ជាតិ
លោក អ៊ូ ផាន់​ណា​រិ​ទ្ធ​៖ កម្មវិធី DDoS ជាការ​វាយប្រហារ​ធ្វើ​ឲ្យ​អ៊ី​ន​ធឺ​ណិត​យឺត ដែល​ធ្វើ​ឲ្យ​ប្រទេស​ទូទាំង​ពិភពលោក​ខ្លាច​បំផុត​
07, Nov 2018 , 12:20 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក អ៊ូ ផាន់ណារិទ្ធ
រូបពីហ្វេសប៊ុកលោក អ៊ូ ផាន់ណារិទ្ធ
​ភ្នំពេញ​៖ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណិត​មួយចំនួន រង​ការវាយប្រហារ​តាមរយៈ​កម្មវិធី​មួយ ដែល​ឈ្មោះថា Distributed Denial Of Service (DDoS»)​។ វា​ជា​កម្មវិធី​មួយ ដែល​កំពុង​រំខាន​ដល់​ក្រុមហ៊ុន​បម្រើការ​សេវាកម្ម​អ៊ី​ន​ធឺ​ណិ​ត​នៅ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន ក្រុមហ៊ុន EZECOM , ក្រុមហ៊ុន SI Net និង​ក្រុមហ៊ុន​ដទៃទៀត​។​

 
​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក អ៊ូ ផាន់​ណា​រិ​ទ្ធ បាន​និយាយថា កម្មវិធី DDoS នេះ មិនមែន​ជាការ​លួច​(Hack) ចូលក្នុង​គណនី ដើម្បី​ទាញយក​ទិន្នន័យ​អ្វី​នោះទេ ប៉ុន្តែ​វា​ជាការ​វាយប្រហារ​ធ្វើ​ឲ្យ​អ៊ី​ន​ធឺ​ណិ​ត​យឺត​។ បើតាម​លោក អ៊ូ ផាន់​ណា​រិ​ទ្ធ កម្មវិធី DDoS នេះ បានធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ័យខ្លាច​បំផុត ហើយក៏​មិនទាន់មាន​ប្រទេស​ណាមួយ មាន​យន្តការ​ច្បាស់លាស់ ក្នុងការ​ទប់ស្កាត់​នោះដែរ​។​
 
​ជា​បន្ត​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក អ៊ូ ផាន់​ណា​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជុំវិញ​បញ្ហា​វាយប្រហារ​របស់​កម្មវិធី DDoS នេះ ដូចតទៅ​៖



 
​ដើម្បី​ដោះស្រាយ ឬ​បញ្ចៀស​ការវាយប្រហារ​ពី​កម្មវិធី DDoS នេះ ប្រតិបត្តិការ​លើ​សេវា​ទូរគមនាគមន៍​ទាំងអស់ ត្រូវ​ស្វែង​រកឧបករណ៍​ការពារ ដែលមាន​ការលក់​នៅ​ទីផ្សារ​អ៊ី​ន​ធឺ​ណិត​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ ផាន់​ណា​រិ​ទ្ធ​។​
 
​ទាក់ទង​នឹង​បញ្ហា​វាយប្រហារ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹង​ជួប​ជាមួយ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណិត​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ផងដែរ​៕

Tag:
 ​អ៊ូ ផាន់​ណា​រិ​ទ្ធ​
  DDoS
  អ៊ី​ន​ធឺ​ណេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com