កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ហាមអ្នកគាំទ្រខ្លួន៤នាក់ចូលកីឡដ្ឋាន ដោយសាររើសអើង Sterling
× Chelsea ហាមអ្នកគាំទ្រខ្លួនបួននាក់មិនឲ្យចូលរួមទស្សនាការប្រកួតបន្តទៀត បន្ទាប់ពីពួកគេបានស្រែកជេរបែបប្រកាន់ជាតិសាសន៍ទៅលើកីឡាករ Raheem Sterling អំឡុងការប្រកួតដែលតោខៀវយកឈ្នះ Manchester City ២-០ ក្នុងក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍មុន។
ការដាក់ពិន័យនេះកើតឡើងបន្ទាប់ពីក្រុមប៉ូលីសក្នុងស្រុកបានស៊ើបអង្កេតឡើងវិញតាមរយៈខ្សែវីដេអូ ហើយបានកំណត់អត្តសញ្ញាណអ្នកគាំទ្ររបស់ Chelsea ៤នាក់ ដែលធ្វើសកម្មភាពមិនសមរម្យដាក់កីឡាកររបស់ក្រុមគូបដិបក្ខ។ Sterling បានប្រាប់ប៉ូលីសនៅក្រោយបញ្ចប់ការប្រកួតនោះ ថាមានអ្នកគាំទ្ររបស់ក្រុមតោខៀវស្រែកជេរ និងរើសអើងពណ៌សម្បុមកលើខ្លួនថែមទៀត។
វីដេអូនោះបានបង្ហាញថា អ្នកគាំទ្រទាំងនោះបានស្រែកជេរ Sterling ថា «fucking black cunt» ដែលបញ្ជាក់ពីការរើសអើងជាតិសាសន៍ និងពណ៌សម្បុរនៅក្នុងវិស័យកីឡាដែលជាទង្វើគួរឲ្យស្អប់ខ្ពើមបំផុត។
អ្នកគាំទ្រម្នាក់ត្រូវបានបង្ហាញក្នុងវីដេអូដែលប្រើអកប្បកិរិយាជេរប្រមាថទៅលើ Sterling បានផ្តល់បទសម្ភាសតាមវិទ្យុដោយបដិសេធថាខ្លួនមិនបានប្រើភាសាបែបប្រកាន់ពូជសាសន៍នោះឡើយ និងសូមទោសនូវអ្វីដែលគេបានធ្វើចំពោះខ្សែបម្រើក្រុម Man City នេះផងដែរ។
ផ្ទុយទៅវិញអ្នកគាំទ្រម្នាក់ទៀតឈ្មោះ Nathan Lewis បានប្រាប់ Good Morning Britain ថាទោះបីជាខ្លួនផ្ទាល់មិនបានលឺពាក្យបែបប្រកាន់ពូជសាសន៍ណាមួយទៅកាន់ Sterling ក៏ដោយ ប៉ុន្តែលោកបានឃើញសកម្មភាពជុំវិញនោះគឺពោពេញដោយការ «ស្អប់ខ្ពើម»។ Lewis ដែលជាជាបុរសស្បែកខ្មៅម្នាក់ដែរ បានកត់សម្គាល់ថាបើទោះបីជាលោកមិនបានស្តាប់លឺពាក្យរើសអើងណាមួយក៏ដោយ ប៉ុន្តែមិនមានន័យថាពួកគេមិននិយាយនោះដែរ។
ជុំវិញករណីនេះ ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២៤ឆ្នាំ បានបង្ហាញការមិនពេញចិត្តនោះឡើយដោយបានបង្ហោះសារនៅលើបណ្តាញសង្គម Instagram របស់ខ្លួនដោយអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសស្វែងរកអ្នករើសអើង ដៀមដាមកីឡាករដែលមានស្បែក ខ្មៅ ស ក្នុងអំឡុងការប្រកួតកីឡាករណាមួយដើម្បីដាក់ពិន័យពួកគេ៕
Tag:
បាល់ទាត់
រើសអើងជាតិសាសន៍
Raheem Sterling
© រក្សាសិទ្ធិដោយ thmeythmey.com