ដោយ៖ Matias Andres
រិន សារត្ន័ ដែលគ្រប់គ្នាស្គាល់ថាជាកីឡាកររបស់ ONE Championship និងជាតំណាងឲ្យក្លិប Cambodian Top Team បានចែករំលែកពីលទ្ធផលមានឡើង មានចុះរបស់ខ្លួនក្នុងឆ្នាំ២០១៨។
មកដល់សព្វថ្ងៃ កីឡាកររូបនេះបានស្គាល់រសជាតិនៅលើសង្វៀន និងក្នុងទ្រុង ប្រដាល់អន្តរជាតិទាំងឈ្នះ និងចាញ់ តែយ៉ាងណា សារត្ន័បានបង្ហាញពីការដឹងគុណចំពោះមេរៀនទាំងនោះ ហើយបន្តអភិវឌ្ឍវិជ្ជាគុនបន្ថែមឲ្យប្រសើរជាងមុនសម្រាប់ឆ្នាំក្រោយទៀត។
អ្នកប្រដាល់រូបនេះរៀបរាប់ថា៖ «ខ្ញុំសប្បាយចិត្តដែលបានចូលប្រកួតច្រើនដង ប៉ុន្តែឆ្នាំ២០១៨ នេះការប្រកួតរបស់ខ្ញុំធ្វើអត់សូវបានល្អទេ។ បើសិនមានគ្រូមកបង្ហាត់ជាប់លាប់ដូចសព្វថ្ងៃនេះ ពិតជាការល្អមិនខាន»។
ជ័យជន្នះមួយរបស់សារត្ន័ ក្នុងឆ្នាំ ២០១៨ ជាកម្លាំងជំរុញម្យ៉ាងដែលផ្តល់សង្ឃឹមឲ្យគេខំពុះពារទៅមុខទៀត ហើយជ័យជន្នះនេះហើយដែល បង្ហាញឲ្យខ្លួនគាត់ និងកម្ពុជាទាំងមូលឃើញពីសមត្ថភាពខ្ពស់របស់ខ្លួនអាចជ្រកកោនក្រោមដំបូលក្បាច់គុនដ៏ធំជាងគេ។
កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ សារត្ន័ ត្រូវបានគេផ្គូផ្គងឲ្យប្រកួតជាមួយ អ្នកលេងក្បាច់គុនឥណ្ឌូណេស៊ីគឺកីឡាករ Mario Satya Wirawan ក្នុងព្រឹត្តិការណ៍ ONE: PINNACLE OF POWER។ កាលនោះថ្វីបើគាត់ត្រូវភាគីឥណ្ឌូណេស៊ីចាប់ក្លេរនៅពីលើជាប់យ៉ាងយូរក៏ពិតមែន ប៉ុន្តែ សារត្ន័ រកវិធីដោះខ្លួនចេញបានរហូត នេះបង្ហាញពីការរីកចម្រើនច្រើនពីស្នៀតក្រោមរបស់ខ្លួន។
សូមរំលឹកផងដែរថា រិន សារត្ន័ បានប្រើប្រាស់ក្បាច់ការពារខ្លួនពីការចាប់រឹតរបស់ដៃគូ ហើយបានប្រើកែងដ៏មុតស្រួចរបស់ខ្លួនវាត់ទៅខាងភាគីឥណ្ឌូណេស៊ីត្រូវជាច្រើនកន្លែង ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបញ្ចប់ការប្រកួតនៅក្នុងទឹកទី ៣។ នេះជាលើកទី ២ហើយ ដែលសារត្ន័បានផ្តួលដៃគូមុនចប់ទឹក នៅសង្វៀនធំ ONE Championship។
«ក្នុងឆ្នាំ ២០១៨ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន ព្រោះបានឈ្នះការប្រកួតនៅ ម៉ាកាវ។ កាលនោះអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ដោយសារខ្ញុំវាយខាងដៃគូខ្ញុំបែកមុខ និង ក្បាលត្រូវពីរបីកន្លែង អ៊ីចឹង ខ្ញុំសប្បាយចិត្តមែនទែន»។
តែយ៉ាងណាការប្រកួតចុងក្រោយរបស់ រិន សារត្ន័ ប៉ះជាមួយជើងខ្លាំងចិន Changxin Fu នៅកម្មវិធី ONE: KINGDOM OF HEROES ខែតុលា រូបគេបានចាញ់ តែកីឡាករកម្ពុជារូបនេះមើលឃើញពីភាពវិជ្ជមាន និងមានជំនឿចិត្តខ្ពស់សម្រាប់ឆ្នាំបន្ទាប់។
ចុងឆ្នាំ ២០១៨នេះ ក្លិបរបស់ CTT បានធ្វើការសហការជាមួយអតីតកីឡាកររបស់ ONE ដែលបច្ចុប្បន្នជាម្ចាស់ក្លិប Yorky MMA នៅទីក្រុងបាងកក ប្រទេសថៃ។
សារត្ន័ រំពឹងថាមានឱកាសទៅហ្វឹកហាត់បន្ថែមនៅបាងកកជាមួយក្លិបនេះ ដើម្បីបណ្តុះបណ្តាលជំនាញឲ្យកាន់តែស្ទាត់ខាងក្បាច់គុនចម្រុះ។
គាត់ ពន្យល់ថា៖ «បើសិនជាខ្ញុំទៅហាត់នៅទីនោះ នឹងមានសិស្សឡាំ(មកជួយចាប់)ជាមួយខ្ញុំច្រើន អត់ដូចនៅស្រុកខ្មែរ ភាគច្រើនពួកគាត់ចេះតែក្បាច់សេរី»។
«បើខ្ញុំអាចទៅហាត់នៅថៃញឹកញាប់ ដូចបានគ្រោងទុកមែន នោះខ្ញុំនឹងវាយបានល្អជាងនៅឆាកអន្តរជាតិ»។
ដោយទទួលបានកាជ្រោមជ្រែងពីលោកគ្រូបង្វឹក Lee ដែលសហការជាមួយ CTT នោះមកឃើញថា បានចាប់ផ្តើមមានជោគជ័យជាបណ្តើរៗហើយ ដោយសារមើលទៅ រិន សារត្ន័ មានភាពរីកចម្រើនច្រើន និងជំនឿចិត្តខ្លាំងសម្រាប់ឆ្នាំ ២០១៩ ខាងមុខ។
រាល់ថ្ងៃនៅក្លិប CTT រិន សារត្ន័ហ្វឹកហាត់ស្នៀតបោកចំបាប់ Brazilian Jiu-Jitsu ចំនួន ៣ម៉ោងក្នុងមួយថ្ងៃ ក្រៅពីនេះគាត់យកពេលមកហាត់គុនខ្មែរ ឬសេរី បន្ថែម។
តាមពិតទៅ រិន សារត្ន័ មានបទពិសោធន៍ ព្រមទាំងទេពកោសល្យខ្ពស់ខាងគុនខ្មែរ និងប្រដាល់សេរី ប៉ុន្តែសម្រាប់ខ្លួនគាត់ផ្ទាល់ គាត់មើលឃើញអនាគតខ្លួនក្នុងអាជីពក្បាច់គុនចម្រុះជាង។
សារត្ន័ បន្តថា៖ «កាល២០១៨ ភាគច្រើនខ្ញុំប្រកួតខាងប្រដាល់សេរី និង គុនខ្មែរ ប៉ុន្តែសម្រាប់ឆ្នាំ ២០១៩វិញ ខ្ញុំចង់ចាប់ MMA ឲ្យបានច្រើនជាងមុន ៨០%»។
«ខ្ញុំចង់ផ្តោតហាត់រៀនខាង MMA ឲ្យខ្លាំង ដោយសារអនាគតទៅ នឹងចាប់ផ្តើមមានការប្រកួតគុនចម្រុះនៅកម្ពុជាដែរ»។
«ថ្ងៃអនាគតខ្ញុំចង់ធ្វើជាគ្រូបង្វឹកខាង MMA ពីព្រោះនៅស្រុកយើងពុំទាន់មានគ្រូ MMA ច្រើននោះទេ»៕