លោក ច័ន្ទ សំណព្វ ពន្យល់​ន័យ​ខុសគ្នា​រវាង​ពាក្យ «​ករណីយកិច្ច​»,«​កាតព្វកិច្ច​» និង​«​ភារកិច្ច​»
ពីនេះ ពីនោះ / មិនយល់...!
លោក ច័ន្ទ សំណព្វ ពន្យល់​ន័យ​ខុសគ្នា​រវាង​ពាក្យ «​ករណីយកិច្ច​»,«​កាតព្វកិច្ច​» និង​«​ភារកិច្ច​»
09, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ  «​ករណីយកិច្ច​»,«​កាតព្វកិច្ច​» និង​«​ភារកិច្ច​» មាន​មហាជន​ទូទៅ​នៅតែ​ស្រពេចស្រពិល​នៅឡើយ​។ ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​កាន់តែច្បាស់ លោក ច័ន្ទ សំណព្វ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ បាន​បញ្ជាក់ថា ពាក្យ  «​ករណីយកិច្ច​»,«​កាតព្វកិច្ច​» និង​«​ភារកិច្ច​» មានន័យ​ខុសគ្នា​ដូចខាងក្រោម​។

 

 
«​ករណីយកិច្ច​»​មានន័យថា កិច្ច​ដែល​យើង​ម្នាក់ៗ​គួរតែ​ធ្វើ​។ ឧទាហរណ៍​៖ ពេល​ឪពុកម្តាយ​ចាស់​ទៅ កូនៗ​ត្រូវមាន​ករណីយកិច្ច ចិញ្ចឹម​បីបាច់ មើលថែរក្សា​ឪពុកម្តាយ​។ «​សម្រាប់​កូន​ដែល​មិនបាន​មើលថែរក្សា​ចិញ្ចឹម​បីបាច់​ឪពុកម្តាយ ក៏​មិន​ខុស​អ្វីដែរ ព្រោះ​ក្នុង​ច្បាប់​គេ​មិនបាន​ចែង​ទេ គ្រាន់តែ​ពួកគេ​ខុស​ក្រមសីលធម៌ និង​មិន​ដឹងគុណ​ឪពុកម្តាយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ច័ន្ទ សំណព្វ ដែល​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ 
 
«​កាតព្វកិច្ច​» មានន័យថា កិច្ច​ការដែល​មនុស្ស​ត្រូវ​តែ​ធ្វើ​ចាំបាច់​ដោយ​ខានមិនបាន​ឡើយ​។ ឧទាហរណ៍​៖ ឪពុកម្តាយ​គ្រប់រូប ត្រូវតែ​ចិញ្ចឹម​បីបាច់ ថែរក្សា​កូន ពី​តូច រហូតដល់​ធំ ដែល​ឪពុកម្តាយ​ទាំងឡាយ​មិនអាច​គេចវេះ​បានឡើយ​។​
 
​ចំណែក «​ភារកិច្ច​» កិច្ច​ការដែល​គេ​ចាត់តាំង​ឲ្យ​ធ្វើ ឬ​ប្រគល់​ឲ្យ​យើង​ធ្វើ ដែល​មិនអាច​អត់​ធ្វើ​បានឡើយ​។ ឧទាហរណ៍​៖ មន្ត្រី​ក្រសួង​នានា​មាន​ភារកិច្ច​ដើម្បី​បំពេញការងារ​រៀងៗ​ខ្លួន​ឲ្យ​បានល្អ សម្រាប់​បម្រើ​ដល់​ពលរដ្ឋ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម