ជាតិ
មនុស្ស​៤​នាក់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន លើ​ករណី​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​
15, Nov 2018 , 5:15 pm        
រូបភាព
​ភ្នំពេញ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ជន​ចាប់​ចោទ​៤​នាក់ ក្នុង​ពន្ធនាគារ​ព្រៃ​ស បន្ទាប់ពី​បាន​បើក​ការ​ស៊ើបសួរ ទៅលើ​ជនសង្ស័យ​ចំនួន​១៥​នាក់ លើ​ករណី​ជួញដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​បទ​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ នា​ថ្ងៃទី​១៥​វិច្ឆិកា​នេះ​។

 
​តុលាការ​សម្រេច​ឃុំ​អ្នក​ទាំង​៤​នាក់​នេះ គឺ​យោងតាម​មាត្រា​១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​មាត្រា​៣៣២ នៃ​ក្រមព្រហ្មទណ្ឌ ពីបទ «​សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ​»​។ ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​សទាំង​៤​នាក់​នោះ មានឈ្មោះ សុខ ឃឿន​, ឈ្មោះ ខៀវ វណ្ណា​, ឈ្មោះ ចេង សំអុល និង​ឈ្មោះ អៀង ម៉ាន់​។​
 
​តុលាការ នឹង​បញ្ជូន​ជន​ត្រូវ​ចោទ​សរុប​១៥​នាក់ និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ជន​ត្រូវ​ចោទ​សរុប​១៥​នាក់​នោះ មាន​ប្រុស​២​នាក់ និង​ស្ត្រី​១៣​នាក់​។​
​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃុំខ្លួន​ស្ត្រី​៣២​នាក់ ពីបទ​ល្មើស​ពពោះ​កូន​ជំនួស​នេះ​។  ក្នុងនោះ​ស្រី្ត​រលូត​កូន​៣​រូប​, ស្ត្រី​សម្រាលកូន​ហើយ​ស្លាប់មាន​១​រូប និង​អ្នក​សម្រាលកូន​ហើយ​មាន​៩​រូប បាន និង​កំពុងស្ថិត នៅក្រៅ​ឃុំ ឬ​ព្យួរទោស​៕
 

Tag:
 ពពោះ​
  តុលាការ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com