អន្តរជាតិ
បោះឆ្នោតអាមេរិក៖ បក្សសាធារណរដ្ឋបន្តគ្រប់គ្រងព្រឹទ្ធសភា ឯប្រជាធិបតេយ្យដណ្ដើមបានរដ្ឋសភា
× ពីរឆ្នាំក្រោយកាន់កាប់ដោយបក្សតែមួយ ស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិក នឹងដឹកនាំដោយបក្សពីរវិញម្ដង។ លទ្ធផលបថមនៃការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិថ្ងៃទី៦ ខែវិច្ឆិកា បង្ហាញថា បក្សសាធារណរដ្ឋបន្តកាន់កាប់ព្រឹទ្ធសភាដដែល តែបាត់បង់ការគ្រប់គ្រងរដ្ឋសភា ដែលធ្លាក់ទៅក្នុងដៃបក្សប្រជាធិបតេយ្យវិញ ។ ការបាត់បង់រដ្ឋសភា នឹងក្លាយជារឿងប្រឈមដ៏ខ្លាំងសម្រាប់ប្រធានាធិបតីបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ។
ចាប់ពីពេលនេះទៅ ប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជាមិនអាចជិះសេះលែងដៃបានទៀតហើយ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox និង NBC ផ្សាយថា បក្សប្រជាធិបតេយ្យដណ្ដើមបានរដ្ឋសភាពីដៃបក្សសាធារណរដ្ឋហើយក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិថ្ងៃទី៦ ខែវិច្ឆិកា។ យ៉ាងណាមិញ បក្សសាធារណរដ្ឋរបស់លោក ត្រាំ នៅតែរំពឹងថា បន្តគ្រប់គ្រងព្រឹទ្ធសភាអាមេរិកដដែល។
លទ្ធផលនេះ ជាការបញ្ចប់តុល្យភាពអំណាចរបស់អាមេរិកដែលស្ថិតក្រោមការគ្រប់គ្រងរបស់បក្សសាធារណរដ្ឋតែមួយគត់ ក្រោយការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០១៦ មកនោះ។ វាក៏ជាគំរាមកំហែងដល់លោក ត្រាំ ដែលធ្លាប់តែឆ្លងកាត់ស្ថាប័ននីតិបញ្ញត្តិងាយស្រួលនាពេលកន្លងមក។ មានន័យថា បក្សប្រជាធិបតេយ្យ អាចជំទាស់គោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ បានកាន់តែស្រួល និងអាចត្រួតពិនិត្យរាល់ទង្វើរបស់ប្រធានាធិបតីរូបនេះផង។
យ៉ាងណាមិញ លទ្ធផលនេះ នៅតែមិនទាន់ក្លាយជាផ្លូវការនៅឡើយទេ ខណៈការរាប់សន្លឹកឆ្នោតកំពុងធ្វើឡើងទូទាំងប្រទេស ហើយមានរដ្ឋខ្លះកំពុងបន្តការបោះឆ្នោតនៅឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រជាជនអាមេរិកជាច្រើនលាននាក់ នាំគ្នាសម្រុកទៅកាន់ការិយាល័យបោះឆ្នោត និងតម្រង់ជួរវែងអន្លាយ ដើម្បីជ្រើសរើសសមាជិករដ្ឋសភាចំនួន ៤៣៥នាក់, សមាជិកព្រឹទ្ធសភាចំនួន៣៥នាក់ក្នុងចំណោម១០០នាក់ និងតំណែងអភិបាលរដ្ឋ និងក្រុងចំនួន៣៦ទៀត។
តាមលទ្ធផលខាងលើ បក្សប្រជាធិបតេយ្យនឹងទទួលបានអាសនៈលើស ២១៨ ដែលចាំបាច់ដើម្បីគ្រប់គ្រងរដ្ឋសភាហើយ ដែលនេះជាលើកដំបូងតាំងពីឆ្នាំ២០១០ មក។ នៅព្រឹទ្ធសភាវិញ បក្សប្រជាធិបតេយ្យដណ្ដើមបានអាសនចំនួន១៤ ក្នុងចំណោម២៣ ដែលបក្សសាធារណរដ្ឋត្រូវការដើម្បីបន្តសំឡេងភាគច្រើនរបស់ខ្លួន។
ជាមួយគ្នានេះ អាមេរិក ក៏មានសមាជិករដ្ឋសភាជាស្ត្រីមូស្លីម និងអភិបាលរដ្ឋប្រុសស្រឡាញ់ប្រុសលើកដំបូង។ លោកស្រី Ilhan Omar ដែលជាជនភៀសខ្លួនសូម៉ាលី ជាប់ឆ្នោតជាសមាជិកសភានៃបក្សប្រចាំមណ្ឌល Minnesota ឯលោកស្រី Rashida Tlaib ដើមកំណើតប៉ាឡេស្ទីននោះ ក៏ជាប់ឆ្នោតដោយស្រួលដែរ។ ស្ត្រីមូស្លីមទាំងពីរនេះ សុទ្ធតែមកពីបក្សប្រជាធិបតេយ្យ។ លោក Jared Polis ក្លាយជាអភិបាលប្រុសភេទដូចគ្នាលើកដំបូងរបស់អាមេរិក ក្រោយឈ្នះតំណែងអភិបាលរដ្ឋ Colorado ៕
Tag:
អាមេរិក
បក្សសាធារណរដ្ឋ
បក្សប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com