ក្រោយ​ចុះទៅ​មើល​ផ្ទាល់ ទូត​អឺរ៉ុប សម្តែង​ការពេញចិត្ត​នឹង​ការចាយ​ថវិកា​គម្រោង នៅ​ព្រៃវែង​និង​ស្វាយរៀង
ជាតិ
សង្គមជាតិ
ក្រោយ​ចុះទៅ​មើល​ផ្ទាល់ ទូត​អឺរ៉ុប សម្តែង​ការពេញចិត្ត​នឹង​ការចាយ​ថវិកា​គម្រោង នៅ​ព្រៃវែង​និង​ស្វាយរៀង
12, Nov 2018 , 4:37 pm        
រូបភាព
លោក ចច អេដហ្គា (ពាក់វែនតាខ្មៅ) និងក្រុមការងារ រួមទាំងអ្នកកាសែត ជិះទូកចេញពីភូមិបាទី ទៅកាន់សហគមន៍ទេសាទបាបោង
លោក ចច អេដហ្គា (ពាក់វែនតាខ្មៅ) និងក្រុមការងារ រួមទាំងអ្នកកាសែត ជិះទូកចេញពីភូមិបាទី ទៅកាន់សហគមន៍ទេសាទបាបោង
ដោយ: ថ្មីៗ
​ថ្ងៃទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ច​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ចុះទៅពិនិត្យ​គម្រោង​មួយចំនួន​ក្នុង​ខេត្តព្រៃវែង​និង​ខេត្តស្វាយរៀង ដែល​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​។ មាន​អ្នកកាសែត​ពី​ស្ថាប័ន​ផ្សេងគ្នា​ប្រមាណ​២០ បានធ្វើ​ដំណើរ​ទៅជា​មួយ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដើម្បី​យក​ព័ត៌មាន​ពី​រឿងនេះ​។

 

 
​គម្រោង​ទាំងនោះ ផ្តោតលើ​វិស័យ​សំខាន់ៗ​ជាច្រើន រួមមាន គម្រោង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ក្នុង​វិស័យ​កសិកម្ម (​ជលផល​និង​ការចិញ្ចឹម​សត្វ​), គម្រោង​ចិញ្ចឹម​ត្រី​ក្នុង​ស្រែ​, ការពង្រឹង​សមត្ថភាព​និង​ប្រព័ន្ធ​ភ្នាក់ងារ​សុខភាព​ភូមិ​, ការបញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ ក្នុង​ប្រព័ន្ធ​អប់រំ​, មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ (CDPF) ដំណាក់កាល​ទី​២ ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧, គម្រោង​ពង្រឹង​សង្គម​ស៊ីវិល ដើម្បី​ការ​អភិ​វិ​ឌ្ឍ​ប្រជាធិបតេយ្យ និង គម្រោង​លើកកម្ពស់​ការចូលរួម​របស់​កុមារ​ក្នុង​អភិបាលកិច្ច​មូលដ្ឋាន​នៅ​កម្ពុជា ជាដើម​។ 
 
​ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃនេះ លោក ច​ច អេ​ដ​ហ្គា បានធ្វើ​សន្និសីទកាសែត​ខ្លី​មួយ ដើម្បី​វាយតម្លៃ​ជារួម នូវ​អ្វីដែល​លោក បាន​សង្កេតឃើញ​ចំពោះ​គម្រោង​ទាំងនោះ​។ នៅ​ចំពោះមុខ​អ្នកកាសែត លោក បាន​សម្តែង​ក្តី​សោមនស្ស​ចំពោះ​សមិទ្ធផល ដែល​កើតចេញពី​ការប្រើប្រាស់​ថវិកា ជា​ជំនួយ​របស់​សហភាព​អឺរ៉ុប​។ 
 
​ឯកអគ្គរដ្ឋទូត​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន ជាមួយ​អ្វីដែល​ខ្ញុំ​បាន​មើលឃើញ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​»​។ 
 
«​តើ​ថវិកា ដែល​សហភាព​អឺរ៉ុប ផ្តល់​ឲ្យ​សម្រាប់​គម្រោង​ក្នុង​ខេត្ត​ទាំងពីរ​ហ្នឹង ត្រូវបាន​ចំណាយ​និង​ប្រើប្រាស់​ត្រឹមត្រូវ​ដែរ​ទេ ហើយ​លោក អាច​ទទួលយកបាន​និង​ពេញចិត្ត​ចំពោះ​ការប្រើប្រាស់​ថវិកា​ទាំងនេះ​ដែរ​ឬក៏​អត់​?»​។ អ្នកកាសែត បាន​សួរ​បែបនេះ​ទៅកាន់​លោក ច​ច អេ​ដ​ហ្គា ហើយ​លោក បាន​ឆ្លើយ​យ៉ាងខ្លី​ថា​៖«​ផ្អែកលើ​អ្វីដែល​ខ្ញុំ បាន​មើលឃើញ គឺ​ខ្ញុំ​ពិតជា​ពេញចិត្ត​»​។ 
 
​យ៉ាងណាក៏ដោយ លោក ពុំបាន​បញ្ជាក់​លម្អិត​ពី​ទំហំ​ថវិកា ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​សម្រាប់​គម្រោង​ក្នុង​ខេត្ត​ទាំងពីរ​នេះ​ទេ​។ តែ​លោក ប្រាប់ថា ថវិកា​រួម ដែល​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ មាន​ទំហំ​ជិត​៥០០​លាន​ដុល្លារ ដោយ​គិតពី​ឆ្នាំ​២០១៤ រហូតដល់​ឆ្នាំ​២០២០​។ 
 
​លោក ច​ច អេ​ដ​ហ្គា បន្ថែមថា សហភាព​អឺរ៉ុប នៅតែ​បន្ត​គាំទ្រ​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​កម្ពុជា គ្រាន់តែ​ថា កញ្ចប់​ថវិកា​សម្រាប់​គ​ម្រោ​ង​ក្នុង​ខេត្ត​ទាំងពីរ នឹងត្រូវ​បន្ត​ផ្តល់​ឲ្យ​ទៀត​យ៉ាងណា​នោះ លោក មិនទាន់​ហ៊ាន​អះអាង​ឡើយ​។ លោក ថ្លែង​បែបនេះ​ថា​៖«​យើង បាន​មើលឃើញ​និង​យល់​ទាំងអស់គ្នា​ថា អ្វីដែល​សហភាព​អឺរ៉ុប កំពុង​ធ្វើ​នេះ ពិតជា​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​មាន​ភាពល្អប្រសើរ​ជាង​មុន​ពិតប្រាកដ​មែន​»​។ 
 
​ក្នុងចំណោម​គម្រោង​ទាំងនោះ គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ការជួយ​កុមារ បានធ្វើ​ឲ្យ​លោក សប្បាយចិត្ត​ជាខ្លាំង​។ លោក និយាយ​ទាំង​ត្រេកអរ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ចាប់អារម្មណ៍​មែនទែន ពេល​ឃើញ​កុមារ​និង​យុវជន អាច​ចូលរួម​ធ្វើ​សេចក្តីសម្រេច​អ្វីមួយ​ជាមួយ​អាជ្ញាធរ​។ ពួកគេ​មាន​សេចក្តីក្លាហាន មានការ​តាំងចិត្ត ពូកែ​និយាយ និង ចេះ​រៀបរាប់​ពី​បញ្ហា​របស់​ពួកគេ​»​។ 
 
១. ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប ដែល​ស្ថិត​ក្នុងភូមិ​បាទី ឃុំ​ពាម​រក៍​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​


















 
២. ទស្សនកិច្ច​ នៅសហគមន៍​ទេ​សាទ​បា​បោង ដែល​សិ្ថ​ត​ក្នុងភូមិ​បា​បោង ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​




















 
៣. ទស្សនកិច្ច នៅ​សាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​




















 
៤. ទស្សនកិច្ច​នៅ​វិទ្យាល័យ ហ៊ុន សែន តា​គោក ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង​






 
៥. ​ទស្សនកិច្ច នៅ​សាលា​សង្កាត់​ស្វាយ​តឿ ក្នុង​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​














 ៦. 
ទស្សនកិច្ច​នៅផ្ទះ​របស់លោក​ស្រី មុំ ផែន ជា​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​និង​ជា​អ្នក​ប្រកបមុខរប​ប​ចិញ្ចឹម​មាន់​និង​ត្រី ក្នុងភូមិ​ត្រោក ឃុំ​តា​សួស ស្រុក​រមាសហែក ខេត្តស្វាយរៀង











 

៧. 
ទស្សនកិច្ច​នៅ​វិទ្យាល័យ​កំពង់​សំរោង ស្ថិតក្នុង​ឃុំ​កំពង់អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​



























 

Tag:
 EU
  George EDGAR
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com