ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ ត្រូវប្រជែងជាមួយកីឡាករកូនកាត់ឥណ្ឌូណេស៊ី-ហូឡង់ នៅសិង្ហបុរីថ្ងៃនេះ
× មាស ម៉ើ ជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតក្បាច់គុនចម្រុះលំដាប់ពិភពលោក NOE: Heart of the Lion ដែលរៀបចំនៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ កីឡាករមកពីខេត្តកំពង់ឆ្នាំងរូបនេះ ត្រូវប្រជែងតទល់ជាមួយកីឡាករកូនកាត់ហ្វីលីពីន-ហូឡង់ Anthony Engelen។
ក្រោយការប្រកួតរបស់កីឡាករ ចាន់ រតនា ត្រូវបានលប់ចោលប៉ុន្មានថ្ងៃមុនការប្រកួតដោយសារដៃគូមានរបួស ធ្វើឲ្យ មាស ម៉ើ ក្លាយជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលបានបង្ហាញវត្តមាន និងបង្ហាញទង់ជាតិកម្ពុជាមុខអ្នកគាំត្រអន្តរជាតិក្នុងព្រឹត្តិការណ៍ពិភពលោកនៅសិង្ហបុរី របស់ស្ថាប័នប្រដាល់ ONE Championship។
ម្ចាស់ជើងឯកប្រចាំកម្មវិធី Khmer Warrior Challenge រដូវកាលទី២រូបនេះ ត្រូវតតាំងជាមួយអតីតម្ចាស់ជើងឯកពីរសាសន៍ឥណ្ឌូណេស៊ី-ហូឡង់ Anthony Engelen លើប្រភេទទម្ងន់ស្រាល Bantamweight ក្នុងព្រឹត្តិការណ៍ ONE: Heart of the Lion។ ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៤:៣០នាទីរសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី៩ ខែវិច្ឆិកា នៅកីឡដ្ឋាន Singapore Indoor Stadium។
នេះជាការបង្ហាញក្នុងការប្រកួតក្បាច់គុនចម្រុះ MMA លើកទី១២របស់កីឡាករមកពីខេត្តកំពង់ធំរូបនេះ។ សម្រាប់ការប្រកួត១១លើកកន្លងមកអ្នកលេងគុនខ្មែររូបនេះ បានយកឈ្នះគូប្រកួត៩ដង និងចាញ់២ដង។ ប៉ុន្តែប្រជាប្រិយភាពរបស់គេ ហាក់ធ្លាក់ចុះបន្តិចនៅឆ្នាំ២០១៨នេះ ដូច្នេះ មាស ម៉ើ ត្រូវការឈ្នះនៅថ្ងៃនេះ ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ។
មុនការប្រកួតមកដល់ប៉ុន្មានថ្ងៃ អ្នកលេងយូដូវ័យ២៨ឆ្នាំរូបនេះ ស្នើរកការគាំទ្រនិងលើកទឹកចិត្តពីអ្នកគាំទ្រកម្ពុជា ដើម្បីជំរុញទឹកចិត្តក្នុងការប្រកួតឲ្យកាន់តែខ្លាំងថែមទៀត។ ជាមួយគ្នានេះ រូបគេបានប្តេជ្ញានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលល្អប្រសើរណាមួយជូនអ្នកគាំទ្រ។
ក្រៅពីគូខាងលើ ក៏មានការប្រកួតដ៏ស្វិតស្វាញ និងជក់ចិត្តចំនួន១៣គូទៀតផងដែរ ពិសេសការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាលរវាងម្ចាស់ខ្សែក្រវ៉ាត់ប្រេស៊ីល Bibiano Fernandes ជាមួយម្ចាស់ខ្សែក្រវាត់មកពីហ្វីលីពីន Kevin Belingon។ កីឡាករទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយនៅខែមករា ដើមឆ្នាំ២០១៦ ដោយកាលនោះកីឡាករ Bibiano Fernandes ជាអ្នកឈ្នះ។ ដូច្នេះការជួបគ្នាលើកនេះ វាជាឱកាសសងសឹកសម្រាប់ Kevin Belingon ដើម្បីជម្រះបញ្ជីចាស់៕
Tag:
MMA
មាស ម៉ើ
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com