គ្រូ​ថៃ​៖ ម៉ាឡេស៊ី​សក្តិ​សមលេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ពួកគេ​ឃ្លាន​ជ័យជម្នះ​ជាង​ថៃ​
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​ថៃ​៖ ម៉ាឡេស៊ី​សក្តិ​សមលេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ពួកគេ​ឃ្លាន​ជ័យជម្នះ​ជាង​ថៃ​
06, Dec 2018 , 2:25 pm        
រូបភាព
​លោក Milovan Rajevac គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​បាន​កោតសរសើ​រកូនក្រុម​របស់​ជម្រើសជាតិ​ម៉ាឡេស៊ី​ថា​ពួកគេ​បានបង្ហាញ​ការស្រេកឃ្លាន​ជ័យជម្នះ​យ៉ាងខ្លាំង​ក្លា​ដោយ​អាច​ទម្លាក់​ក្រុម​លោក​ត្រឹម​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​ដើម្បី​បាន​កៅអី​ទៅ​ដណ្តើមពាន AFF Suzuki Cup ឆ្នាំ​២០១៨ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​


 
​ក្រុម​ម្ចាស់ផ្ទះ​ថៃ បាន​បើក​ការប្រកួត​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ទល់នឹង​ម៉ាឡេស៊ី​ ដោយ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២ នៅឯ​កីឡដ្ឋាន Rajamangala ក្នុង​ក្រុង​បាងកក នា​យប់​ថ្ងៃទី​៥ ខែធ្នូ​។ បើទោះបី​ស្មើ​គ្រាប់​បាល់​គ្នា ប៉ុន្តែ​ម៉ាឡេស៊ី​ជា​ក្រុម​ដែលមាន​សិទ្ធិ​ បន្តទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី (away goals) ២​គ្រាប់ ខណៈដែល​ជើង​ទី​១ ក្នុង​ទឹកដី​ម៉ាឡេស៊ី ពួកគេ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​។​


 
​គ្រូបង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី​ ដែល​ឡើង​ដឹកនាំ​ថៃ​ក្នុង​ឆ្នាំ​២០១៧ បាន​លើកសរសើរ​ក្រុម​របស់លោក Tan Cheng Hoe មិន​ដាច់​ពី​មាត់​នោះទេ បើទោះបីជា​លោក​ខក​ចិត្ត នឹង​លទ្ធផល​នៃ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ក៏ដោយ​។​
 
«​ជាការ​ពិតណាស់ ​ខ្ញុំ​មិន​ពេញចិត្ត​ទេ ​ដែល​ក្រុម​យើង​មិនអាច​បន្តទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​វា​ជា​បទពិសោធ​មួយ​ផ្សេង​ សម្រាប់​កីឡាករ​របស់​យើង​។ ខ្ញុំ​ចង់​អបអរ​ដល់​ក្រុម​ម៉ាឡេស៊ី​។ ពួកគេ​សម​នឹង​លេង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាង​យើង​។ ខ្ញុំ​និយាយ​បែបនេះ​ ព្រោះ​ខ្ញុំ​មើលឃើញថា នៅក្នុង​ការប្រកួត​ទាំងពីរ​ជើង ម៉ាឡេស៊ី​ ពិតជា​បានបង្ហាញ​ការប្តេជ្ញាចិត្ត និង​ការស្រេកឃ្លាន​ចង់​ឈ្នះ​ ច្រើនជាង​ថៃ​។ ពួកគេ​ ពិតជា​ចង់ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ខ្លាំងណាស់​»​។ លោក Rajevac និយាយ ​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ AFF Suzuki Cup 2018 ដូច្នេះ​ នៅក្រោយ​បញ្ចប់​ការប្រកួត​។​


លោក​ Milovan Rajevac គ្រូបង្វឹកជម្រើសជាតិថៃ
 
​យ៉ាងណា បើ​ទោះ​ក្រុម​រហ្សនាម​ដំរី ធ្លាក់​នៅ​វគ្គ​នេះ ​សម្រាប់​ពាន Suzuki Cup ក៏ដោយ តែ​អតីត​គ្រូ​ជម្រើសជាតិ​ហ្គា​ណា វ័យ​៦៤​ឆ្នាំ​រូបនេះ បាន​ផ្តោតអារម្មណ៍​ទៅកាន់​ការប្រកួតប្រជែង​ពាន AFC Asian Cup 2019 វិញ​ដែល​នឹង​ចាប់ផ្តើម​ក្នុង​ខែមករា​ខាងមុខ​។​
 
​ម៉ាឡេស៊ី​ នឹងត្រូវ​រង់ចាំ​ការប្រកួត រវាង​វៀតណាម និង​ហ្វីលីពីន​នៅ​យប់​នេះ ​ក្នុងជំនួប​ជើង​ទី​២​ ដែល​ធ្វើឡើង​នៅ​ទឹកដី​វៀតណាម​វិញ​ម្តង​។ ជើង​ទី​១ វៀតណាម​ឈ្នះ​ហ្វីលីពីន​២-១៕
 

Tag:
 បាល់ទាត់​
  AFF Suzuki Cup
  ថៃ​
  Milovan Rajevac
© រក្សាសិទ្ធិដោយ thmeythmey.com