ជាតិ
សង្គមជាតិ
​ករណី​ចាក់ដី​លុប​ឆ្នេរ​ដើម្បី​ធ្វើ​អ៊ូ​ទូក អាជ្ញាធរខេត្ត​ព្រះសីហនុ កាយ​ចេញ​វិញ​ហើយ​
22, Nov 2018 , 3:59 pm        
រូបភាព
ដោយ:
ការចាក់ដី​លុប​រំលោភ​យក​ឆ្នេរសមុទ្រ ដើម្បី​ពង្រីក​អ៊ូ​ទូក (​កន្លែង​ជួសជុល​ទូក​) មួយកន្លែង​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​កាយ​ចេញ​វិញ​ហើយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា បន្ទាប់ពី​មាន​បញ្ជា​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ បញ្ជា​នេះ ធ្វើឡើង​បន្ទាប់ពី​រកឃើញថា ម្ចាស់​អាជីវកម្ម​ខាងលើ​ចាក់ដី​លុប ពុំមាន​សុំច្បាប់​អនុញ្ញាត​។ តែ​យ៉ាងណា ថ្នាក់ដឹកនាំ​ខេត្ត​គាំទ្រ​ចំពោះ​គម្រោង​អាជីវកម្ម​បែបនេះ ប៉ុន្តែ​ត្រូវធ្វើ​ក្រោម​លក្ខខណ្ឌ​ច្បាប់​។

 
​ក្រោយ​មានការ​អន្តរាគមន៍​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ ម្ចាស់​អ៊ូ​ទូក​ដែល​បាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​ដោយ​គ្មាន​សុំច្បាប់​អនុញ្ញាត​នៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ បានដាក់​គ្រឿង​ចាក់​កាយ​ដី​ចេញ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​វ​ច្ឆិ​កា ឆ្នាំ​២០១៨​នេះ​។ ក្នុងអំឡុងពេល​ចុះ​ត្រួតពិនិត្យ​ទីតាំង​ចាក់ដី​ខុសច្បាប់​ខាងលើ លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កន្លងមក​ម្ចាស់​អ៊ូ​ទូក​បាន​ចាក់ដី​ជួសជុល​កន្លែង​អ៊ូ​ទូក តែ​ពុំបាន​សុំច្បាប់​អនុញ្ញាត​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការចាក់​នេះ វា​រំលោភច្បាប់​និង​ខុស​បច្ចេកទេស ដូច្នេះ​នៅថ្ងៃនេះ​រដ្ឋបាលខេត្ត ឲ្យ​ម្ចាស់​អ៊ូ​ទូក​នេះ​កាយ​ដី​ចេញ​វិញ​»​។ 


 លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ
 
​តែ​យ៉ាងណា រដ្ឋបាលខេត្ត​ព្រះសីហនុ​គាំទ្រ​ចំពោះ​គម្រោង​ពង្រីក​អ៊ូ​ទូក​ខាងលើ​ឲ្យ​មាន​ស្តង់ដារ ក្នុងការ​បំពេញតម្រូវកា​រនា​ពេលបច្ចុប្បន្ន​។ អភិបាលរង​ខេត្ត​ខាងលើ​បាន​រៀបរាប់ថា​៖«​រដ្ឋបាលខេត្ត​គាំទ្រ​ចំពោះ​គម្រោង​ជួសជុល​នេះ ព្រោះ​យើង​ត្រូវធ្វើ​កន្លែង​នេះ​ឲ្យ​មាន​ភាពល្អប្រសើរ​ជាង​មុខ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​។ ប៉ុន្តែ​ម្ចាស់​អ៊ូ​ទូក​នេះ ត្រូវសុំ​ច្បាប់​អនុញ្ញាត​ជាមុនសិន​ដើម្បី​យើង​ចាត់​ក្រុម​ជំនាញ​ឲ្យ​មក​ត្រួតពិនិត្យ​»​។  
 
​ដោយ​មើលឃើញ​ពី​តម្រូវការ​បច្ចុប្បន្ន និង​ស្ថានភាព​ចាស់​ទ្រុឌទ្រោម ទើប​ធ្វើ​ឲ្យ​ម្ចាស់​អ៊ូ​ទូក​ខាងលើ​ចង់​ពង្រីក​កន្លែង​ជួសជុល​ទូក​មួយ​នេះ​ឲ្យ​មាន​ស្តង់ដារ​ដែល​អាច​អនុញ្ញាត​ឲ្យ​ទូក​ធំៗ​ចូល​បាន ដោយ​ពុំ​បាច់​ទៅ​ជួសជុល​នៅក្រៅ​ប្រទេស​។ ព្រោះ​កន្លងមក​ប្រជា​នេសាទ ដែលមាន​ទូក​ធំៗ​តែង​ទៅ​ជួសជុល​នៅ​ប្រទេស​ថៃ និង​វៀតណាម​។ នេះ​បើតាម​ការអះអាង​របស់​លោក ឆាយ សុគ​ន្ឋ​ដា អភិបាលស្រុក​ស្ទឹងហាវ​។ 
 
«​អ៊ូ​ទូក​នេះ​មាន​សភាព​ទ្រុឌទ្រោម​មិនអាច​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ទូក​ធំៗ​បាន​នោះទេ​។ ប៉ុន្តែ​ក្រោយ​ផ្លាស់ប្តូរ​ម្ចាស់​អ៊ូ​ទូក​ថ្មី គេ​ចង់​ពង្រីក​ទីតាំង​ឲ្យ​មាន​ស្តង់ដារ ដើម្បី​ផ្តល់​សេវា​ដល់​ប្រជា​នេសាទ​ដែល​តែងតែ​ទៅ​ជួសជុល​នៅ​ថៃ និង​វៀតណាម​។ ដោយ​មើលឃើញ​ពី​សារសំខាន់​បែបនេះ ទើប​ម្ចាស់​អ៊ូ​ទូក​សុំ​ជួសជុល និង​ពង្រីក​លក្ខណ​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​ពេល​គាត់​ចាក់ដី​ឃើញថា មាន​ទ្រង់ទ្រាយ​ធំ និង​ខុស​បច្ចេកទេស​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឆាយ សុគ​ន្ឋ​ដា ហើយ​បាន​បន្ថែមថា ការចាក់ដី​លុប​នេះ​មិន​ត្រឹមតែ​ខុស​បច្ចេកទេស​នោះទេ ថែមទាំង​គ្មាន​ច្បាប់​អនុញ្ញាត​ទៀតផង​។  
 
​បច្ចុប្បន្ន​មាន​ទូក​នេសាទ​ប្រមាណ​ជិត​១​ពាន់​ទូក ដែល​មក​ទទួល​សេវា​ជួយ​ជុល​នៅ​អ៊ូ​ទូក​ខាងលើ​។ អ៊ូ​ទូក​ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នេះ បានដាក់​ឲ្យ​ដំណើរការ​ជិត​៣០​ឆ្នាំ​មកហើយ​។ ហើយ​បច្ចុប្បន្ន​ម្ចាស់​អ៊ូ​ទូក ដែល​កំពុង​កាយ​ដី​ចាក់​ខុសច្បាប់​ចេញ​ខាងលើ​អះអាងថា ខ្លួន​នឹង​សុំច្បាប់​អនុញ្ញាត​ពី​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​គម្រោង​ជួសជុល​មួយ​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​អភិបាលស្រុក​ស្ទឹងហាវ​៕   

Tag:
 ​ហៀក ហ៊ី​មុ​ល្លី
© រក្សាសិទ្ធិដោយ thmeythmey.com