ត្រឹម​២០១៨ កម្ពុជា បញ្ជូន​ទ័ព​ជិត​៦​ពាន់​នាក់ ទៅ​រក្សា​សន្តិសុខ​ពិភព​ជាមួយ UN
ជាតិ
ត្រឹម​២០១៨ កម្ពុជា បញ្ជូន​ទ័ព​ជិត​៦​ពាន់​នាក់ ទៅ​រក្សា​សន្តិសុខ​ពិភព​ជាមួយ UN
11, Jan 2019 , 10:19 pm        
រូបភាព
រូបភាពបានពីទំព័រហ្វេសប៊ុករបស់ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
រូបភាពបានពីទំព័រហ្វេសប៊ុករបស់ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
​ភ្នំពេញ​៖ មកដល់​បច្ចុប្បន្ន កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ដែល​បាន​បំពេញបេសកកម្ម​ក្រៅប្រទេស ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ (UN) មាន​៥,៧៨៥​នាក់​។ ក្នុងនោះ មាន​អ្នក​បាត់បង់​ជីវិត​៩​នាក់ និង​រងរបួស​៩​នាក់ នៅ​អាហ្វ្រិក​កណ្តាល និង​ប្រទេស​ម៉ាលី​។  បើតាម​ការបញ្ជា​ក់រប​ស់លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក្នុងចំណោម​ទ័ព​ដែល​បាន​ស្លាប់ មាន​២​នាក់​ស្លាប់​ក្រៅ​ក្របខណ្ឌ​UN និង​អ្នក​ឯទៀត​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​។

 
​លោក ឈុំ សុជាត បាន​បញ្ជាក់ថា កម្ពុជា បានចាប់ផ្តើម​បញ្ជូន​កងកម្លាំង​របស់​ខ្លួន ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​តាំងពី​ឆ្នាំ​២០០៦​មក​។ ហើយ​ចំនួន​កងកម្លាំង​ទាំងអស់នេះ គឺ​មិនទាន់​បូក​បញ្ចូល​ទ័ព​មួក​ខៀវ​ទាំង​១៨៤​នាក់ ដែល​ត្រៀម​បញ្ជូនទៅ​លី​បង់​នៅ​ចុងខែ​មករា​នេះ​ទេ ខណៈដែល​កងកម្លាំងរ​ក្សា​សន្តិភាព​៧៩៩​នាក់ កំពុង​បំពេញបេសកកម្ម នៅ​ប្រទេស​ចំនួន​៥ ក្នុងនោះ​មាន​កងកម្លាំង​នារី ៦២​នាក់​។​
 
​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​២៩ ក្នុងចំណោម​១២៤​ប្រទេស​លើ​ពិភពលោក ខាង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅ​ក្រៅប្រទេស ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ (UN) និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៧ លើ​ការបញ្ជូន​កងកម្លាំង​ផ្នែក​នារី​។  ក្នុង​តំបន់​អាស៊ាន​វិញ កម្ពុជា​ជាប់​លេខ​៣ និង​លេខ​២ សម្រាប់​ការបញ្ជូន​កងកម្លាំង​នារី ក្នុងការ​បញ្ជូន​កងក​ម្លាំ​ង​រក្សា​សន្តិភាព​ទៅ​ក្រៅប្រទេស​។ នេះ​បើតាម លោក ឈុំ សុជាត ដដែល​។​
 
​សូមបញ្ជាក់ថា ទ័ព​មួក​ខៀវ​កម្ពុជា​ដែល​បាន​ទៅ​បំពេញបេសកកម្ម​ក្រៅប្រទេស មាន​៨​ប្រទេស ក្នុងនោះ​មាន សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រ៊ឹ​ស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​៕
 

Tag:
 ទ័ព​
  បេសកម្ម​
  ជំងឺគ្រុនចាញ់ UN
© រក្សាសិទ្ធិដោយ thmeythmey.com