ពីនេះ ពីនោះ
លោក ច័ន្ទ សំណព្វ ពន្យល់ន័យខុសគ្នារវាងពាក្យ «ករណីយកិច្ច»,«កាតព្វកិច្ច» និង«ភារកិច្ច»
× ពាក្យ «ករណីយកិច្ច»,«កាតព្វកិច្ច» និង«ភារកិច្ច» មានមហាជនទូទៅនៅតែស្រពេចស្រពិលនៅឡើយ។ ដើម្បីឲ្យពលរដ្ឋយល់កាន់តែច្បាស់ លោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ បានបញ្ជាក់ថា ពាក្យ «ករណីយកិច្ច»,«កាតព្វកិច្ច» និង«ភារកិច្ច» មានន័យខុសគ្នាដូចខាងក្រោម។
«ករណីយកិច្ច»មានន័យថា កិច្ចដែលយើងម្នាក់ៗគួរតែធ្វើ។ ឧទាហរណ៍៖ ពេលឪពុកម្តាយចាស់ទៅ កូនៗត្រូវមានករណីយកិច្ច ចិញ្ចឹមបីបាច់ មើលថែរក្សាឪពុកម្តាយ។ «សម្រាប់កូនដែលមិនបានមើលថែរក្សាចិញ្ចឹមបីបាច់ឪពុកម្តាយ ក៏មិនខុសអ្វីដែរ ព្រោះក្នុងច្បាប់គេមិនបានចែងទេ គ្រាន់តែពួកគេខុសក្រមសីលធម៌ និងមិនដឹងគុណឪពុកម្តាយ»។ នេះជាការលើកឡើងរបស់លោក ច័ន្ទ សំណព្វ ដែលប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
«កាតព្វកិច្ច» មានន័យថា កិច្ចការដែលមនុស្សត្រូវតែធ្វើចាំបាច់ដោយខានមិនបានឡើយ។ ឧទាហរណ៍៖ ឪពុកម្តាយគ្រប់រូប ត្រូវតែចិញ្ចឹមបីបាច់ ថែរក្សាកូន ពីតូច រហូតដល់ធំ ដែលឪពុកម្តាយទាំងឡាយមិនអាចគេចវេះបានឡើយ។
ចំណែក «ភារកិច្ច» កិច្ចការដែលគេចាត់តាំងឲ្យធ្វើ ឬប្រគល់ឲ្យយើងធ្វើ ដែលមិនអាចអត់ធ្វើបានឡើយ។ ឧទាហរណ៍៖ មន្ត្រីក្រសួងនានាមានភារកិច្ចដើម្បីបំពេញការងាររៀងៗខ្លួនឲ្យបានល្អ សម្រាប់បម្រើដល់ពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com