ជាតិ
សិស្សខ្មែរពូកែគណិតវិទ្យាមិនចាញ់ប្រទេសក្នុងតំបន់ តែអំណាននៅមានកម្រិតទាប ប្រភព៖ AKP
× ចំពោះការប្រឡងជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់កន្លងមកនេះ សិស្សកម្ពុជាធ្វើបានយ៉ាងល្អមិនចាញ់ប្រទេសក្នុងតំបន់ឡើយ ប៉ុន្តែសម្រាប់អំណានវិញ សិស្សកម្ពុជានៅមានកម្រិតនៅឡើយ។ នេះបើតាមការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកឡើងពីការខំប្រឹងប្រែងកែទម្រង់ ជាពិសេសការដាក់ឲ្យប្រើប្រាស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលរួមមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស ប័ណ្ណអក្សរ រូបភាព និងសៀវភៅរឿងខ្លីៗ។
កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ លោក ហង់ ជួន ណារ៉ុន បានបើកសិក្ខាសាលាបំប៉ន ស្តីពីការណែនាំប្រើប្រាស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូង ជូនដល់គ្រូបង្រៀនថ្នាក់ទី ១ ជំហានទី២ នៅគោលដៅស្រុក ក្រុងចំនួន ៥ ក្នុងខេត្តសៀមរាប រួមមាន ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក ស្រុកស្រីស្នំ និងស្រុកអង្គរជុំ។ កម្មវិធីបានប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សា សម្តេច ទៀ បាញ់ គំរូស្រុកពួក។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងពីសារសំខាន់នៃការរៀបចំសិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១-ទី២ ស្តីពីការប្រើប្រាស់កញ្ចប់សម្ភារ អំណានថ្នាក់ដំបូង។ លោកបានបញ្ជាក់ថា បន្ទាប់ពីក្រសួងអប់រំផ្តល់នូវវិធីសាស្ត្រីថ្មីៗក្នុងការបង្រៀន និងផ្តល់សៀវភៅគោលសម្រាប់អានឃើញថា សិស្សមានការឆាប់ចេះអានជាងមុនគួរឲ្យកត់សម្គាល់។
បើតាមលោក ហង់ ជួន ណារ៉ុន ការបង្រៀនសិស្សឲ្យចេះអានអនុវត្ត គម្បីត្រូវ ស្គាល់សូរ ស្គាល់តួអក្សរ ចេះអានពាក្យ ចេះអានស្ទាត់ និង អានយល់ន័យ។ «ជាពិសេសដើម្បីបង្រៀនសិស្សឲ្យចេះអាន គ្រូត្រូវមានវិធីក្នុងការបង្រៀនដូចជា អំណានបុគ្គល អំណានដៃគូ អំណានជាក្រុម ឬអំណានចូលរួម និងអំណានឮជាដើម»។ ជាការបញ្ជាក់ របស់ លោករដ្ឋមន្ត្រី៕
Tag:
ហង់ ជួនណារ៉ុន-អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com