អន្តរជាតិ
ថៃ​៖ មនុស្ស​ជំនិត​ត្រកូល​ស៊ីណា​វ៉ា​ត់ បើក​បក្ស​ថ្មី​ត្រៀម​ប្រជែង​ការបោះឆ្នោត​
08, Nov 2018 , 8:19 pm        
រូបភាព
​សម្ព័ន្ធមិត្ត និង​សាច់ញាតិ​របស់​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ស៊ីណា​វ៉ា​ត់ បាន​បង្កើត​បក្សនយោបាយ​ថ្មី​មួយ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០១៩ ។ ខណៈ​មាន​បក្ស​ភឿ​ថៃ​ស្រាប់​ហើយ​នោះ ការបង្កើត​បក្ស​ថ្មី​នេះ អាចជា​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​ដែល​នៅតែមាន​សមានចិត្ត​ចំពោះ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដើម្បី​ដណ្ដើមយក​អាសនៈ​សភា និង​ឈានទៅ​ដឹកនាំ​រដ្ឋាភិបាល​នៅពេល​ខាងមុខ​។

 
​ការបោះឆ្នោត​កាន់តែ​ខិតជិត​ដល់ អ្នកនយោបាយ​ថៃ​បាន​ប្រុងប្រៀប​ខ្លួន​ដើម្បី​ប្រជែង​កៅអី​សមាជិកសភា និង​ការដឹកនាំ​រដ្ឋាភិបាល​។ បក្សនយោបាយ​ចាស់ៗ នាំគ្នា​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ខណៈ​អ្នកនយោបាយ​វ័យ​ក្មេងជំនាន់ក្រោយ ក៏​នាំគ្នា​បង្កើត​បក្ស​ថ្មី​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​យោធា​កំពុង​កាន់អំណាច​អស់​ពេល​ជាង​៤​ឆ្នាំ​មកហើយ​។​
 
​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា គណបក្ស​ថ្មី​មួយទៀត​ក៏​កើតឡើង​។ គណបក្ស​ថៃ​រក្សា​ជាតិ (Thai Raksa Chart) ប្រមូលផ្ដុំ​ដោយ​បណ្ដា​សម្ព័ន្ធមិត្ត និង​ក្មួយប្រុស​ស្រី អ្នកជំនាន់ក្រោយ ក៏ដូចជា​មនុស្ស​ជំនិត​របស់​អ​តី​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​ប្អូនស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ។ បក្ស​ថ្មី​នេះ​ដឹកនាំ​ដោយ​លោក Preechapol Pongpanich ដែលជា​អតីត​សមាជិកសភា​របស់​បក្ស​ភឿ​ថៃ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ការបោះឆ្នោត​សភា គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​ជាច្រើនលើក​រួចមក​។ ទោះជា​មាន​បក្ស​ច្រើន​គ្រោង​ចូលរួម​មែន ការបោះឆ្នោត​ឆ្នាំក្រោយ ត្រូវបាន​គេ​មើលឃើញ​ជាការ​ប្រជែង​រវាង​ម្ខាង​ក្រុមគាំទ្រ​យោធា និង​រាជវាំង​ថៃ ជាមួយ​ម្ខាង​ទៀត​ដែល​ស្មោះស្ម័គ្រ​នឹង​ក្រុម​អាវ​ក្រហម​របស់​ត្រកូល​ស៊ីណា​វ៉ា​ត់​។ 
 
​អ្នកជំនាញ​ផ្នែក​វិទ្យា​សា​ស្រ​នយោបាយ Yuttaporn Issarachai បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ការបង្កើត​ថ្មី​បន្ថែម​លើ​បក្ស​ភឿ​ថៃ​នេះ ជា​យុទ្ធសាស្ត្រ​ដើម្បី​ប្រមូល​កៅអី​សភា​ឲ្យ​ច្រើន​ក្នុងការ​បោះឆ្នោត​ខែកុម្ភៈ​ខាងមុខ​។ នេះ​ក៏​ព្រោះតែ​ច្បាប់​ថ្មី​ដែល​សរសេរ​ដោយ​ក្រុម​យោធា បាន​កាត់បន្ថយ​ចំនួន​អាសន​នៅតាម​មណ្ឌល​ដែល​បក្ស​ភឿ​ថៃ​ធ្លាប់​ឈ្នះ​នាពេល​កន្លងមក​។ ដូចនេះ បើ​បូក​កៅអី​របស់​បក្ស​ថ្មី​នេះ ក្រុមមនុស្ស​ជំនិត​របស់​ត្រកូល​ស៊ីណា​វ៉ា​ត់ សង្ឃឹម​ឈ្នះ​កៅអី​លើស​២៥០ ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​។​
 
​ក្រៅពី​រំពឹង​បាន​កៅអី​សភា​ថែម បក្ស​ថ្មី​នេះ​អាចជា​ផ្លូវ​ក្រោយ​របស់​បក្ស​ភឿ​ថៃ​ផងដែរ ដ្បិត​បក្ស​ភឿ​ថៃ​កំពុង​ជាប់​សង្ស័យ​ពី​សំណាក់​ក្រុម​យោធា​ជុំវិញ​ការទាក់ទង​ជាមួយ​លោក​ថាក់ស៊ីន ហើយ​ដែល​ប្រឈមមុខ​នឹង​ការរំលាយ​បក្ស​ផង​។ ទោះជា​មានការ​គំរាម​ក្ដី អតីត​បក្ស​កាន់អំណាច​នៅតែ​មិន​ចុះចាញ់ និង​រំពឹង​ទទួលលទ្ធផល​ល្អ​បន្តទៀត ព្រោះ​ប្រជាប្រិយភាព​របស់​ត្រកូល​ថាក់ស៊ីន​នៅតែមាន​ក្នុងចំណោម​ប្រជាជន​ថៃ​ដដែល​៕
 

Tag:
 ​ថៃ​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​
© រក្សាសិទ្ធិដោយ thmeythmey.com