ជាតិ
ត្រីឆ្អើរ មានផ្ទុកសារធាតុ PAHs ចេញពីផ្សែងអុស ដែលអាចបង្កជាជំងឺមហារីក? សកម្មភាពរៀបចំឆ្អើរត្រីរបស់ប្រជាជនខ្មែរ អំឡុងឆ្នាំ ១៩៣០-៤០ ក្នុងសម័យអាណាព្យាបាលរាំង។ រូបភាពដកស្រង់ចេញពីសៀវភៅ La Pêche Dans les eaux douces du Cambodge បោះពុម្ពក្នុងឆ្នាំ១៩៤០
× ត្រីគ្រប់ប្រភេទ ត្រីឆ្អើរ ត្រីងៀត ប្រហុក ផ្អក ម៉ាំ គឺជាប្រភេទអាហារ ដែលគេតែងតែឃើញមាននៅក្នុងមុខម្ហូបខ្មែរជាប្រចាំថ្ងៃ។ ចាប់ពីខែតុលា ដល់ចុងខែកុម្ភៈ គឺជាពេលវេលាសម្រាប់ធ្វើការនេសាទដ៏សំខាន់ របស់ប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាប និងតាមដងទន្លេសាប។ ត្រីឆ្អើរ គឺជាអាហារប្រពៃណីមួយ ដែលមានឈ្មោះក្នុងមុខម្ហូបខ្មែរជាយូរណាស់មកហើយ ស្ទើរគ្រប់ជំនាន់។ ជាក់ស្តែង នៅក្នុងរូបភាពបង្ហាញខាងលើ គឺសកម្មភាពផលិតឆ្អើរត្រី របស់ប្រជាជនខ្មែរកាលពីអំឡុងឆ្នាំ ១៩៣០-៤០ ក្នុងសម័យអាណាព្យាបាលបារាំង។
បច្ចេកទេសបែបប្រពៃណីនៃការផលិតត្រីឆ្អើរ នៅក្នុងប្រទេសកម្ពុជា មិនត្រូវបានគេស៊ើបពេញលេញនៅឡើយទេ។ យោងតាមការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងនៅទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញអំពីគ្រោះថ្នាក់ដ៏មានសក្តានុពល ទាក់ទងនឹងប្រភេទចំណីអាហារឆ្អើរ ដែលអាចបង្កជំងឺមហារីក ពីសមាសធាតុចេញពីផ្សែងអុស ដែលគេដុតឆ្អើរត្រីគឺ អ៊ីដ្រូកាបូន Polycyclic Aromatic Hydrocarbons (PAHs)។
ត្រីឆ្អើរក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ PAHs នេះលើសកំណត់។ ដែនកំណត់អតិបរមា (ML) សម្រាប់ BaP និងផលបូកនៃ PAHs ចំនួន ៤ ដែលត្រូវបានផ្តល់ដោយ EC 1881/2006 គឺលើសពី ២ ទៅ ៥០ ដងឯណោះ។ បន្ទុកសារធាតុ PAHs ដ៏ច្រើនបែបនេះ អាចនាំឱ្យមានការកើនឡើងហានិភ័យ នៃការវិវឌ្ឍន៍នៃជំងឺមហារីក។
ដកស្រង់ចេញពី www.researchgate.net
ចង្អើរត្រីឆ្អើរនៅភូមិព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ទោះយ៉ាងណា ត្រីឆ្អើរក្នុងសង្គមកម្ពុជា នៅតែពេញនិយម។ នៅក្នុងភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល គឺជាកន្លែងភូមិមួយដែលផលិតត្រីឆ្អើរចេញពីពពួកជាត្រីរៀល (Gymnostomus spp.) និងពពួកត្រីស្លឹកឬស្សី (Paralaubuca spp.)។ ការផលិតត្រីឆ្អើរនៅក្នុងភូមិនេះ ហាក់យកលំនាំតាមដើមពីបុរាណទាំងស្រុង។ អ្នកផលិតត្រីឆ្អើរ គ្រាន់តែធ្វើចង្អើរពីឬស្សី ដែលកម្ពស់ផុតពីដីប្រហែល ៥០ - ៨០ សង់ទីម៉ែត្រ សម្រាប់ដាក់ត្រី និងដុតភ្លើងពីក្រោមជាការស្រេច (សូមមើលរូបភាពខាងលើ)។
ចំណែកឯត្រីឆ្អើរត្រីកែស នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាប្រភេទត្រីឆ្អើរមានតម្លៃខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ត្រីកែស ស្ថិតនៅក្នុងអម្បូរស៊ីលូរីដេ (Family Siluridae) ជាអម្បូរត្រីដែលគ្មានស្រកា។ ត្រីកែស មានប្រភេទត្រីកែសកណ្តុរ មានឈ្មោះវិទ្យសាស្ត្រ (Hemisilurus mekongensis) និងត្រីកែសជម្រៅ ឬ ត្រីកែសប្រាក់ មានឈ្មោះវិទ្យសាស្ត្រ (Phalacronotus apogon)។ ការផលិតត្រីឆ្អើរត្រីកែស នៅទីនេះ ហាក់មានលក្ខណៈទំនើប និងបច្ទេកទេសខ្ពស់ជាង ដោយអ្នកផលិតត្រូវរៀបចំឡសម្រាប់ឆ្អើរ និងប្រើអុសដុតជាប្រភេទឈើធំៗ។
ឡឆ្អើរត្រីកែស នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
យោលទៅលើការសិក្សាស្រាវជ្រាវខាងលើ តើនឹងមានបច្ចេកទេសថ្មីណាមួយ មកជំនួសបច្ចេកទេសតាមបែបប្រពៃណីបុរាណ ដែលអ្នកផលិតត្រីឆ្អើរទូទៅក្នុងប្រទេសកម្ពុជាកំពុងអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យនេះ ចំពោះអ្នកបរិភោគ?
© រក្សាសិទ្ធិដោយ thmeythmey.com