ជាតិ
លោក អ៊ូ ផាន់ណារិទ្ធ៖ កម្មវិធី DDoS ជាការវាយប្រហារធ្វើឲ្យអ៊ីនធឺណិតយឺត ដែលធ្វើឲ្យប្រទេសទូទាំងពិភពលោកខ្លាចបំផុត រូបពីហ្វេសប៊ុកលោក អ៊ូ ផាន់ណារិទ្ធ
× ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានក្រុមហ៊ុនអ៊ីនធឺណិតមួយចំនួន រងការវាយប្រហារតាមរយៈកម្មវិធីមួយ ដែលឈ្មោះថា Distributed Denial Of Service (DDoS»)។ វាជាកម្មវិធីមួយ ដែលកំពុងរំខានដល់ក្រុមហ៊ុនបម្រើការសេវាកម្មអ៊ីនធឺណិតនៅកម្ពុជា ដែលក្នុងនោះរួមមាន ក្រុមហ៊ុន EZECOM , ក្រុមហ៊ុន SI Net និងក្រុមហ៊ុនដទៃទៀត។
ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អ៊ូ ផាន់ណារិទ្ធ បាននិយាយថា កម្មវិធី DDoS នេះ មិនមែនជាការលួច(Hack) ចូលក្នុងគណនី ដើម្បីទាញយកទិន្នន័យអ្វីនោះទេ ប៉ុន្តែវាជាការវាយប្រហារធ្វើឲ្យអ៊ីនធឺណិតយឺត។ បើតាមលោក អ៊ូ ផាន់ណារិទ្ធ កម្មវិធី DDoS នេះ បានធ្វើឲ្យពិភពលោកមានការភ័យខ្លាចបំផុត ហើយក៏មិនទាន់មានប្រទេសណាមួយ មានយន្តការច្បាស់លាស់ ក្នុងការទប់ស្កាត់នោះដែរ។
ជាបន្តសូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជុំវិញបញ្ហាវាយប្រហាររបស់កម្មវិធី DDoS នេះ ដូចតទៅ៖
ដើម្បីដោះស្រាយ ឬបញ្ចៀសការវាយប្រហារពីកម្មវិធី DDoS នេះ ប្រតិបត្តិការលើសេវាទូរគមនាគមន៍ទាំងអស់ ត្រូវស្វែងរកឧបករណ៍ការពារ ដែលមានការលក់នៅទីផ្សារអ៊ីនធឺណិត។ នេះជាការបញ្ជាក់របស់លោក អ៊ូ ផាន់ណារិទ្ធ។
ទាក់ទងនឹងបញ្ហាវាយប្រហារនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងនឹងជួបជាមួយក្រុមហ៊ុនអ៊ីនធឺណិតនៅកម្ពុជា ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហានេះផងដែរ៕
Tag:
អ៊ូ ផាន់ណារិទ្ធ
DDoS
អ៊ីនធឺណេត
© រក្សាសិទ្ធិដោយ thmeythmey.com