ជាតិ
នយោបាយជាតិ
ប្រធានបក្សកាន់អំណាច ឈប់ខ្វល់ ដោយទុកឲ្យក្រុមប្រឆាំង ជ្រើសផ្លូវខ្លួនឯង
× គ្មានអ្វីចាំបាច់ ដែលសម្តេច ហ៊ុន សែន ត្រូវបកស្រាយនិងពន្យល់ប្រាប់ក្រុមប្រឆាំងទៀតនោះទេ ពីតម្រុង ដែលត្រូវធ្វើបែបនេះឬធ្វើបែបនោះ។ ឈានដល់ដំណាក់កាលនេះ នាយករដ្ឋមន្ត្រី ប្រកាសថាលែងឆ្លើយតបនឹងក្រុមប្រឆាំងទៀតហើយ ហើយការជ្រើសរើសផ្លូវសម្រាប់ដើរ គឺទុកឲ្យពួកគេ សម្រេចចិត្តដោយខ្លួនឯង។
ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ប្រធានគណបក្សកាន់អំណាច បញ្ជាក់យ៉ាងដូច្នេះថា៖«រឿងនយោបាយ ខ្ញុំមិនចាំបាច់និយាយទេ ព្រោះខ្ញុំនិយាយអស់ហើយ។ អ្នក ស្តាប់បានឬមិនបាន ទៅតាមដំណើរទៅ ហើយអ្នកចង់ទៅណាក៏ទៅទៅ ខ្ញុំមិនទៅតមាត់ជាមួយអ្នកទេ»។
សម្តេច ហ៊ុន សែន ប្រកាសបែបនេះ ក្រោយពីព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់នូវមាត្រា៤៥ថ្មី (ស្ទួន១) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ មាត្រាថ្មីនេះ ផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី ថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ រាជានុញ្ញាត ឲ្យអ្នកដែលត្រូវបានតុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយ បានចូលធ្វើនយោបាយវិញ។
កន្លងមក ប្រមុខរដ្ឋាភិបាល ពន្យល់ក្រុមប្រឆាំងពីគុណសម្បត្តិនិងគុណវិបត្តិថា បើស្នើសុំសិទ្ធិនយោបាយវិញ ពួកគេ នឹងមានឱកាសបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅអាណត្តិក្រោយ តែបើមិនទាន់ទទួលបានសិទ្ធិនយោបាយទេ ពួកគេ នឹងខកខាន។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានផ្តល់យោបល់ឲ្យក្រុមប្រឆាំង ពីរឿងធ្វើសំណើសុំសិទ្ធិនយោបាយ ក្រោយមាត្រា៤៥ថ្មី (ស្ទួន១) ត្រូវបានដាក់ឲ្យអនុវត្ត។ លោក បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមបែបនេះថា៖«ទ្វារបានបើកចំហហើយ នៅតែមនុស្សសុំចូលតែប៉ុណ្ណោះ ។ [….] បើជឿតាមទណ្ឌិតសម រង្ស៊ី គឺអស់ស្រូវពូជ បើម្ចាស់ការលើខ្លួនឯង គឺមានផ្លូវដើរតទៅមុខទៀត»។
លោក សម រង្ស៊ី ប្រឹងផ្ញើសារជាច្រើនលើកច្រើនសាទៅថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង ដើម្បីប្រាប់ពួកគេ កុំឲ្យធ្វើសំណើសុំសិទ្ធិនយោបាយ តាមការណែនាំរបស់សម្តេច ហ៊ុន សែន។ លោក សម រង្ស៊ី ស្នើឲ្យថ្នាក់ដឹកនាំរបស់ខ្លួន រួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា ជាមុនសិន ហើយចាំគិតរឿងផ្សេងតាមក្រោយ។
ក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨នាក់ (ស្លាប់ម្នាក់) ដែលត្រូវបានតុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មានតែ២នាក់ប៉ុណ្ណោះ គឺលោក គង់ គាំ និង លោក គង់ បូរ៉ា ដែលប្រកាសថា នឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com