ONE Championship
កីឡាជាតិ
ជាតិ
កម្ពុជា​នឹងមាន​មុខ​ប្រកួត eSport ក្នុង​ព្រឹត្តិការណ៍ ONE នៅ​ឆ្នាំក្រោយ​
30, Nov 2018 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
 
ONE Championship បានប្រកាស​ជា​ផ្លូវការ​ថា​នឹង​រៀបចំ​ការប្រកួត ONE eSports សម្រាប់​ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី​កាន់តែ​អស្ចារ្យ​ខ្លាំង​ថែមទៀត​។​ ONE បាន​បោះទុន​ចំនួន ៥០​លាន​ដុល្លារ ដើម្បី​ដាក់បញ្ចូល​កីឡា​ពីរ​គឺ កីឡា​ក្បាច់គុន​ប្រដាល់ និង​កីឡា eSport ចូលក្នុង​ដំបូល​រួមគ្នា ហើយ​ស្ថាប័ន​ក៏បាន​ផ្សព្វផ្សាយ​រួច​ហើយពី​គំរោង​នេះ​ទៅដល់​ទូទាំង​ទ្វីបអាស៊ី​ឲ្យ​បាន​ដឹងលឺ​ផងដែរ​។​

 
​លោក Chatri Sityodtong នាយក​ប្រតិបត្តិ និង CEO របស់ ONE Championship បាន​លើកឡើងថា​៖ «​យើង​ឃើញថា​ខាង​ក្បាច់គុន និង​ខាង​ហ្គេម​នៅ​អាស៊ី​គឺ​ស៊ីគ្នា ហើយ​យើង​យក​ឱកាស​នេះ​ច្របាច់​កីឡារ​ពីរ​នេះ​ចូលគ្នា​តែម្តងទៅ​»​។​
 
​សម្រាប់​ឆ្នាំ ២០១៩​ខាងមុខ អ្នក​សេ្ន​ហា​វិស័យ​កីឡារ​ទាំងអស់​នឹង​អាច​ទស្សនា​ទាំង​ប្រដាល់​គុន​ខ្មែរ គុន​ចម្រុះ និង ការប្រកួត eSport ដ៏​ល្បី​ល្បាយ​ជាងគេ​នៅក្នុង​សប្តាហ៍​តែមួយ​តែម្តង​។ 
 
​កម្ពុជា​បាន​ចូលរួម​បង្ហាញខ្លួន និង​មាន​ចំណងមិត្តភាព​ល្អជា​មួយ​ស្ថាប័ន​កីឡា​ដ៏​ធំ​នៅ​អាស៊ី ហើយ​ក៏មាន​កីឡាករ​ឆ្នើមៗ​ជាច្រើនរូប​បាន​ចុះកិច្ចសន្យា​ជា​បន្តបន្ទាប់​ជាមួយ ONE ហើយ​ស្រាប់ នោះ​ការដាក់បញ្ចូល eSport បន្ថែម​រឹតតែ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងមាន​មុខមាត់​ល្បីល្បាញ​កាន់តែ​ឆាប់​។ 
 
​លោក​លន់ សាម​ឌី អគ្គលេខាធិកា​សហព័ន្ធ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​កម្ពុជា (EFC) និយាយ​ពេល​បានលឺ ពី​ការ​បោះទុន​របស់ ONE៖ «​បានលឺ​អ៊ីចឹង ខ្ញុំ​រីកថ្លើម​ស្លាប់​ហើយ​»​។ 
 
​លោក​បន្ថែមថា​៖ «​ហេតុផល​ដែលមាន​ក្រុមហ៊ុន​ធំៗ​មក​ដាក់ទុន​វិស័យនេះ​ច្រើន អាចនិយាយបាន​ថា​ទីមួយ​មកពី GDP យើង​ឡើង ហើយ​ទី​ពីរ​ស្រុកទេស​យើង​មាន​សន្តិភាព អត់​សង្គ្រាម កំពុងតែ​លូតលាស់​»​។​
 
​លោក សាម​ឌី សំឡឹង​ឃើញ​ការ​ដុះដាល​ខ្លាំង​ទៅលើ​ផ្នែក​កីឡា​ដែល​គាត់​តែងតែ​ស្រលាញ់ ហើយ​គាត់​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កីឡា eSport ឲ្យ​បាន​ទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ ដោយសារ​លោក​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក មានបទពិសោធន៍​ច្រើន​ស្រាប់ លោក​ក៏​ឆ្លៀតឱកាស​ប្រើប្រាស់​បទពិសោធន៍​ផ្ទាល់​ដើម្បី​កសាង​សហព័ន្ធ​កីឡា​នេះ​ឡើង​។ 
 
​ចាប់តាំងពី​សហព័ន្ធ eSport បាន​ចាប់​សម្ភោ​ធ​ជា​ផ្លូវការ​នា​ចុងឆ្នាំ ២០១៤ មក យើង​ខិតខំ​ព្យាយាម​ខ្លាំងណាស់​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​គេ​ស្គាល់​អ្វី​ទៅ​ដែល​ហៅថា​កីឡា​ឲ្យ​បាន​ច្បាស់​»​។ 
 
​សព្វថ្ងៃ កម្ពុ​ជាមាន​ក្រុម​កីឡាករ​លេង eSport ដែល​នឹង​ត្រៀមខ្លួន​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ព្រឹត្តិការណ៍ Southeast Asian Games ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ហ្វីលីពីន ឆ្នាំក្រោយ​។ លោក សាម​ឌី ក៏មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ចំនួន​អ្នកលេង eSport នឹង​កើន​ឡើងជា​លំដាប់​នាពេល​អនាគត​។ 
 
​គាត់​បន្ត​៖ «eSport នៅ​ស្រុក​ខ្មែរ​ល្បី​ខ្លាំង​។ ក្មេងៗ​ជំនាន់​នេះ មិន​ដូច​ក្មេងៗ​ជំនាន់​មុន​ទេ ក្មេង​ឥឡូវ​ភ្ញាក់ឡើង​មាន​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន ហើយ​ក៏មាន​កុំព្យូទ័រ​ប្រើ​ដែរ បើ​គេ​ទំនេរ​គេ​លេង​បាន​គ្រប់ពេល អីចឹង​វា​ស្រួល​មែន​ទែស​»​។ 
 
​លោក សាម​ឌី ទទួលស្គាល់​ពី​ភាព​ប្រហាក់ប្រហែល​រវាង​កីឡា​ក្បាច់គុន​ទូទៅ និង eSport លោក​មាន​ទស្សនៈ​យល់ឃើញ​ដូចគ្នា​ផងដែរ​ជាមួយ​លោក Sityodtong ដែល​ពួកគាត់​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ក្រមសីលធម៌​របស់​កីឡា ការព្យាយាម​និង​ការតស៊ូ​ហ្វឹកហាត់​ឲ្យ​បាន​ដល់​កំរិត​កំពូល​។ 
 
​លោក សាម​ឌី បញ្ជាក់​៖ «​សម្រាប់​កីឡាករ​ដែល​យើង​ត្រៀម​ទៅ​ប្រកួត​នៅ​បរទេស យើង​ត្រូវ​ឲ្យ​គាត់​ហ្វឹកហាត់​មាន​ពេលវេលា​ច្បាស់លាស់ ហើយនឹង​តាមដាន​គាត់​ត្រឹមត្រូវ​»​។ 
 
«​ឈ្នះ​ចាញ់​ជា​រឿង​ធម្មតា​តាម​សមត្ថភាព តែ​បន្ទាប់ពី​លេង​កីឡា​ចប់​ទៅ គឺ​សាមគ្គីភាព​មិត្តភាព​មាន​ដដែល រាប់អាន​គ្នា​ធម្មតា នោះ​ហើយ​ជា​ក្រមសីលធម៌​កីឡា​»​។​
 
​លោក​ក៏មាន​ប្រសាសន៍ថា EFC និង សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ បានធ្វើការ​យ៉ាង​ជិតស្និត​ជាមួយគ្នា​ដើម្បី​ធ្វើយ៉ាងណា​អភិវឌ្ឍន៍​វិស័យ​កីឡា​ទាំងនេះ​ឲ្យ​បាន​ទូលំទូលាយ​ទូទាំង​ផ្ទៃ​ប្រទេស និង​អាច​យក​ពានរង្វាន់​ឲ្យ​ប្រទេស​វិញ​ក្នុង​ការប្រកួត Southeast Asian Games ព្រមទាំង ONE eSports ផងដែរ​៕ 
 
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com