កីឡាជាតិ
ជាតិ
ហេតុផល​ពីក្រោយ​ការឧបត្ថម្ភ​សម្លៀកបំពាក់​ដល់​កីឡាករ​ប្រដាល់​កម្ពុជា​របស់​អធិរាជ​ម៉ូដ ហ៊ូ រ៉េ​មមី
16, Dec 2018 , 9:19 am        
រូបភាព
លោក ហ៊ូ រ៉េមមី​ (រាប់ពីឆ្វេងទី៣) ជាអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញ
លោក ហ៊ូ រ៉េមមី​ (រាប់ពីឆ្វេងទី៣) ជាអ្នកឆ្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញ
ដោយ៖ Matias Andres
 
​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​របស់​កម្ពុជា​លោក ហ៊ូ រ៉េ​មមី បាន​ទុក​ស្លាកស្នាម​ល្អ​មួយ​នៅក្នុង​ពិភព​ក្បាច់គុន​កម្ពុជា​។ រ៉េ​មមី មាន​ដើមកំណើត​នៅ​កម្ពុជា តែ​ត្រូវ​ចាក​ស្រុក​ទៅ​រស់នៅ​ទីក្រុង​ឡូ​ស​អេ​ន​ជែ​លែស រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក តាំងពី​អំឡុង​ឆ្នាំ​១៩៩០ មក​ម្លេះ​។​

 
 ក្រោយពី​បាន​សាង​កេរ្តិ៍​ខ្លួន​នៅ​ទឹកដី​ហូលីវូត ក៏ដូចជា​វិស័យ​ច្នៃ​ម៉ូដ​នៅ​ទីនោះ លោក​បាន​សម្រេចចិត្ត​ត្រឡប់មក​មាតុភូមិ​វិញ ជាមួយនឹង​គោលបំណង​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​ដើម្បី​លើកស្ទួយ​ប្រទេស​កំណើត​វិញ​។ 
 
​បច្ចុប្បន្ន​អ្នក​ច្នៃ​ម៉ូដ​រូបនេះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ជា​អធិរាជ​ម៉ូត​ល្បី​ទូទាំងប្រទេស​កម្ពុជា ហើយ​ថ្មីៗ​នេះ​បាន​ជួយ​ទំនុកបម្រុង​ខាង​សម្លៀកបំពាក់​ឯកសណ្ឋាន​ដល់​កីឡាករ​កម្ពុជា​។ 
 
​លោក ប្រាប់​ហេតុផល​ថា​៖ «​ខ្ញុំ​ចង់​ជួយ​ដល់​កីឡាករ​ខ្មែរ​យើង​ដោយសារ​ពួកគាត់ ត្រូវ​បង្ហាញមុខ​នៅលើ​ឆាក​អន្តរជាតិ​»​។​
 
​ប៉ុន្មាន​ខែ​នេះ រ៉េ​មមី និង​ក្រុម​ទាំងមូល​បាន​ព្យាយាម​កាត់​សម្លៀកបំពាក់​ឲ្យ​អ្នក​ប្រយុទ្ធ​ខ្មែរ​ជាច្រើនរូប​រួចហើយ​ដូចជា ចាន់ រតនា រិ​ន សារ​ត្ន័ សុខ ធី និង មាស ម៊ើ ជាដើម មុន​ពួកគេ​បង្ហាញខ្លួន​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។ 


 
​ទោះបីជា​អាជីព​ខ្លួន​មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​វិស័យ​កីឡា​សោះ​ក៏ដោយ រ៉េ​មមី បាន​ប្រាប់​ពី​ប្រវត្តិ​ការតស៊ូ​របស់លោក ដែល​លោក​គិតថា​អ្នក​ប្រដាល់​កម្ពុជា​ភាគច្រើន​ក៏បាន​ឆ្លងកាត់​មក​ដូចគ្នា​ដែរ​។ 
 
«​អ្នក​ប្រដាល់​ភាគច្រើន ពួកគាត់​ចេញមក​ពី​គ្រួសារ​ក្រីក្រ លំបាក​វេទនាណាស់ ប៉ុន្តែ​ពួកគាត់​មាន​ឆ​ន្ទះ​តស៊ូ​ខ្លាំង​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ខ្លួនឯង​ធ្លាប់​ឆ្លងកាត់​ពីមុន​ដូចគ្នា​»​។​
 
«​គ្រួសារ​ខ្ញុំ បាន​រស់រានមានជីវិត​ពី​សម័យ​សង្គ្រាម​។ បន្ទាប់ពី​សង្គ្រាម យើង​បាត់បង់​អ្វីៗ​ទាំងអស់ ហើយ​ម្តាយ​ខ្ញុំ​គាត់​តស៊ូ​គ្រប់បែបយ៉ាង​ដើម្បី​រស់ និង​ដើម្បី​ផ្តល់​អនាគត​ឲ្យ​កូនៗ​»​។ 
 
​លោក បន្ថែមថា​៖ «​សម្រាប់​ខ្ញុំ វា​ជា​រឿង​សំខាន់​ណាស់​ដែល​ខ្ញុំ​អាចជួយ​គេ​វិញ​បាន​»​។ 
 
​ការ​លូកដៃ​សហការ​ក្នុង​ពិភព​ក្បាច់គុន កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​ពី​ខាង​កីឡាករ​កីឡាការិនី​ផ្ទាល់ ក៏ដូចជា​ពី​សំណាក់​អ្នកគាំទ្រ​វិស័យនេះ​ផងដែរ​។ 
 
​លោក​បាន​ប្រាប់ថា លោក​ទទួលបាន​មតិ​ល្អៗ​ជា​ហូរហែ​ពី​អ្នក​ស្នេហា​វិស័យ​កីឡារ ដោយសារ​ពួកគេ​បានឃើញ​តារា​ក្នុង​ដួងចិត្ត​របស់ខ្លួន​ស្លៀក​សម្លៀកបំពាក់​ស្អាតៗ​ខុសប្លែក​ពី​សព្វដង ហើយ​នេះ​ជា​អ្វីដែល​អ្នក​ច្នៃ​ម៉ូដ​រូបនេះ គិតថា​សំខាន់​ខ្លាំង​សម្រាប់​កម្ពុជា​ក្នុង​ការចាប់​ផ្តើមកសាង​មុខមាត់​របស់ខ្លួន​នៅក្នុង​ឆាក​អន្តរជាតិ​ធំៗ​។ 
 
​រ៉េ​មមី​ពន្យល់ថា​៖ «​ខ្ញុំ​គិតថា​វា​ជួយ​បន្ថែម​តម្លៃ​មួយ​ផ្សេងទៀត​ពីលើ​អាជីព​របស់គាត់​(​កីឡាករ​) វា​ជួយ​លើកមុខ​គាត់​បាន​ខ្ពស់ជាង​មុន​។ អ្វីដែល​ខ្ញុំ​ព្យាយាម​ធ្វើ​គឺ​ឲ្យ​ពួកគាត់​នូវ​អ្វីដែល​ថ្មី ដែល​អ្នកគាំទ្រ​ភាគច្រើន​មិន​ធ្លាប់​ឃើញ​ពីមុនមក​»​។ 
 
​ម៉ូដ​សម្លៀកបំពាក់​មាន​ប្រវត្តិ​ក្នុងសង្គម​មនុស្ស​ច្រើន​សតវត្ស​មកហើយ ឯ​លោក រ៉េ​មមី ក៏​យល់ច្បាស់​ថា​កា​ស្លៀកពាក់​ខាងក្រៅ​វា​មាន​ឥទ្ធិពល​ខ្លាំង គាត់​ចង់​ប្រើ​ឥទ្ធិពល​នោះ​សម្រាប់​កីឡាករ​ប្រដាល់​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ជ្រុង​មួយ​ផ្សេងទៀត​របស់ខ្លួន​។ គាត់​ជឿថា​វា​ផ្តល់​សារសំខាន់​មួយ ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ឃើញថា​អ្នក​ប្រដាល់​មិន​ត្រឹមតែ​ជា​អ្នក​ប្រយុទ្ធ​តែ​ម្យ៉ាង​នោះទេ តែ​ក៏​ជា​សុភាពបុរស​ម្នាក់​ដែរ​។ 


 
«​អ្នក​ដែល​តែងតែ​តាមដាន​ការប្រកួត គេ​យល់​ពីអ្វី​ជា​សិល្បៈ​រួចហើយ តែ​អ្នក​ដែល​មិន​ធ្លាប់​មើល ពេល​គេ​ឃើញ​កីឡាករ​យើង​ស្លៀកពាក់​ស្អាតបាត​ត្រឹមត្រូវ គេ​ឃើញ​សុភាពបុរស​ម្នាក់ អីចឹង​វា​បញ្ចេញ​ផ្នត់គំនិត​ផ្សេង​មួយទៀត​។ ខ្ញុំ​គិតថា ខ្ញុំ​បាន​ចូលរួមចំណែក​ខាង​ច្នៃ​ម៉ូដ​ម្នាក់ ដើម្បី​ជួយ​ពួកគាត់​បង្ហាញ​ពី​ជ្រុង​នោះ​»​។ 
 
​អធិរាជ​ម៉ូត​ក៏​ល្បីឈ្មោះ​រូបនេះ មើលឃើញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​វិស័យ​ប្រដាល់ ក៏ដូចជា​វិស័យ​ផ្សេងៗ ហើយ​គាត់​បាន​សំណូមពរ​ឲ្យ​ប្រជាជន​ទូទៅ ពិសេស​អ្នក​អាជីព​ដទៃទៀត ឲ្យ​ជួយ​រក​វិធី​គាំទ្រ​វិស័យ​កីឡា​តាម​គ្រប់​មធ្យោបាយ​តាម​ជំនាញ​រៀងៗ​ខ្លួន​។ 
 
«​តាមពិត​យើង​សុទ្ធតែ​ប្រយុទ្ធ​ដើម្បី​ក្រុម​ដូចគ្នា​ទេ យើង​ដើរ​ផ្លូវ​ជាមួយគ្នា ឆ្ពោះទៅមុខ​រក​អនាគត​ដូចគ្នា ហើយ​សុទ្ធ​តែមាន​គោលដៅ​ជិវិត​ដូចគ្នា គឺ​យើង​គ្រប់គ្នា​សុទ្ធតែ​ចង់បាន​សេចក្តីសុខ​សម្រាប់​ខ្លួនឯង និង​គ្រួសារ​ដូចគ្នា​ទាំងអស់​»៕
 

Tag:
 ONE Championship
  ហ៊ូ រ៉េ​មមី​
© រក្សាសិទ្ធិដោយ thmeythmey.com