ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ចច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចុះទៅពិនិត្យគម្រោងមួយចំនួនក្នុងខេត្តព្រៃវែងនិងខេត្តស្វាយរៀង ដែលទទួលជំនួយពីសហភាពអឺរ៉ុប។ មានអ្នកកាសែតពីស្ថាប័នផ្សេងគ្នាប្រមាណ២០ បានធ្វើដំណើរទៅជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីយកព័ត៌មានពីរឿងនេះ។
គម្រោងទាំងនោះ ផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមាន គម្រោងលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងវិស័យកសិកម្ម (ជលផលនិងការចិញ្ចឹមសត្វ), គម្រោងចិញ្ចឹមត្រីក្នុងស្រែ, ការពង្រឹងសមត្ថភាពនិងប្រព័ន្ធភ្នាក់ងារសុខភាពភូមិ, ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ក្នុងប្រព័ន្ធអប់រំ, មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF) ដំណាក់កាលទី២ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧, គម្រោងពង្រឹងសង្គមស៊ីវិល ដើម្បីការអភិវិឌ្ឍប្រជាធិបតេយ្យ និង គម្រោងលើកកម្ពស់ការចូលរួមរបស់កុមារក្នុងអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា ជាដើម។
ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃនេះ លោក ចច អេដហ្គា បានធ្វើសន្និសីទកាសែតខ្លីមួយ ដើម្បីវាយតម្លៃជារួម នូវអ្វីដែលលោក បានសង្កេតឃើញចំពោះគម្រោងទាំងនោះ។ នៅចំពោះមុខអ្នកកាសែត លោក បានសម្តែងក្តីសោមនស្សចំពោះសមិទ្ធផល ដែលកើតចេញពីការប្រើប្រាស់ថវិកា ជាជំនួយរបស់សហភាពអឺរ៉ុប។
ឯកអគ្គរដ្ឋទូតរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន ជាមួយអ្វីដែលខ្ញុំបានមើលឃើញ នៅក្នុងដំណើរទស្សនកិច្ចនេះ»។
«តើថវិកា ដែលសហភាពអឺរ៉ុប ផ្តល់ឲ្យសម្រាប់គម្រោងក្នុងខេត្តទាំងពីរហ្នឹង ត្រូវបានចំណាយនិងប្រើប្រាស់ត្រឹមត្រូវដែរទេ ហើយលោក អាចទទួលយកបាននិងពេញចិត្តចំពោះការប្រើប្រាស់ថវិកាទាំងនេះដែរឬក៏អត់?»។ អ្នកកាសែត បានសួរបែបនេះទៅកាន់លោក ចច អេដហ្គា ហើយលោក បានឆ្លើយយ៉ាងខ្លីថា៖«ផ្អែកលើអ្វីដែលខ្ញុំ បានមើលឃើញ គឺខ្ញុំពិតជាពេញចិត្ត»។
យ៉ាងណាក៏ដោយ លោក ពុំបានបញ្ជាក់លម្អិតពីទំហំថវិកា ដែលសហភាពអឺរ៉ុបផ្តល់ឲ្យសម្រាប់គម្រោងក្នុងខេត្តទាំងពីរនេះទេ។ តែលោក ប្រាប់ថា ថវិការួម ដែលសហភាពអឺរ៉ុបផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍលើវិស័យផ្សេងៗ មានទំហំជិត៥០០លានដុល្លារ ដោយគិតពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២០។
លោក ចច អេដហ្គា បន្ថែមថា សហភាពអឺរ៉ុប នៅតែបន្តគាំទ្រផ្តល់ថវិកាដល់រដ្ឋាភិបាលកម្ពុជា គ្រាន់តែថា កញ្ចប់ថវិកាសម្រាប់គម្រោងក្នុងខេត្តទាំងពីរ នឹងត្រូវបន្តផ្តល់ឲ្យទៀតយ៉ាងណានោះ លោក មិនទាន់ហ៊ានអះអាងឡើយ។ លោក ថ្លែងបែបនេះថា៖«យើង បានមើលឃើញនិងយល់ទាំងអស់គ្នាថា អ្វីដែលសហភាពអឺរ៉ុប កំពុងធ្វើនេះ ពិតជានាំឲ្យមានការផ្លាស់ប្តូរ និងមានភាពល្អប្រសើរជាងមុនពិតប្រាកដមែន»។
ក្នុងចំណោមគម្រោងទាំងនោះ គម្រោងដែលពាក់ព័ន្ធនឹងការជួយកុមារ បានធ្វើឲ្យលោក សប្បាយចិត្តជាខ្លាំង។ លោក និយាយទាំងត្រេកអរយ៉ាងដូច្នេះថា៖«ខ្ញុំចាប់អារម្មណ៍មែនទែន ពេលឃើញកុមារនិងយុវជន អាចចូលរួមធ្វើសេចក្តីសម្រេចអ្វីមួយជាមួយអាជ្ញាធរ។ ពួកគេមានសេចក្តីក្លាហាន មានការតាំងចិត្ត ពូកែនិយាយ និង ចេះរៀបរាប់ពីបញ្ហារបស់ពួកគេ»។
១. ទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍវារីវប្បកម្មទឹកសាប ដែលស្ថិតក្នុងភូមិបាទី ឃុំពាមរក៍ស្រុកពាមរក៍ ខេត្តព្រៃវែង
២. ទស្សនកិច្ច នៅសហគមន៍ទេសាទបាបោង ដែលសិ្ថតក្នុងភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង
៣. ទស្សនកិច្ច នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ក្នុងឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង
៤. ទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន តាគោក ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង
៥. ទស្សនកិច្ច នៅសាលាសង្កាត់ស្វាយតឿ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង
៦. ទស្សនកិច្ចនៅផ្ទះរបស់លោកស្រី មុំ ផែន ជាភ្នាក់ងារសុខភាពសត្វភូមិនិងជាអ្នកប្រកបមុខរបបចិញ្ចឹមមាន់និងត្រី ក្នុងភូមិត្រោក ឃុំតាសួស ស្រុករមាសហែក ខេត្តស្វាយរៀង
៧. ទស្សនកិច្ចនៅវិទ្យាល័យកំពង់សំរោង ស្ថិតក្នុងឃុំកំពង់អំពិល ស្រុករមាសហែក ខេត្តស្វាយរៀង