ដោយ៖ Matias Andres
អ្នកច្នៃម៉ូដដ៏ល្បីរបស់កម្ពុជាលោក ហ៊ូ រ៉េមមី បានទុកស្លាកស្នាមល្អមួយនៅក្នុងពិភពក្បាច់គុនកម្ពុជា។ រ៉េមមី មានដើមកំណើតនៅកម្ពុជា តែត្រូវចាកស្រុកទៅរស់នៅទីក្រុងឡូសអេនជែលែស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក តាំងពីអំឡុងឆ្នាំ១៩៩០ មកម្លេះ។
ក្រោយពីបានសាងកេរ្តិ៍ខ្លួននៅទឹកដីហូលីវូត ក៏ដូចជាវិស័យច្នៃម៉ូដនៅទីនោះ លោកបានសម្រេចចិត្តត្រឡប់មកមាតុភូមិវិញ ជាមួយនឹងគោលបំណងប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីលើកស្ទួយប្រទេសកំណើតវិញ។
បច្ចុប្បន្នអ្នកច្នៃម៉ូដរូបនេះ ត្រូវបានគេស្គាល់ឈ្មោះជាអធិរាជម៉ូតល្បីទូទាំងប្រទេសកម្ពុជា ហើយថ្មីៗនេះបានជួយទំនុកបម្រុងខាងសម្លៀកបំពាក់ឯកសណ្ឋានដល់កីឡាករកម្ពុជា។
លោក ប្រាប់ហេតុផលថា៖ «ខ្ញុំចង់ជួយដល់កីឡាករខ្មែរយើងដោយសារពួកគាត់ ត្រូវបង្ហាញមុខនៅលើឆាកអន្តរជាតិ»។
ប៉ុន្មានខែនេះ រ៉េមមី និងក្រុមទាំងមូលបានព្យាយាមកាត់សម្លៀកបំពាក់ឲ្យអ្នកប្រយុទ្ធខ្មែរជាច្រើនរូបរួចហើយដូចជា ចាន់ រតនា រិន សារត្ន័ សុខ ធី និង មាស ម៊ើ ជាដើម មុនពួកគេបង្ហាញខ្លួននៅសង្វៀនអន្តរជាតិ ONE Championship។
ទោះបីជាអាជីពខ្លួនមិនមានអ្វីពាក់ព័ន្ធជាមួយវិស័យកីឡាសោះក៏ដោយ រ៉េមមី បានប្រាប់ពីប្រវត្តិការតស៊ូរបស់លោក ដែលលោកគិតថាអ្នកប្រដាល់កម្ពុជាភាគច្រើនក៏បានឆ្លងកាត់មកដូចគ្នាដែរ។
«អ្នកប្រដាល់ភាគច្រើន ពួកគាត់ចេញមកពីគ្រួសារក្រីក្រ លំបាកវេទនាណាស់ ប៉ុន្តែពួកគាត់មានឆន្ទះតស៊ូខ្លាំង។ នេះជាអ្វីដែលខ្ញុំខ្លួនឯងធ្លាប់ឆ្លងកាត់ពីមុនដូចគ្នា»។
«គ្រួសារខ្ញុំ បានរស់រានមានជីវិតពីសម័យសង្គ្រាម។ បន្ទាប់ពីសង្គ្រាម យើងបាត់បង់អ្វីៗទាំងអស់ ហើយម្តាយខ្ញុំគាត់តស៊ូគ្រប់បែបយ៉ាងដើម្បីរស់ និងដើម្បីផ្តល់អនាគតឲ្យកូនៗ»។
លោក បន្ថែមថា៖ «សម្រាប់ខ្ញុំ វាជារឿងសំខាន់ណាស់ដែលខ្ញុំអាចជួយគេវិញបាន»។
ការលូកដៃសហការក្នុងពិភពក្បាច់គុន កំពុងទាក់ទាញចំណាប់អារម្មណ៍ច្រើនពីខាងកីឡាករកីឡាការិនីផ្ទាល់ ក៏ដូចជាពីសំណាក់អ្នកគាំទ្រវិស័យនេះផងដែរ។
លោកបានប្រាប់ថា លោកទទួលបានមតិល្អៗជាហូរហែពីអ្នកស្នេហាវិស័យកីឡារ ដោយសារពួកគេបានឃើញតារាក្នុងដួងចិត្តរបស់ខ្លួនស្លៀកសម្លៀកបំពាក់ស្អាតៗខុសប្លែកពីសព្វដង ហើយនេះជាអ្វីដែលអ្នកច្នៃម៉ូដរូបនេះ គិតថាសំខាន់ខ្លាំងសម្រាប់កម្ពុជាក្នុងការចាប់ផ្តើមកសាងមុខមាត់របស់ខ្លួននៅក្នុងឆាកអន្តរជាតិធំៗ។
រ៉េមមីពន្យល់ថា៖ «ខ្ញុំគិតថាវាជួយបន្ថែមតម្លៃមួយផ្សេងទៀតពីលើអាជីពរបស់គាត់(កីឡាករ) វាជួយលើកមុខគាត់បានខ្ពស់ជាងមុន។ អ្វីដែលខ្ញុំព្យាយាមធ្វើគឺឲ្យពួកគាត់នូវអ្វីដែលថ្មី ដែលអ្នកគាំទ្រភាគច្រើនមិនធ្លាប់ឃើញពីមុនមក»។
ម៉ូដសម្លៀកបំពាក់មានប្រវត្តិក្នុងសង្គមមនុស្សច្រើនសតវត្សមកហើយ ឯលោក រ៉េមមី ក៏យល់ច្បាស់ថាកាស្លៀកពាក់ខាងក្រៅវាមានឥទ្ធិពលខ្លាំង គាត់ចង់ប្រើឥទ្ធិពលនោះសម្រាប់កីឡាករប្រដាល់កម្ពុជាដើម្បីបង្ហាញពីជ្រុងមួយផ្សេងទៀតរបស់ខ្លួន។ គាត់ជឿថាវាផ្តល់សារសំខាន់មួយ ដល់ប្រជាជនកម្ពុជាឲ្យឃើញថាអ្នកប្រដាល់មិនត្រឹមតែជាអ្នកប្រយុទ្ធតែម្យ៉ាងនោះទេ តែក៏ជាសុភាពបុរសម្នាក់ដែរ។
«អ្នកដែលតែងតែតាមដានការប្រកួត គេយល់ពីអ្វីជាសិល្បៈរួចហើយ តែអ្នកដែលមិនធ្លាប់មើល ពេលគេឃើញកីឡាករយើងស្លៀកពាក់ស្អាតបាតត្រឹមត្រូវ គេឃើញសុភាពបុរសម្នាក់ អីចឹងវាបញ្ចេញផ្នត់គំនិតផ្សេងមួយទៀត។ ខ្ញុំគិតថា ខ្ញុំបានចូលរួមចំណែកខាងច្នៃម៉ូដម្នាក់ ដើម្បីជួយពួកគាត់បង្ហាញពីជ្រុងនោះ»។
អធិរាជម៉ូតក៏ល្បីឈ្មោះរូបនេះ មើលឃើញពីទំនាក់ទំនងយ៉ាងជិតស្និតរវាងវិស័យប្រដាល់ ក៏ដូចជាវិស័យផ្សេងៗ ហើយគាត់បានសំណូមពរឲ្យប្រជាជនទូទៅ ពិសេសអ្នកអាជីពដទៃទៀត ឲ្យជួយរកវិធីគាំទ្រវិស័យកីឡាតាមគ្រប់មធ្យោបាយតាមជំនាញរៀងៗខ្លួន។
«តាមពិតយើងសុទ្ធតែប្រយុទ្ធដើម្បីក្រុមដូចគ្នាទេ យើងដើរផ្លូវជាមួយគ្នា ឆ្ពោះទៅមុខរកអនាគតដូចគ្នា ហើយសុទ្ធតែមានគោលដៅជិវិតដូចគ្នា គឺយើងគ្រប់គ្នាសុទ្ធតែចង់បានសេចក្តីសុខសម្រាប់ខ្លួនឯង និងគ្រួសារដូចគ្នាទាំងអស់»៕