អន្តរជាតិ
លោក ត្រាំ ថា អា​រ៉ា​ប៊ី​សា​អូឌីត​មិនចេះ​ប្រើ​មី​ស៊ី​ល​អាមេរិក ទើប​បាញ់​ចំ​ឡាន​ដឹក​សិស្ស​នៅ​យេ​ម៉ែន​
05, Nov 2018 , 4:27 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​វាយប្រហារ​ចំ​ឡាន​ដឹក​សិស្ស​នៅ​យេ​ម៉ែន​ពី​សំណាក់​កងកម្លាំង​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ខែសីហា​។ មី​ស៊ី​ល​ផលិត​នៅ​អាមេរិក​ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​លោក ត្រាំ អះអាងថា វា​មិនមែន​កំហុស​របស់​អា​មេ​រិ​កឡើ​យ តែ​ជា​រឿង​អសមត្ថភាព​របស់​យោធា​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​មិនចេះ​ប្រើស​ព្វា​វុ​ធា​អាមេរិក​។

 
​ហេតុការណ៍​មី​ស៊ី​ល​អាមេរិក​បាញ់​ចំ​ឡាន​ដឹក​សិស្ស​នៅ​យេ​ម៉ែន​កាលពី​ថ្ងៃទី​៩ បាន​ស្លាប់​សិស្សសាលា​ដល់​ទៅ​៤០ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ក្នុង​ទីក្រុង Dhahyan នៅ​ភាគ​ខាងជើង​ប្រទេស​។ ការវាយប្រហារ​ដោយ​កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ រង​ការរិះគន់​យ៉ាងខ្លាំង ឯ​អាមេរិក​ក៏​រង​ពាក្យ​បរិហា​មិនតិច​ដែរ ព្រោះ​មី​ស៊ី​ល​ដែល​ធ្លោយ​បាញ់​ចំ​ឡាន​ដឹក​សិស្ស​នោះ ជា​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក​។​
 
​បី​ខែក្រោយ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ទាត់ចោល​ពាក្យរិះគន់​ទាំងនោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​អន​ឡាញ Axios នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា លោក ត្រាំ បាន​បង្វែរ​កំហុស​ទាំង​អស់​លើ​កម្លាំង​ទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលជា​អ្នកទិញ​មី​ស៊ី​ល​អាមេរិក​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin ។ មី​ស៊ី​ល​ធុន MK 82 ត្រូវបាន​រកឃើញ​នៅ​កន្លែង​ផ្ទុះ តែ​លោក ត្រាំ អះអាងថា បញ្ហា​កើតឡើង​ក៏​ព្រោះ​តែមាន​អ្នក​មិនចេះ​ប្រើ​មី​ស៊ី​ល​នោះ​។​
 
​វីដេអូ​ស្ដីពី​ហេតុការណ៍​នោះ បាន​រីកសាយ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​លោក ត្រាំ ចាត់ទុក​វីដេអូ​នោះ​ជា​រឿង​តក់ស្លុត​។ យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក​រូបនេះ​មិន​បញ្ជាក់ថា លោក​នឹង​លែង​លក់​អាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ឬ​អត់​ឡើយ​។ ជុំវិញ​នឹង​សំណួរ​ពាក់ព័ន្ធ​រឿងនេះ​ស្របពេល​យុទ្ធនាការ​របស់​សម្ព័ន្ធ​មិត្ត​អាមេរិក​កាន់តែខ្លាំង​នោះ លោក ត្រាំ ឆ្លើយថា អាមេរិក​តាមដាន និង​សិក្សា​ស្ថានការណ៍​នៅ​យេ​ម៉ែន​យ៉ាង​ម៉ត់ចត់​។​
 
«​ខ្ញុំ​នឹង​ជជែក​រឿង​ជាច្រើន​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប៉ុន្តែ​ច្បាស់​ណាស់​ថា ខ្ញុំ​មិន​ចង់​មាន​មនុស្ស​មិនដឹង​ពី​របៀប​ប្រើ​អាមេរិក​បាញ់​ឡាន​ដឹក​សិស្ស​ឡើយ​។​» នេះ​ជាការ​បន្ថែម​របស់លោក ត្រាំ ។ 
 
​មិនមែន​តែ​លោក ត្រាំ ឡើយ មន្ត្រី​អាមេរិក​ក៏បាន​ចេញមុខ​បដិសេធ​ភ្លាម​ដែរ​ក្រោយ​ហេតុការណ៍​កើតឡើង ទោះជា​អាមេរិក​បាន​បង្ហាត់បង្រៀន​អ្នកទិញ​សព្វាវុធ​របស់ខ្លួន​ក្ដី​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស លើកឡើងថា អាមេរិក​ជួយ​ផ្នែក​ផែនការ​ប៉ុណ្ណោះ មិនមែន​ការកំណត់​គោលដៅ​វាយប្រហារ​ឡើយ​។​
 
​សូមបញ្ជាក់ថា បើតាម​របាយការណ៍​ផ្លូវការ​របស់​អង្គការសហប្រជាជាតិ មនុស្ស​ច្រើនជាង​១​ម៉ឺន​នាក់ បាន​ស្លាប់ ចាប់តាំងពី​ការចាបផ្ដើម​យុទ្ធនាការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ខែមីនា ឆ្នាំ​២០១៥ ។ សំឡេង​អំពាវនាវ​ឲ្យ​បញ្ឈប់​យុទ្ធនាការ​នៅ​យេ​ម៉ែន បាន​កើន​ឡើងជា​បន្តបន្ទាប់ ខណៈដែល​ក្រុម​លោកខាងលិច​ក៏​ស្ទាក់ស្ទើរ​ក្នុង​ការឈប់​ផ្គត់ផ្គង់​អាវុធ​ទៅទៀត​។ ក្នុង​កញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​កាលពី​ឆ្នាំមុន អារ៉ាប៊ីសាអ៊ូឌីត​បាន​កុម្ម៉ង់​ទិញ​សព្វាវុធ​ថែម​ដល់​ទៅ​៧​ពាន់​លាន​ដុល្លារ​៕
 

Tag:
 ​អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  យេ​ម៉ែន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com