Asian Cup៖ Eriksson និង​មិត្ត​ចាស់ Lippi ត្រូវ​តទល់​គ្នា​ក្នុងជំនួប ហ្វីលីពីន​-​ចិន​
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ Eriksson និង​មិត្ត​ចាស់ Lippi ត្រូវ​តទល់​គ្នា​ក្នុងជំនួប ហ្វីលីពីន​-​ចិន​
11, Jan 2019 , 5:38 pm        
រូបភាព
រូបពីឆ្វេង-គ្រូហ្វីលីពីនលោក Sven-Goran Eriksson និងMarcello Lippi គ្រូចិន
រូបពីឆ្វេង-គ្រូហ្វីលីពីនលោក Sven-Goran Eriksson និងMarcello Lippi គ្រូចិន
​លោក Sven-Goran Eriksson នឹង​ត្រូវមាន​ភារកិច្ច​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហ្វីលីពីន​ក្នុងជំនួប​ទល់នឹង​ក្រុម​ចិន​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Marcello Lippi នា​ការប្រកួត​ជើង​ទី​២​វគ្ក​សន្សំ​ពិន្ទុ​ពូ​ល C នៃ ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១១ ខែមករា វេលា​ម៉ោង ៨:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។​


​លោក Eriksson គ្រូបង្វឹក​សញ្ជាតិ​ស៊ុយអែត និង​លោក Lippi គ្រូ​សញ្ជាតិ​អ៊ីតាលី​សុទ្ធសឹងតែ​មានឈ្មោះ​បោះ​សំឡេង​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​កីឡាបាល់ទាត់​កម្រិត​ពិភពលោក​។ មិន​ត្រឹម​ប៉ុណ្ណោះ​អ្នក​ទាំងពីរ​គឺជា​មិត្តភក្តិ​នឹង​គ្នា​ទៀតផង​។  
 
Eriksson វ័យ​៧០​ឆ្នាំ ដែលជា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ធ្លាប់​ដឹកនាំ​ប្រទេស​នេះ​ក្នុង​ការប្រកួត World Cup បាន​ឡើង​ដឹកនាំ​ហ្វីលីពីន​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ បន្ទាប់ពី​ចាកចេញ​ពី​ក្រុម Shenzhen ក្លិប​បាល់ទាត់​នៃ​លី​គ​កំពូល​ចិន (Chinese Super League)​។​
 
​រីឯ​លោក Lippi វ័យ​៧០​ឆ្នាំ ដែល​ធ្លាប់​នាំ​ជម្រើសជាតិ​អ៊ីតាលី​លើក​ពាន World Cup ក្នុង​ឆ្នាំ​២០០៦ បាន​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម​យក្ស​ចិន នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៦​។ លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​នៅ​ចិន Guangzhou Evergrande ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​២០១៤ ផងដែរ​។​
 
​សម្រាប់​ជំនួប​លើក​ទី​២​នេះ ហ្វីលីពីន​ដែល​រង​បរាជ័យ​នៅ​ប្រកួត​ដំបូង​ដោយ​ចាញ់​កូរ៉េខាងត្បូង ១-០ នឹងត្រូវ​ប្រជែង​ជាមួយ​ចិន​ដែល​បាន​យកឈ្នះ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២-១​។ ចិន​មាន​៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ពូ​ល C នេះ ហើយ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ហ្វីលីពីន​គ្មាន​ពិន្ទុ​រាប់​ដូចគ្នា​។ នៅក្នុង​ពូ​ល​នេះដែរ រ៉េ​ខាងត្បូង​ក្នុង​ក៏​នឹងត្រូវ​តទល់​ជាមួយ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នៅវេលា​ម៉ោង ១១:០០​នា​ទិ យប់​នេះដែរ​។​
 
​ដោយឡែក​មួយគូ​ទៀត ក្នុង​ពួ​ល B ប៉ា​ឡេ​ស្ទី​ត្រូវ​ជួប​ម្ចាស់​ជើងឯក​ចាស់​អូស្ត្រាលី​នៅ​ម៉ោង ៦:០០​នាទី​ល្ងាច​នេះ​។ អូស្ត្រាលី​បាន​រង​បរាជ័យ​នៅ​ប្រកួត​បើកឆាក​ក្រោម​ថ្វី​ជើង​ហ្សកដានី ខណៈ​ប៉ា​ឡេ​ស្ទី​ន​ស្មើគ្នា​ជាមួយ​ស៊ី​រី​។ ក្នុង​ពូ​ល​នេះ​ហ្សកដានី​បាន​សិទ្ធិ​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​ឈ្នះ​២​ប្រកួត​មាន​៦​ពិន្ទុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com