បន្ទាប់ពីបំពេញការងារនៅកម្ពុជាជាងបីឆ្នាំ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William A.Heidt ត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមចុងខែវិច្ឆិកានេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗថ្ងៃទី ១ ខែវិច្ឆិកា លោកមានប្រសាសន៍ថា អ្វីដែលលោកសោកស្តាយនោះគឺមិនមានពេលគ្រប់គ្រាន់ដើម្បីឡើងលើភ្នំសំកុស។ ចំណែកអ្វីដែលលោកនឹងនឹករលឹកជាងគេពេលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនោះគឺ ភាពអ៊ូអរនៅក្រុងភ្នំពេញដែលពោរពេញដោយភាពរីករាយ។
សូមស្តាប់ និងអានបទសម្ភាសន៍ទាំងស្រុងទាក់ទិនពិសោធន៍ និងអនុស្សាវរីយ៍របស់ឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt មានក្នុងពេលបំពេញការងារនៅកម្ពុជាដូចខាងក្រោម៖
VIDEO
១.សារព័ត៌មានថ្មីៗ៖ លោកបានធ្វើដំណើរទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពោលគឺគ្រប់ខេត្ត។ តើខេត្តមួយណាជាខេត្តដែលលោកជាប់ចិត្តដិតអារម្មណ៍ជាងគេ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ រឿងមួយ ដែលខ្ញុំធ្លាប់ចង់ធ្វើនៅពេលដែលខ្ញុំបានមកកម្ពុជាគឺទៅទស្សនកិច្ចឲ្យបានគ្រប់ខេត្តទាំងអស់។ នេះក៏ព្រោះថា កាលពីខ្ញុំមកស្រុកខ្មែរឆ្នាំ ១៩៩០នោះ ខ្ញុំមិនអាចទៅគ្រប់ទីកន្លែងទូទាំងប្រទេសបានទេជាពិសេសខេត្តនៅជាប់ព្រំដែនដូចជាកោះកុង និងព្រះវិហារជាដើម។ ប៉ុន្តែនៅពេលនេះ ខ្ញុំចង់ទៅគ្រប់ទីកន្លែង។ ខ្ញុំរីករាយណាស់ដែលពេលនេះខ្ញុំអាចធ្វើបានហើយ។
ចំណែករឿងខេត្តដែលខ្ញុំពេញចិត្តនោះគឺ អ្នកដឹងស្រាប់ហើយថាភរិយាខ្ញុំជាអ្នកស្រុកក្រគរ ខេត្តពោធិ៍សាត់។ យើងបានទៅទីនោះច្រើនដង ប្រហែលប្រាំមួយឬប្រាំពីរដងឯណោះ។ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលនឹងប្រជាជនដែលរស់នៅទីនោះខ្លាំង។ ដូច្នេះហើយ ខ្ញុំគិតថា វាជាខេត្តដែលខ្ញុំមានមនោសញ្ចេតនាជាមួយជាងគេ។
ប៉ុន្តែ ខ្ញុំចង់ប្រាប់ដែរថា នៅចុងសប្តាហ៍ខ្ញុំចូលចិត្តទៅខេត្តកំពត។ ខ្ញុំគិតថាវាជាទីក្រុងមួយដែលគួរជាទីគាប់ចិត្តមួយដែលស្ថិតនៅប្របមាត់ស្ទឹង។ ខ្ញុំក៏ចាប់ផ្តើមស្រលាញ់ខេត្តបាត់ដំបងដែរឥឡូវនេះ។ ខ្ញុំមានអារម្មណ៍ថា បាត់ដំបងជាទីកន្លែងដ៏ល្អមួយសម្រាប់អ្នកទេសចរអាមេរិក។ វាជាក្រុងដែលស្រស់ស្រាយសម្រាប់លំហែរអារម្មណ៍ និងគួរឲ្យចាប់អារម្មណ៍។ ខេត្តទាំងពីរជាកន្លែងដែលខ្ញុំពេញចិត្តបំផុតសម្រាប់លំហែកាយចុងសប្តាហ៍។
២.សារព័ត៌មានថ្មីៗ៖ ចុះលោកបានឡើងលើភ្នំក្រវ៉ាញទេ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ ខ្ញុំគិតថា ភ្នំក្រវ៉ាញទាំងមូលគឺ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ រឿងមួយដែលខ្ញុំសោកស្តាយគឺខ្ញុំចង់ទៅឲ្យដល់ភ្នំសំកុសដែលស្ថិតនៅភាគលិចខេត្តពោធិ៍សាត់ ព្រោះថាវាជាទីកន្លែងដាច់ស្រយាលផុតគេនៅកម្ពុជាបច្ចុប្បន្ន។ វាមានផ្លូវថ្មីទៅទីនោះ ហើយខ្ញុំគិតថាវាជាផ្លូវជាតិលេខ ៥៥ ដែលទើបបញ្ចប់ការសាងសង់។ ខ្ញុំចង់ឡើងទៅឲ្យដល់ទីនោះ ប៉ុន្តែខ្ញុំមិនមានពេល។
ប៉ុន្តែបើនិយាយពីភ្នំក្រវ៉ាញទាំងមូលវិញ គឺគួរឲ្យចប់អារម្មណ៍ដោយសារវាជាជម្រកសត្វព្រៃ ជាតំបន់អេកូទេសចរណ៍ សម្រាប់ឡើងភ្នំ និងបោះតង់នៅទីនោះផង។ ខ្ញុំបានទៅភ្នំក្រវ៉ាញច្រើនដងដែរ។
៣.សារព័ត៌មានថ្មីៗ៖ លោកបានលើកឡើងពីខេត្ត កំពត។ លោកអាចបញ្ជាក់បន្តិចបានទេថាតើអ្វីដែលធ្វើឲ្យវាពិសេសសម្រាប់លោក?
អគ្គរដ្ឋទូតអាមេរិក៖ អ្នកដឹងទេថា ខ្ញុំចូលចិត្តទៅកំពតពេលខ្ញុំមកកម្ពុជាអំឡុងឆ្នាំ ១៩៩០។ ដឹងស្រាប់ហើយ វាស្ថិតក្នុងចំណោមកន្លែងពីរបីប៉ុណ្ណោះដែលយើងអាចទៅបានចុងសប្តាហ៍។ អ្វីដែលពិសេសសម្រាប់ខេត្តកំពត គឺស្ថានភាពមួយដែលទីក្រុងនៅក្បែរមាត់ស្ទឹង។
នៅពេលដែលយើងស្នាក់នៅក្បែរស្ទឹង យើងអាចក្រឡេកឆ្លងទន្លេ ហើយឃើញភ្នំនៅពីក្រោយនោះ។ ព្រះអាទិត្យក៏រៀបអស្ដង្គតនៅពីក្រោយភ្នំនោះទៀត។ អូរ! វាពិតជាស្អាតណាស់។ ខ្ញុំពិតជាចូលចិត្តអង្គុយលេងនៅមាត់ស្ទឹង ហើយទឹកស្ទឹងនោះក៏ល្អសម្រាប់យើងហែលទឹកលេងទៀត។
៤.សារព័ត៌មានថ្មីៗ៖ បន្ទាប់ពីរស់នៅកម្ពុជាជាងបីឆ្នាំមកនេះ តើអ្វីទៅជាម្ហូបដែលលោកចូលចិត្តជាងគេ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ខ្ញុំមានភរិយាខ្មែរ។ ខ្ញុំបរិភោគម្ហូបខ្មែរស្ទើរតែគ្រប់ពេល។ យើងបរិភោគខ្មែរមួយថ្ងៃ ម្ហូបបារាំងមួយថ្ងៃ។ ពេលមកដល់ខ្មែរដំបូង និយាយតាមត្រង់ ម្ហូបដែលខ្ញុំចូលចិត្ត គឺសម្លម្ជូរយួន។ ខ្ញុំចូលចិត្តរសជាតិវាដែលយូរបន្តិច ហើយខ្ញុំក៏ចូលចិត្តប៉េងបោះ និងម្នាស់ក្នុងសម្លនោះដែរ។
ហូបម្ហូបខ្មែរច្រើនពេក ខ្ញុំសម្រេចចិត្តថា ខ្ញុំចូលចិត្តនំបញ្ចុកជាងនៅពេលនេះ។ នំបញ្ចុកជាចំណីដ៏គួរឲ្យចាប់អារម្មណ៍មួយដែរ។ យើងដាក់នំបញ្ចុកពីក្រោម ហើយដាក់បន្លែពីលើមុននឹងដាក់សម្លចូលហើយច្របាច់បញ្ចូលគ្នា មុននឹងបរិភោគ។ ខ្ញុំគិតថា វាជាម្ហូបថ្មីដែលខ្ញុំចូលចិត្ត។
៥.សារព័ត៌មានថ្មីៗ៖ លោកប្រហែលជាមិននឹកម្ហូបខ្មែរទេព្រោះភរិយាលោកនឹងចម្អិនម្ហូបនេះសម្រាប់លោកទៀត។ ចុះអ្វីទៅដែលលោកនឹងនឹករលឹកបំផុតពេលលោកត្រឡប់ទៅអាមេរិកវិញ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ អ្វីដែលខ្ញុំនឹកបំផុតពេលត្រឡប់ទៅអាមេរិកវិញ គឺភាពអ៊ូរអរនៅទីនេះ។ នេះក៏ព្រោះថា ភ្នំពេញបច្ចុប្បន្នជាទីក្រុងដ៏រស់រវើក និងសកម្មមួយ។ វ៉ាស៊ីនតោនក៏រស់រវើកនិងសកម្មដែរ ប៉ុន្តែវាមិនដូចភ្នំពេញទាំងស្រុងទេ។ ទីនេះ មនុស្សច្រើនណាស់ចេញក្រៅនៅពេលយប់ ហើយចុងសប្តាហ៍ក្មេងៗឈូរឆរនាំគ្នាជិះម៉ូតូទៅមក។ បើមានអាកាសធាតុល្អទៀត វារឹតតែពិសេសព្រោះមនុស្សកាន់តែច្រើនចេញមកក្រៅ។ វាពិតជាមានអារម្មណ៍ល្អណាស់។ នៅវ៉ាស៊ីនតោន ខុសពីនេះ ប្រជាជនមិននៅផ្តុំគ្នាអ៊ូរអរបែបនេះទេ ពោលគឺនៅទីកន្លែងផ្សេងៗដាច់ៗគ្នា។ ដូច្នេះ វាមិនមានអារម្មណ៍ថា រំភើបដូចនៅស្រុកខ្មែរទេ។
៦.សារព័ត៌មានថ្មីៗ៖ យើងឧស្សាហ៍ឃើញលោកអញ្ជើញចូលទៅព្រៃ និងឡើងភ្នំជាឧទាហរណ៍លោកបានចូលព្រៃឡង់ និងឡើងភ្នំឱរ៉ាល់។ ហេតុអ្វីបានជាលោកចូលចិត្តសកម្មភាពបែបនេះ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ ពេលដែលខ្ញុំធំធាត់នៅរដ្ឋ Pennsylvania ខ្ញុំឧស្សាហ៍ទៅបោះជំរំក្នុងពេលដែលខ្ញុំជាកាយរិទ្ធជាមួយបងប្រុសខ្ញុំផ្ទាល់។ យើងទៅបោះជំរំម្តងក្នុងមួយខែ។ ពេលនេះខ្ញុំមានកូនប្រុសខ្ញុំផ្ទាល់។ ពេលមកដល់ស្រុកខ្មែរបីឆ្នាំមុន កូនខ្ញុំមានអាយុ ១២ឆ្នាំ។ យើងចង់មានសកម្មភាពសម្រាប់គាត់។យើងចាប់ផ្តើមដោយបង្កើតក្រុមកងកាយរិទ្ធិក្មេងៗនៅទីនេះ ហើយពេលចាប់ផ្តើមដំបូងយើងមានក្មេងប្រហែល ៥នាក់ប៉ុណ្ណោះ។ឥឡូវនេះយើងមានក្មេងៗ រហូតដល់ ១៥នាក់។ យើងនាំពួកគេទៅក្រៅដើម្បីបោះជំរំពេលខែរងាមកដល់ ហើយអាចមានរយៈពេលបួន ឬប្រាំដងក្នុងមួយឆ្នាំ។
ដូច្នេះ ខ្ញុំធ្វើបែបនេះដើម្បីកូនប្រុសខ្ញុំ ព្រោះខ្ញុំចង់ឲ្យគាត់រៀនសូត្រពីពិភពខាងក្រៅដូចដែលខ្ញុំបានធ្វើ។ កម្ពុជាមានកន្លែងគួរឲ្យចាប់អារម្មណ៍ច្រើនណាស់ ប៉ុន្តែវាមិនសូវមានការអភិវឌ្ឍច្រើននៅឡើយទេ។ វាលំបាករកកន្លែងល្អក្នុងការបោះជំរំ។ ប៉ុន្តែយើងបានរកឃើញពីរបីកន្លែង។ ដូច្នេះហើយបានជាយើងជ្រើសរើសយកការឡើងភ្នំឱរ៉ាល់ ហើយវាជាកន្លែងផ្សេងព្រេងសម្រាប់ក្មេងៗដ៏អស្ចារ្យមួយ។
៧.សារព័ត៌មានថ្មីៗ៖ តើលោកមានអារម្មណ៍បែបណាដែរនៅលើកំពូលភ្នំឱរ៉ាល់?
ឯកអគ្គរដ្ឋទូតអាមេរិក៖ ដឹងហើយថា ខ្ញុំមិនមែនក្មេងៗទៀតទេ ហើយរាងខ្ញុំកាលនោះមិនមែនសមដូចឥឡូវទេ។ ខ្ញុំមានក្តីបារម្ភបន្តិចបន្តួចដែរថា ខ្ញុំមិនអាចឡើងលើភ្នំបានសម្រេច។ វាមានរយៈកម្ពស់ ១៨០០ ម៉ែត្រ។ ភ្នំនេះមិនមែនធំមហិមាឡើយ ប៉ុន្តែវាធំដែរ។ វាជាដំណើរឡើងភ្នំមួយដ៏វែងឆ្ងាយ។ ខ្ញុំបារម្ភថាខ្ញុំមិនអាចធ្វើបាន ហើយវាជារឿងខ្មាសគេ ដែលខ្ញុំជាមនុស្សចាស់ជាងគេមិនអាចឡើងភ្នំបាន។ ខ្ញុំបានប្តេជ្ញាឡើងភ្នំឲ្យបាន ហើយខ្ញុំក៏មិនចង់ឲ្យកូនខ្ញុំឃើញថា ខ្ញុំមិនអាចធ្វើបានដែរ។
ភ្នំឱរ៉ាល់មានចំណុចពិសេស គឺ នៅជើងភ្នំវាចោតខ្លាំងប៉ុន្តែពេលឡើងទៅរហូតដល់កំពូល វាមិនសូវចោទទេ។ ពេលឡើងដល់លើភ្នំ យើងឃើញទេសភាពព្រៃឈើស្អាតណាស់។ ព្រៃឈើនៅនេះមិនមានអ្នកប៉ះពាល់ គ្មានសកម្មភាពកាប់ឈើ ហើយវាក៏គួរឲ្យស្រលាញ់ទៀតទៅទីនោះ។
៨.សារព័ត៌មានថ្មីៗ៖ ចុះត្រឡប់ទៅព្រៃឡង់ឯណោះវិញយ៉ាងម៉េចដែរ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ ព្រៃឡង់មានភាពខុសគ្នាបន្តិចបន្តួចដោយសារមានវាស្ថានភាពរាបស្មើ។ វាមានសកម្មភាពកាប់ឈើច្រើនណាស់ ហើយវាមានផ្លូវសម្រាប់ដឹកឈើឆ្លងកាត់គ្រប់ទីកន្លែង។ ប៉ុន្តែវាមិនមែនមានន័យថាព្រៃនេះមិនល្អទេ ហើយក៏មិនមែនមានន័យថា វាមិនមានតម្លៃសម្រាប់ការអភិរក្សឡើយ។ វាក្តៅដែរនៅពេលយប់ព្រោះយើងទៅទីនោះនៅខែឧសភា។
ប៉ុន្តែវាជារឿងដែលគួរឲ្យចាប់អារម្មណ៍ដែលរាល់ដើមឈើដែលខ្ពស់ជាង ៦៧ ម៉ែត្រ ត្រូវបានគេកាប់អស់។ ប៉ុន្តែវានៅមានដើមឈើច្រើន មានគម្របព្រៃឈើច្រើនរួមជាមួយសត្វព្រៃសន្ធឹកសន្ធាប់ដែរ ដែលមានតម្លៃសម្រាប់ការថែរក្សា។ ដូច្នេះហើយយើងរីករាយណាស់ដែលយើងកំពុងជួយកម្ពុជាជាពិសេសក្រុមឧទ្យានុរក្សដែលល្បាតនៅទីនោះ។ យើងរីករាយដោយជួយកម្ពុជាអនុវត្តច្បាប់ដើម្បីអភិរក្សព្រៃឡង់ ហើយវាជាអ្វីជារឿងដែលមានតម្លៃដែលចាំបាច់ត្រូវធ្វើ។
៩.សារព័ត៌មានថ្មីៗ៖ តើលោកយល់ឃើញថា កម្ពុជាអភិវឌ្ឍតំបន់អេកូទេសចរណ៍នៅពេលអនាគត ក្រៅពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលមានតួយ៉ាងដូចជាប្រាសាទអង្គរវត្ត ដើម្បីធ្វើយ៉ាងណាបង្កើនចំណូលជាតិ?
ឯកអគ្គរដ្ឋទូតអាមេរិក៖ ស្រុកខ្មែរ ស្ថានភាពប្រហាក់នឹងស្ថានភាពនៅឥណ្ឌូណេស៊ីពេលខ្ញុំស្ថិតនៅទីនោះ។ នៅកម្ពុជា គេគ្រប់គ្នាមកទស្សនាប្រាសាទអង្គរវត្ត ហើយនៅឥណ្ឌូណេស៊ីដូចគ្នាដែរគឺ គេនាំគ្នាមកទស្សនាកោះបាលី។
ប៉ុន្តែរដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិវឌ្ឍគោលដៅទេសចរទីពីរដែលគេអាចទៅទស្សនាបាន។ ឧទាហរណ៍ដូចជាកោះ ស៊ូម៉ាត្រា, បឹង Maninjau, កោះស៊ូឡាវេស៊ី (Sulawesi) ក៏ដូចជាក្រុង Yogyakarta។ ខ្ញុំគិតថា កម្ពុជាត្រូវផ្តោតសំខាន់លើគោលដៅទេសចរណ៍ទីពីរដូចគ្នាដែរ។ អ្នកចង់ឲ្យអ្នកទេសចរស្នាក់នៅយូរជាងបីថ្ងៃនៅទីនេះ។ អ្នកមិនចង់ឲ្យគេទៅប្រទេសថៃ ហើយត្រឹមចំណាយពេលបីថ្ងៃមកទស្សនាអង្គរវត្ត ហើយហោះត្រឡប់ទៅវិញឡើយ។ អ្នកចង់ឲ្យគេមកកម្សាន្តនៅកម្ពុជាពីរអាទិត្យ ហើយក្នុងនោះមានការកម្សាន្តនៅសៀមរាបដែរ។
គោលដៅទេសចរណ៍ទីពីរចាំបាច់ត្រូវអភិវឌ្ឍ ហើយវាចាប់ផ្តើមកើតឡើងហើយ។ ដូចឃើញស្រាប់នៅមណ្ឌលគីរី, រតនគីរី, បាត់ដំបង និងខេត្តជាប់សមុទ្រមានកំពត កែប និងនៅកោះកុងផងដែរ។ ពាក់ព័ន្ធតំបន់អេកូទេសចរណ៍ វាមានគម្រោងអេកូទេសចរណ៍បួនកន្លែងល្អៗហើយនៅកោះកុង ហើយរាល់តំបន់ទាំងនោះគឺមានដំណើរការល្អ និងគួរឲ្យទាក់ទាញ។ ខ្ញុំគិតថា វាជាអ្វីដែលល្អដែលកម្ពុជាអាចផ្តោតការយកចិត្តទឹកដាក់ ព្រោះវាជាតំបន់ព្រៃឈើធំបំផុតនៅសេសសល់នៅអាស៊ីអាគ្នេយ៍ ហើយនៅលើអាស៊ីអាគ្នេយ៍ដីគោកគឺព្រៃនៅជួរភ្នំក្រវ៉ាញ។ បើសិនជាអ្នករៀបចំតំបន់អេកូទេសចរណ៍បានច្រើន អ្នកទេសចរអាមេរិកជាច្រើនប្រាកដជាមកទស្សនា៕