រថយន្ត
អន្តរជាតិ
កីឡាករ​១៩​នាក់​មាន​រថយន្ត​ដែលជា​កាដូ​អនុស្សាវរីយ៍​របស់​អតីត​ម្ចាស់​ក្លិប Leicester លោក Vichai
29, Oct 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​យ៉ាងហោចណាស់​កីឡាករ និង​អតីត​កីឡាករ​១៩​រូប​របស់​ក្លិប Leicester City មាន​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​ជាមួយ​លោក Vichai Srivaddhanaprabha ដែលជា​ម្ចាស់​ក្លិប​។ ក្រោយ Leicester City ឈ្នះ​ពាន Premier League ជា​ប្រវត្តិសាស្ត្រ​នា​រដូវ​កាល ២០១៥-២០១៦ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អ៊ីតាលី Claudio Ranieri ម្ចាស់​ក្លិប​ជនជាតិ​ថៃ​រូបនេះ បាន​ចំណាយ​ថវិកា​ប្រមាណ​២​លាន​ផោន (​ជាង​២,៥​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញ​រថយន្ត​ធ្វើជា​កាដូ​លើកទឹកចិត្ត​ក្រុម​កីឡាករ​។​

 
 
​ក្នុងចំណោម​កីឡាករ​ទាំង​២៣​រូប មានតែ​៤​រូប​ប៉ុណ្ណោះ ដែល​ខកខាន​មិន​ទទួលបាន​កាដូ​រថយន្ត BMW i8 តម្លៃ​ប្រមាណ ១២៨០០០​ដុល្លារ​អាមេរិក​ពី​លោក Vichai ដែល​ក្នុងនោះ​មាន​ខ្សែបម្រើ N’Golo Kante ដែល​បាន​ផ្ទេរ​ចេញទៅ​ក្លិប Chelsea និង​កីឡាករ​៣​នាក់​ទៀត Joe Dodoo, Andrej Kramaric និង Yohan Benalouane ដែល​មិន​បង្ហាញខ្លួន​ទៀងទាត់​នៅក្នុង​ក្លិប​។​


 
​កីឡាករ​១៩​រូប​ដែល​ទទួលបាន​កាដូ​រថ​យន្ត​ពី​លោក Vichai រួមមាន Marc Albrighton, Wes Morgan, Kasper Schmeichel, Robert Huth, Riyad Mahrez, Shinji Okazaki, Jamie Vardy, Daniel Drinkwater, Christian Fuchs, Danny Simpson, Leonardo Ulloa, Andy King, Jeff Schlupp, Ritchie de Laet, Nathan Dyer, Demarai Gray, Gokhan Inler, Daniel Amartey, Marcin Wasilewski​។​
 
​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត ដោយ​ម្ចាស់​ក្លិប Leicester City លោក Vichai Srivaddhanaprabha ស្ថិតក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​កីឡដ្ឋាន King Power Stadium ក្រោយ​ជំនួប​ជាមួយ West Ham ក្នុង​ក្របខណ្ឌ Premier League កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែតុលា​។ លោក Vichai ទទួលមរណភាព​ក្នុង​អាយុ​៦០​ឆ្នាំ ។​


 
​កីឡាករ​ទាំងអស់​រប​ស់ Leicester City សុទ្ធតែ​បង្ហាញ​នូវ​អារម្មណ៍​សោកសៅ ចំពោះ​ការបាត់បង់​ម្ចាស់​ក្លិប​របស់ខ្លួន​។ Wes Morgan បាន​លើកឡើងថា លោក Vichai ទទួលបាន​នូវ​ការគោរព​ស្រឡាញ់​មនុស្ស​គ្រប់ៗ​គ្នា​។ ចំណែក Kasper Schmeichel ថា​ខ្លួន​ស្ទើរតែ​មិន​ជឿ​នៅ​អ្វីដែល​គេ​បានឃើញ​ផ្ទាល់​ភ្នែក ដោយ​អ្នកចាំទី​រូបនេះ ចាត់ទុក​លោក Vichai ជា​បុគ្គល​សប្បុរស​ដ៏​កម្រ​ម្នាក់​។​
 
​កីឡាករ​បច្ចុប្បន្ន ដូចជា Jamie Vardy និង Riyad Mahrez ដែល​បាន​ផ្ទេរ​ទៅ Manchester City និង​កីឡាករ​ជាច្រើន​នាក់​ទៀត សុទ្ធតែ​បានលើកឡើង​ពី​គុណបំណាច់​ដ៏​ធំធេង​របស់លោក Vichai ក្នុង​វិស័យ​បាល់ទាត់ ជាពិសេស​ការបង្កើត​ប្រវត្តិសាស្ត្រ​នៅក្នុង​ក្លិប Leicester City ផ្ទាល់​តែម្តង​៕


 

Tag:
 Premier League
  Leicester City
  Vichai Srivaddhanaprabha
© រក្សាសិទ្ធិដោយ thmeythmey.com