កីឡាអន្តរជាតិ
អន្តរជាតិ
AFC ព្រមាន​អ៊ីរ៉ង់​ជុំវិញ​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​មុន​ព្រឹត្តិការណ៍ Asian Cup
15, Nov 2018 , 8:39 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ព្រមាន​អ៊ីរ៉ង់ ថា​ពួកគេ​អាច​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​នៅមុន​ការប្រកួត Asian Cup 2019 នា​ខែមករា​ខាងមុខ​ជុំវិញ​ការជ្រៀតជ្រែក​របស់​រដ្ឋា​ភិ​បាល​ទៅក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​របស់​ពួកគេ​។


 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការព្រមាន​ខាងលើ​កើតឡើង​បន្ទាប់ពី​សភា​អ៊ីរ៉ង់​បានអនុម័ត​ច្បាប់​រារាំង​មន្ត្រី​ដែល​ចូលនិវត្តន៍​ទៅហើយ​មក​ធ្វើការ​វិញ​ដែលមាន​ដូចជា​នៅក្នុង​រដ្ឋាភិបាល រដ្ឋ និង​ស្ថាប័ន​សាធារណៈ​ដែល​ប្រើ​លុយ ឬ​បរិក្ខារ​របស់​រដ្ឋ​។​
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​ច្បាប់​នេះ​ក៏​ត្រូវបាន​អនុវត្ត​ទៅលើ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ (FFIRI) បច្ចុប្បន្ន លោក Mahdi Taj និង​សមាជិក​ក្រុមប្រឹក្សាភិបាល​មួយចំនួនទៀត​ផងដែរ​។​
 
AFC បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​វិ​ច្ឆ​កា​ថា​ពួកគេ​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​ពី​បញ្ហា​បច្ចុប្បន្ន ហើយ​ថា FFIRI បានប្រកាស​ខ្លួន​ថា​មិន​ស្ថិតក្រោម​ការ​គ្រាប់​គ្រង​របស់​រដ្ឋាភិបាល​នោះទេ​។​
 
​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​តំបន់​អាស៊ី​ព្រមាន​ទៀតថា​៖«​សមាគម​សមាជិក​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន​ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​ភាគី​ទី ៣ ណាមួយ​ពី​រដ្ឋាភិបាល ឬ​សភា​ឡើយ​។ AFC មាន​គោលនយោបាយ​មិន​អត់ឱន​ចំពោះ​ការជ្រៀតជ្រែក​របស់​ភាគី​ទី​បី​ណាមួយ​នៅក្នុង​សមាគមន៍​ជា​សមាជិក​របស់ខ្លួន ហើយ​សង្ឃឹមថា​រយៈពេល​ក្រោម​២​ខែ ចំពោះ​ការចូលរួម​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ ២០១៩ នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ខាង​ភាគី FFIRI អាច​រក្សា​ឯករាជ្យ​របស់ខ្លួន និង​ចៀសវាង​ការដាក់ទណ្ឌកម្ម​ណាមួយ​។​
 
​ជុំវិញ​ករណី​នេះដែរ FIFA ក៏​ធ្លាប់បាន​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​ម្តង​រួចមកហើយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៦ ដោយសារតែ​ការជ្រៀតជ្រែក​របស់​រដ្ឋា​ភិ​បាល​នៅក្នុង FFIRI ។ ការហាម​នោះ​ត្រូវបាន​ដកចេញ​វិញ​នៅ​រយៈពេល​មួយខែ​ក្រោយមក​៕
 

Tag:
 បាល់ទាត់​
  AFC Asian Cup
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com