ជាតិ
សេដ្ឋកិច្ច
ទេសចរចិនឈរលេខរៀងទី១ដែលមកកម្សាន្តខេត្តសៀមរាបក្នុងរយៈពេល៩ខែឆ្នាំ ២០១៨
× សៀមរាប៖ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៨នេះ មានទេសចរសរុបជាង ៤លាននាក់ ដែលធ្វើដំណើរមកកម្សាន្ដខេត្តសៀមរាប។ ចំនួននេះ គឺមានការកើនឡើងជាង ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ តួលេខនេះបានបង្ហាញថា ទេសចរជនជាតិចិន ឈរនៅលេខរៀងទី១ ដែលមានចំនួនច្រើនជាងគេ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ដែលចេញផ្សាយនៅថ្ងៃទី៣០ តុលា ក្នុងចំណោមទេសចរចំនួន ៤,៤៥០,៧៣២នាក់ ដែលមកកម្សាន្តខេត្តសៀមរាប ក្នុងនោះមានទេសចរអន្ដរជាតិជិត ២លាននាក់ គឺកើនឡើង ជាង៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ទេសចរចិន ឈរនៅកំពូលដែលធ្វើដំណើរមកកម្សាន្តខេត្តសៀមរាបច្រើនជាងគេ ដែលមានចំនួនសរុបជាង ៨៣ម៉ឺននាក់។
ចំណែកទេសចរជនជាតិកូរ៉េ ឈរនៅលេខរៀងទី២បន្ទាប់ពីចិន ដែលមានចំនួនសរុប ជាង ១៤ម៉ឺននាក់ អាមេរិក ជាង ១១ម៉ឹននាក់ អង់គ្លេសជាង ៩៨ពាន់នាក់ ជប៉ុនជាង ៨៨ពាន់នាក់ បារាំងជាង ៧៥ពាន់នាក់ អូស្រា្ដលី ជាង ៥៤ពាន់នាក់ វៀតណាមជាង ៥៣ពាន់នាក់ អាល្លឺម៉ង់ជាង ៤៩ពាន់នាក់ និងទេសចរថៃមានជាង ៤៦ពាន់នាក់។ ក្នុងចំណោមទេសចរទាំងនេះ ទេសចរដែលថយចុះមានដូចជា កូរ៉េ អង់គ្លេស ជប៉ុន អូស្ដ្រាលី និង វៀតណាម ក្រៅពីនោះគឺមានកំណើនតិចតួចគួរឱ្យកត់សម្គាល់ ដូចជាអាល្លឺម៉ង់ និងថៃជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com