ជាតិ
សេដ្ឋកិច្ច
កម្ពុជាកាត់បន្ថយការនាំចូលត្រីឆ្ដោបានច្រើន ខណៈការចិញ្ចឹមក្នុងស្រុកកើនដល់៦០ពាន់តោន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
× ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាលអនុញ្ញាតបើកឲ្យចិញ្ចឹមឡើងវិញចាប់តាំងពីឆ្នាំ២០១៦មក ការចិញ្ចឹមត្រីរ៉ស់ ត្រីឆ្ដោក្នុងស្រុក កើនឡើងជាលំដាប់ ដែលអាចកាត់បន្ថយការនាំចូលជាបន្តបន្ទាប់។
ត្រីឆ្ដោនៅឆ្នាំ២០១៨នេះ ត្រូវបានប៉ាន់ស្មានថាមានបរិមាណ ៦០ពាន់តោន កើនឡើងពីតួលេខ ៤០ពាន់តោនកាលពីឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសលោកចុះពិនិត្យមើលកសិកដ្ឋានចិញ្ចឹមត្រីឆ្ដោមួយកន្លែងនៅស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី១៣ខែធ្នូ។
លោក វេង សាខុន មានប្រសាសន៍ដូច្នេះថា៖«នេះជាការចាក់បំពេញតម្រូវការទីផ្សារ ដែលជាការគិតគូរ ពិសេសចាប់ពីខ្ញុំចូលបំពេញមុខងារនៅក្រសួងកសិកម្ម។ ពីមុនៗមក យើងបណ្ដែតបណ្ដោយលើរឿងចិញ្ចឹមត្រីរស់ ត្រីឆ្ដោនេះ ព្រោះខ្លាចបាត់បង់ត្រីធម្មជាតិ (បាត់បង់កូនត្រីសម្រាប់ជាចំណី)។ តែឥឡូវសំខាន់បំផុតគឺយើងចៀសវាងការខូចប្រយោជន៍សេដ្ឋកិច្ច ព្រោះយើងទិញតែរបស់គេ ហើយយើងមិនដឹងថាគេចិញ្ចឹមយ៉ាងម៉េច? ដល់ពេលយើងចិញ្ចឹមខ្លួនឯង យើងអាចត្រួតពិនិត្យដោយខ្លួនឯងចំពោះសុវត្ថិភាពដល់ប្រជាពលរដ្ឋ»។
ខណៈការចិញ្ចឹមក្នុងស្រុកកើនឡើង ការនាំចូលត្រីឆ្ដោពីក្រៅប្រទេសត្រូវបានកាត់បន្ថយ។ ការនាំចូលត្រីឆ្ដោក្នុងឆ្នាំ២០១៧ ត្រូវបានកាត់បន្ថយមកត្រឹម ១៣ពាន់តោន ថយចុះច្រើនបើធៀបនឹងការនាំចូលពី ៤០ពាន់តោន ទៅ៦០ពាន់តោនក្នុងឆ្នាំមុនៗនោះ៕
Tag:
វេង សាខុន
ត្រីឆ្ដោ
© រក្សាសិទ្ធិដោយ thmeythmey.com