ជាតិ
សេដ្ឋកិច្ច
ឃុំ​កំពង់​ឃ្លាំង​មាន​ទូក​ជិត​១០០​សម្រាប់​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ភូមិ​លិច​ទឹក​
04, Nov 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ ឃុំ​កំពង់​ឃ្លាំង​មាន​ភូមិសាស្ដ្រ​ក្នុងស្រុក សូទ្រនិគម ខេត្តសៀមរាប​។ ឃុំ​នេះ​មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​មាន​ប្រជាជន​ជាង ២​ពាន់​គ្រួសារ ដែល​៨៥​ភាគរយ ជា​អ្នកនេសាទ​។ ក្រៅពី​នេសាទ ពលរដ្ឋ​នៅ​កំពង់​ឃ្លាំង​ដែល​គ្របដណ្ដប់​ដោយ​ភូមិ​ចំនួន ១០ ក៏មាន​របរ​បើកទូក​ដឹក​ភ្ញៀវ​ផងដែរ​។ ទូក​ទេសចរណ៍​នៅ​ភូមិ​លិច​ទឹក​នេះ មាន​ចំនួន ជិត​១០០ ដែល​សរុប​ទាំង​ខ្នាតតូច និង​ខ្នាត​ធំ​។​

 
​ប្រធាន​សមាគម​ទេសច​រណ៍​ធម្មជាតិ​កំពង់​ឃ្លាំង លោក ហ៊ូ​វ សា​វី បានឱ្យដឹងថា នៅ​ឃុំ​របស់លោក​មាន​ទូក​ទេសចរណ៍​ខ្នាតតូច​ចំនួន ៨៤ និង​ខ្នាត​ធំ ចំនួន ១៤​។ ទូក​តូច​អាច​ដឹក​ភ្ញៀវទេសចរ​បាន​ចំនួន ៩​នាក់ និង​មានតម្លៃ ១៩​ដុល្លារ និង​ខ្នាត​ធំ អាច​ដឹក​ទេសចរ​បាន​រហូតដល់ ៤០​នាក់ នឹងមាន​តម្លៃ ៦០​ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត​ជុំវិញ​ឃុំ​កំពង់​ឃ្លាំង និង​តំបន់​ក្បែរ​នោះ​។ 
 
 
​ក្រៅពី​ក្នុងភូមិ​សាស្ដ្រ​នេះ ទូក​ទេសចរណ៍​របស់​អ្នក​កំពង់​ឃ្លាំង ក៏មាន​សេវា​ទៅ​ភូមិ​ទន្លេសាប​មួយចំនួនទៀត​ផងដែរ ដូចជា​ទៅ​តំបន់​មាត់​ខ្លា ស្រុក​ជីក្រែង និង​កំពង់​ហ្លូ​ង ខេត្តពោធិ៍សាត់​។​ល​។ សម្រាប់​អ្នកបើកបរ​កាណូត​ទូក គឺជា​ប្រជាពលរដ្ឋ​ក្នុងភូមិ ១០០​ភាគរយ ដោយ​សមាគម​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៩​។ 
 
​ក្រៅពី​មាន​កាណូត​ទេសចរណ៍​សម្រាប់​ដឹកជញ្ជូន​ភ្ញៀវ​ហើយ​នោះ កំពង់​ឃ្លាំង​ក៏មាន​សេវាកម្ម​ដូចជា​ម្ហូបអាហារ និង​ផ្ទះ​ស្នាក់នៅ ដែល​រៀបចំឡើង​ដោយ​អ្នកភូមិ​ផ្ទាល់​ផងដែរ​។ បច្ចុប្បន្ន​ផ្ទះ​ស្នាក់​មាន​ចំនួន ៥​ផ្ទះ ដែល​ទំហំ​នេះ​នៅ​តូច​នៅឡើយ បើ​ធៀប​នឹង​តំបន់​ផ្សេងៗ​។ 
 
 
​ដ្បិត​ឃុំ​កំពង់​ឃ្លាំង ជា​ភូមិ​លិច​ទឹក​ដ៏​ស្រស់ស្អាត​បែបណា​ក្ដី តែមាន​ទេសចរណ៍​មិន​ច្រើន​ទេ​ដែល​បាន​ទៅ​ទស្សនា និង​កម្សាន្ត​តំបន់​នេះ​។ តាម​ការបញ្ជាក់​ពី​មេឃុំ​កំពង់​ឃ្លាំង មាន​ពលរដ្ឋ​តែ ២ ទៅ​៣​ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួល​ផង​ពី​វិស័យ​ទេសចរណ៍​។ តាម​ការមើលឃើញ​រប​ស់លោក​មេឃុំ ហេតុផល​គឺ​ដោយសារ​ភូមិសាស្ដ្រ​រៀង​នៅ​ឆ្ងាយ​ពី​ក្រុង បើ​ធៀប​នឹង​ឃុំ​កំពង់​ភ្លុក និង​មួយទៀត គឺ​កង្វះ​ការផ្សព្វផ្សាយ​ជាដើម​៕
 


Tag:
 ទេសចរណ៍​
 ​ ធម្មជាតិ​
 ​ កំពង់​ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com