អតីតអ្នកប្រដាល់ល្បុក្កតោរបស់ One Championship កញ្ញា សំ ថារត្ន័ ដែលមានរហស្សនាមថា «កូនកង្កែប» កំពុងមមាញឹកខ្លាំងណាស់ក្នុងវិស័យភាពយន្តនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
កញ្ញាល្បុក្កតោរូបនេះ មិនត្រឹមតែមានប្រជាប្រិយភាពខ្ពស់ក្នុងអាជីពជាអ្នកហាត់ក្បាច់គុនខ្មែរប៉ុណ្ណោះទេ គាត់ក៏បានពង្រីកអាជីពក្លាយមុខមាត់ជាតារាភាពយន្តផងដែរ។
កាលពីឆ្នាំ ២០១៧ នាងបានសម្តែងក្នុងខ្សែភាពយន្តខ្មែរ រឿង «ការពារឧក្រិដ្ឋជន» (Jailbreak) ហើយឥឡូវនេះនាងកំពុងមមាញឹកក្នុងរឿងភាពយន្តឯកសារថ្មីមួយទៀតដែលមានចំណងជើងថា «Surviving Bokator»។
ខ្សែភាពយន្តមួយនេះប្រាប់ពីប្រវត្តិអំពីការតស៊ូរបស់លោកគ្រូល្បុក្កតោ សាន គីមស៊ាន ពីប្រវត្តិនានាក្នុងការអភិរក្សសិល្បៈក្បាច់គុនបុរាណខ្មែរ ក្រោយបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដោយគាត់បានវិលត្រឡប់មកកាន់មាតុភូមិវិញ ហើយចាប់យកអាជីបជាលោកគ្រូល្បុក្កតោដើម្បីបង្ហាត់ដល់ក្មេងៗជំនាន់ថ្មី។
ក្នុងចំណោមតារាសម្តែងផ្សេងៗ ថារត្ន័ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើស។
កញ្ញាខ្មៅស្រអែមវ័យ ២៨ ឆ្នាំរូបនេះបាននិយាយទាំងរំភើបថា៖ «វាមានន័យខ្លាំងណាស់សំរាប់ខ្ញុំ ដែលខ្ញុំអាចតំណាងឱ្យប្រទេសកម្ពុជា»។ « ប្រជាជនទូទាំងប្រទេសនឹងស្គាល់ពីក្បាច់គុនរបស់ខ្មែរយើង»។
សព្វថ្ងៃនេះ កញ្ញាកំពុងរវល់ខ្លាំងពីការងារអ្នកសម្តែងកុនអន្តជាតិផង និងជាអ្នកប្រដាល់ផង មិនមែនជារឿងងាយស្រួលប៉ុន្មានទេសំរាប់កញ្ញា។ មុនពេលចាកចេញពីកម្ពុជាដើម្បីចូលរួមមហោស្រពភាពយន្ត ក្នុងការបញ្ចាំងរឿងរបស់នាង Surviving Bokator នៅអាមេរិកខាងជើង កញ្ញាក៏បានប្រាប់អ្នកសារពត៍មានថា៖ « សព្វថ្ងៃនាងរត់ចុះឡើងៗដូចជាមាន់អញ្ចឹង»។
គំរោងដំបូងឡើយរបស់កញ្ញាគឺចូលរួមសម្ដែងក្នុងពេលបញ្ចាំងភាពយន្តនៅរដ្ឋ Texas សហរដ្ឋអាមេរិច បន្ទាប់មកហោះទៅកាន់ ទីក្រុងបាងកក ប្រទេសថៃ ដើម្បីធ្វើការប្រកួតប្រដាល់ក្នុងកម្មវិធី FMD 16: Big Trouble In Little។ បន្ទាប់ពីប្រកួតនៅទីនោះហើយ នាងនឹងឡើងយន្តហោះម្តងទៀតទៅកាន់មហោស្រពភាពយន្តនៅប្រទេសកាណាដា។
ដោយសារមើលទៅមិនមានពេលត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការប្រកួតនៅបាងកក នាងក៏ត្រូវបង្ខំចិត្តដកខ្លួនចេញពីការប្រកួត ដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ទី៣ ខែវិច្ឆិកា។
កញ្ញាពន្យល់ថា៖ «ខ្ញុំត្រូវលុបចោលការប្រកួត ព្រោះខ្ញុំមិនមានពេលគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ទេពេលនៅអាមេរិក» ។ «ខ្ញុំក៏មិនចង់លុបចោលការប្រកួតនោះដែរ»។
ទោះបីការលុបចោលការប្រកួតនៅបាងកក នាងមានអារម្មណ៍ខកចិត្តបន្តិចមែន ប៉ុន្តែក៏រំភើបយ៉ាងខ្លាំងណាស់ដែរចំពោះការដាក់បញ្ចាំងខ្សែរភាពយន្តថ្មី Surviving Bokator នាពេលខាងមុខនេះ។
នាងបាននិយាយយ៉ាងរំភើបថា៖ «រឿងហ្នឹងប្រាកដជាល្អអស្ចារ្យ» ។
កញ្ញាបន្ថែមថា៖ «រឿងនេះថតតាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៥»។ «អូ..ខ្ញុំរំភើបចិត្តណាស់! ខ្ញុំមើលពីរដងរួចហើយ មើលហើយខ្ញុំយំតែម្តង»។
«វារំឭកខ្ញុំពីប្រវត្តិដ៏ពិបាកជូចត់ និងរឿងល្អៗ ពិតជាធ្វើឲ្យរំជួលចិត្តមែនទែន សូម្បីតែទស្សនិកជនក៏យំដែរ»។
ទាំងត្រូវប្រកួតក្រៅប្រទេសផង និងសម្តែងក្នុងរឿង Surviving Bokator ផង ហើយដែលត្រូវដើរតួក្នុងរឿងរបស់ អេនជេលីណាជូលី រឿង ដំបូងគេសំលាប់ប៉ាខ្ញុំ (First They Killed My Father) ផង មើលទៅជីវិតរបស់កញ្ញា “កូនកង្កែប" មិនទាន់ស្បើយឆាប់ៗទេ។
កញ្ញាប្រដាល់គុនចម្រុះនេះ មានសង្ឃឹមជឿជាក់ច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងមានដំណើរឆ្ពោះទៅទិសដៅដ៏ត្រឹមត្រូវ។
នៅក្នុងពិធីសម្ពោធជាផ្លូវការនៃសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាកាលពីដើមសប្ដាហ៍នេះ កញ្ញាក៏មានវត្តមាននៅទីនោះដែរ កញ្ញាមានការរំភើបជាអនេកដោយឃើញកីឡាប្រដាល់នេះរីកចម្រើននៅក្នុងទឹកដីកំណើតរបស់ខ្លួន។
ថារត្ន័ សង្ឃឹមថាខ្មែរនឹងរួបរួមគ្នាជួយគ្នាអោយអស់ពីដួងចិត្តដើម្បីលើកទង់ជាតិកម្ពុជាអោយខ្ពស់ និងមានមោទនភាពបំផុត។
កញ្ញាគិតថា មិនយូមិនឆាប់ទេពិភពលោកទាំងមូលនឹងដឹងពីសិល្បៈក្បាច់គុនខ្មែរ ហើយកញ្ញាផ្ទាល់ក៏កំពុងចូលរួមជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាដែរ។
នាងនិយាយយ៉ាងមានទំនុកចិត្តថា៖ «សូមជួយផ្តល់ឱកាសដល់អ្នកប្រដាល់យើងបន្ថែមទៀតផង»។ «ខ្ញុំដឹងថា យើងប្រាកដជាបានល្បីល្បាយដូចប្រទេសដទៃទៀត»៕
អត្ថបទ៖ Matias Andres