ជាតិ
កាំកុងត្រូល​៖ ម្ចាស់​ស្ថានីយ​/​ដេប៉ូ ប្រេង ប្រឈម​ផ្លូវច្បាប់ បើ​រកឃើញ​ភាពមិន​ត្រឹម​ត្រូវជា​លើក​ទី​ពីរ​
16, Nov 2018 , 9:50 am        
រូបភាព
​ភ្នំពេញ​៖ កាំកុងត្រូល នឹង​ការព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ទៅលើ​ស្ថានីយ ឬ​ដេប៉ូ​ប្រេង​ឥន្ទ​នៈ​ដដែល មាន​ភាពមិន​ត្រឹម​ត្រូវជា​លើក​ទី​ពីរ ក្រោយពី​មាន​ណែនាំ​ជា​លើកទីមួយ​រួច​។ នេះ​ជាការ​ឆ្លើយតប​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​ទៅ​លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​សំដែង​ការងឿងឆ្ងល់​ទាក់ទង​នឹង​ចំណាត់ការ​របស់​មន្ត្រី​កាំកុងត្រូល​លើ​អ្នក​ដែល​គៃបំបាត់​ប្រេង​ពី​អ្នកទិញ​។​

 
 
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក ណៅ ធួ​ក បាន​សរសេ​បែប​ងឿងឆ្ងល់​ថា អ្នក​គៃ​ប្រេង​រាប់ម៉ឺន​លីត្រ បែរជា​អត់​មានការ​ផាកពិន័យ ឬ​ផ្តន្ទាទោស​។ លោក​កត់សម្គាល់ថា ចោរលួច​កង់ ម៉ូតូ ត្រូវ​ជាប់គុក ប៉ុន្តែ​អ្នក​លួច​ប្រេង​អស់​វាល់​ម៉ឺន​រាប់សែន​ដុល្លារ គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​។​
 
​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម បាន​បកស្រាយ​ទៅ​លោក​រដ្ឋលេខាធិការ​កសិក​ម្ម​ថា ស្ថាប័ន​ជំនាញ​នេះ ដាក់ចេញ​នូវ​វិធានការ​ពីរ​ដើម្បី​អនុវត្ត​លើ​ការត្រួតពិនិត្យ​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ ឬ​ដេប៉ូ​ចែកចាយ​ប្រេង​នានា​។​
 
«​វិធានការ​ទី​១. ភាពមិនប្រក្រតី​ដែល​ត្រូវបាន រកឃើញ​លើកទីមួយ ដែលមាន​កម្រិត​លំអៀង​លើ​បរិមាណ​ប្រេង​លក់​ចេញ និង​កម្រិត​គុណភាព​អុក​តាន (Octane) តម្រូវឱ្យ​ម្ចាស់​ស្ថានីយ ឬ​ដេប៉ូ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​ឡើងវិញ ។ ទន្ទឹមនេះ នឹងមាន​ផ្សព្វផ្សាយ ឈ្មោះ​ស្ថានីយ ឬ​ដេប៉ូ​ប្រេងឥន្ធន​:​ដែល​មិន​ប្រក្រតី​នោះ តាម​បណ្តាញ​ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​។  វិធានការ​ទី​២. ក្នុងករណី​ស្ថានីយ ឬ​ដេប៉ូ​ដដែល មាន​ភាពមិនប្រក្រតី​ជា​លើក​ទី​ពីរ អគ្គនាយកដ្ឋាន​កាំកុងត្រូល នឹង​ស្នើសុំ​ក្រសួង ពាណិជ្ជកម្ម ធ្វើ​ការព្យួរ​អាជ្ញាប័ណ្ណ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​» ។ នេះ​ជាការ​ឆ្លើយតប​របស់​អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​។​
 
​ស្ថាប័ន​មួយ​នេះ បាន​អះអាង​ប្រា​ប់លោក ណៅ ធួ​ក បន្ថែមថា ចំពោះ​នីតិវិធី​ត្រួតពិនិត្យ គឺ​មិន​ទុក​ឱកាស​យូរ​ដល់​ស្ថានីយ ឬ​ដេប៉ូ ដែលមាន​ភាពមិនប្រក្រតី​នោះទេ ហើយក៏​មិនឱ្យ​ម្ចាស់​ស្ថា​នី​ឬ​ដេប៉ូ​ដឹង​មុន​ដែរ​៕
 

Tag:
 ប្រេង​
  កាំកុងត្រូល​
  តុលាការ​
  ណៅ ធួ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com