ជាតិ
សង្គមជាតិ
ភាពយន្តចម្រុះ១១រឿងនឹងបញ្ចាំងក្នុងមហោស្រពភាពយន្តជប៉ុនឆ្នាំ២០១៨នេះ
× ភ្នំពេញ៖ មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ២០១៨។ ភាពយន្តចម្រុះចំនួន១១ រឿង ដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពនេះ ដោយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្តMajor Cineplex AEON 1 និងរោងភាពយន្ត Legend សាខាទួកគោកនៅរាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរោងភាពយន្ត Major Cineplex ខេត្តសៀមរាប។
ភាពយន្តជាច្រើនដែលបានសម្រិតសម្រាំងសម្រាប់ការដាក់បញ្ចាំងរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស្រមើលស្រមៃ អាថ៌កំបាំង ភាពយន្តប្រឌិតបែបបច្ចេកវិទ្យា ភាពយន្តគំនូរជីវចល ភាពយន្តបែបរន្ធត់ និងកំប្លែងជាដើម។ ក្នុងនោះមានខ្សែភាពយន្តខ្លះធ្លាប់ទទួលបានពានរង្វាន់ផងដែរ។ ភាពយន្តទាំងនោះនឹងចាក់បញ្ចាំងនៅរោងភាពយន្ត Major Cineplex AEON 1 និងរោងភាពយន្ត Legend Cineplex ខេត្តសៀមរាប។
ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនោះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន។ មហោស្រពនេះក៏ផ្ដល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនា អាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុនផងដែរ។
សម្រាប់ឆ្នាំនេះ ភាពយន្តជប៉ុនចំនួន១១រឿង ដែលនឹងចាក់បញ្ចាំង អមដោយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ សម្រាប់កម្មវិធីលម្អិត នៃការចាក់បញ្ចាំងមានផ្សព្វផ្សាយ នៅលើគេហទំព័រនៃមហោស្រពភាពយន្តជប៉ុន៖ http://kh.japanesefilmfest.org/ ។ ការចូលរួមដោយសេរី និងមិនគិតថ្លៃ។
មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក ដោយរួមគ្នាជាមួយការផ្លាស់ប្ដូររវាងផលិតករភាពយន្តកម្ពុជា និងជប៉ុន។ អំឡុងមហោស្រពឆ្នាំនេះ មូលនិធិជប៉ុនបានអញ្ជើញលោក Koji ICHIHASHI ដែលជាផលិតករភាពយន្តបែបរន្ធត់ និងកំប្លែង ក្រោមចំណងជើង «One Cut of the Dead» ចូលរួម និងរៀបចំសិក្ខាសាលាសម្រាប់ផលិតករភាពយន្ត ព្រមទាំងចាក់បញ្ចាំងភាពយន្ត ជាលក្ខណៈពិសេស ដោយមានវគ្គសំណួរ- ចម្លើយជាមួយនឹងផលិតករក្រោយការចាក់បញ្ចាំងផងដែរ។
សម្រាប់សំណួរផ្សេងៗ សូមទាក់ទងទៅកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈលេខទូរស័ព្ទ ០២៣ ២១៧ ១៦១(ភ្ជាប់បន្ត ១១២១ ឬក៏ផ្ញើអ៊ីម៉ែលទៅកាន់អាស័យដ្ឋាន
[email protected] ៕
Tag:
មហោស្រពភាពយន្តជប៉ុន
សិល្បៈ
ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com