អន្តរជាតិ
លោក ត្រាំ ថា អារ៉ាប៊ីសាអូឌីតមិនចេះប្រើមីស៊ីលអាមេរិក ទើបបាញ់ចំឡានដឹកសិស្សនៅយេម៉ែន រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែវិច្ឆិកា បានបង្ហាញការសោកស្ដាយចំពោះហេតុការណ៍វាយប្រហារចំឡានដឹកសិស្សនៅយេម៉ែនពីសំណាក់កងកម្លាំងអារ៉ាប៊ីសាអូឌីតកាលពីខែសីហា។ មីស៊ីលផលិតនៅអាមេរិកត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្តែលោក ត្រាំ អះអាងថា វាមិនមែនកំហុសរបស់អាមេរិកឡើយ តែជារឿងអសមត្ថភាពរបស់យោធាអារ៉ាប៊ីសាអូឌីតដែលមិនចេះប្រើសព្វាវុធាអាមេរិក។
ហេតុការណ៍មីស៊ីលអាមេរិកបាញ់ចំឡានដឹកសិស្សនៅយេម៉ែនកាលពីថ្ងៃទី៩ បានស្លាប់សិស្សសាលាដល់ទៅ៤០ និងជាច្រើននាក់ទៀតរងរបួសក្នុងទីក្រុង Dhahyan នៅភាគខាងជើងប្រទេស។ ការវាយប្រហារដោយកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតនេះ រងការរិះគន់យ៉ាងខ្លាំង ឯអាមេរិកក៏រងពាក្យបរិហាមិនតិចដែរ ព្រោះមីស៊ីលដែលធ្លោយបាញ់ចំឡានដឹកសិស្សនោះ ជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក។
បីខែក្រោយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទាត់ចោលពាក្យរិះគន់ទាំងនោះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានអនឡាញ Axios នៅថ្ងៃទី៤ ខែវិច្ឆិកា លោក ត្រាំ បានបង្វែរកំហុសទាំងអស់លើកម្លាំងទ័ពអារ៉ាប៊ីសាអូឌីតដែលជាអ្នកទិញមីស៊ីលអាមេរិកផលិតដោយក្រុមហ៊ុន Lockheed Martin ។ មីស៊ីលធុន MK 82 ត្រូវបានរកឃើញនៅកន្លែងផ្ទុះ តែលោក ត្រាំ អះអាងថា បញ្ហាកើតឡើងក៏ព្រោះតែមានអ្នកមិនចេះប្រើមីស៊ីលនោះ។
វីដេអូស្ដីពីហេតុការណ៍នោះ បានរីកសាយពេញប្រព័ន្ធអ៊ីនធឺណិត ហើយលោក ត្រាំ ចាត់ទុកវីដេអូនោះជារឿងតក់ស្លុត។ យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះមិនបញ្ជាក់ថា លោកនឹងលែងលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតឬអត់ឡើយ។ ជុំវិញនឹងសំណួរពាក់ព័ន្ធរឿងនេះស្របពេលយុទ្ធនាការរបស់សម្ព័ន្ធមិត្តអាមេរិកកាន់តែខ្លាំងនោះ លោក ត្រាំ ឆ្លើយថា អាមេរិកតាមដាន និងសិក្សាស្ថានការណ៍នៅយេម៉ែនយ៉ាងម៉ត់ចត់។
«ខ្ញុំនឹងជជែករឿងជាច្រើនជាមួយអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែច្បាស់ណាស់ថា ខ្ញុំមិនចង់មានមនុស្សមិនដឹងពីរបៀបប្រើអាមេរិកបាញ់ឡានដឹកសិស្សឡើយ។» នេះជាការបន្ថែមរបស់លោក ត្រាំ ។
មិនមែនតែលោក ត្រាំ ឡើយ មន្ត្រីអាមេរិកក៏បានចេញមុខបដិសេធភ្លាមដែរក្រោយហេតុការណ៍កើតឡើង ទោះជាអាមេរិកបានបង្ហាត់បង្រៀនអ្នកទិញសព្វាវុធរបស់ខ្លួនក្ដី។ រដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស លើកឡើងថា អាមេរិកជួយផ្នែកផែនការប៉ុណ្ណោះ មិនមែនការកំណត់គោលដៅវាយប្រហារឡើយ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ផ្លូវការរបស់អង្គការសហប្រជាជាតិ មនុស្សច្រើនជាង១ម៉ឺននាក់ បានស្លាប់ ចាប់តាំងពីការចាបផ្ដើមយុទ្ធនាការរបស់អារ៉ាប៊ីសាអូឌីតក្នុងខែមីនា ឆ្នាំ២០១៥ ។ សំឡេងអំពាវនាវឲ្យបញ្ឈប់យុទ្ធនាការនៅយេម៉ែន បានកើនឡើងជាបន្តបន្ទាប់ ខណៈដែលក្រុមលោកខាងលិចក៏ស្ទាក់ស្ទើរក្នុងការឈប់ផ្គត់ផ្គង់អាវុធទៅទៀត។ ក្នុងកញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិកកាលពីឆ្នាំមុន អារ៉ាប៊ីសាអ៊ូឌីតបានកុម្ម៉ង់ទិញសព្វាវុធថែមដល់ទៅ៧ពាន់លានដុល្លារ៕
Tag:
អាមេរិក
អារ៉ាប៊ីសាអូឌីត
យេម៉ែន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com