា មាន​សមត្ថភាព​ខ្ពស់​ក្នុង​វិស័យ​សិល្បៈ​។ ក្នុង​មួយថ្ងៃ កុមារី​រូបនេះ​រៀន​ចម្រៀង​ចេះ​មួយ​បទ ដែល​លោក សុធា ថា កម្រ​មាន​មនុស្ស​អាចធ្វើ​បែបនេះ​បាន​។ ដោយ​មើលឃើញ​ពី​ទេពកោសល្យ​ដ៏​កម្រ​នេះ សាលា​សិល្បៈ​តន្ត្រី មាន​គម្រោង​យក​បទ​ចម្រៀង​ដែលមាន​ស្រាប់​ពីមុនៗ យកមក​ផលិត​ជាថ្មី​ឱ្យ ចេ​ណា ច្រៀង​ឡើងវិញ និង​បទ​បង្កើត​ថ្មី​ផង​។ លោក សុធា ថា​សាលា​ចង់​បណ្ដុះ​កុមារី​រូបនេះ ឱ្យក្លាយ​ទៅជា​គំរូ​សម្រាប់​ក្មេង​ដទៃទៀត ក្នុងការ​ដើរទៅ​រកក្ដី​សុបិន​។ 
 
​នេះ​ជាការ​បញ្ជាក់​របស់លោក សុធា ៖«​គាត់​ក្មេង​តែ​គាត់​ចូលចិត្ត​អ្វី​ដែលជា​មនុស្ស​ធំ​។ ដូចជា គាត់​ច្រៀង​បទ​របស់​សម្ដេច​តា ច្រៀង​បទ​សម័យមុន ដែល​មនុស្ស​ធំ​ខ្លះ​គាត់​មិនសូវ​ចូលចិត្ត​ច្រៀង​។ ខ្ញុំ​ឃើញ​គាត់​ពិត​ជាមាន​សក្ដានុពល​ខ្លាំង​មែនទែន គាត់​រៀន​ដូច​មិន​ហត់ គាត់​តែងតែ​អនុវត្ត​ច្រៀង​រហូត​។ មួយថ្ងៃ​គាត់​អាច​រៀន​ចេះ​មួយ​បទ ដែល​មនុស្ស​ធំ​ខ្លះ​មិនអាច​ធ្វើ​បានទេ​»​។


 
​បច្ចុប្បន្ន​កុមារី ចេ​ណា សិក្សា​ពី​បច្ចេកទេស​ច្រៀង និង​រៀន​ព្យា​ណូ នៅក្នុង​សាលា​សិល្បៈ​តន្ត្រី​។ ក្រៅពី​សិល្បៈ​កុមារី​រូបនេះ​ចេះ​និយាយ​ភាសា​ខ្មែរ បារាំង អង់គ្លេស និង​ចិន​៕

 
 

Tag:
 នរោត្តម ចេ​ណា​
  សិល្បៈ​
  តន្ត្រី​
  ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com