អន្តរជាតិ
តើ​អ្វី​ទៅជា​ខ្សែក្រវាត់​ភ្នំភ្លើង​ដែល​បង្កើត​ស៊ូណាមិ និង​ប​ន្ទុះ​ភ្នំភ្លើង​?
12, Jan 2019 , 10:39 pm        
រូបភាព
​ឥណ្ឌូណេស៊ី​កាលពី​ខែ​មុន​បាន​ជួបប្រទះ​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​រលក​យក្ស​ស៊ូណាមិ ដែល​បង្កឡើង​ដោយ​ភ្នំភ្លើង​ផ្ទុះ​។ ប្រទេសមួយ​ចំនួនដទៃទៀត​ក៏​ជួបប្រទះ​រឿង​ស្រដៀង​គ្នា​ដែរ​ដូចជា ប្រទេស​ជប៉ុន ប្រទេស​ហ្វីលីពីន និង​អាមេរិក​ជាដើម​។​

 
​វា​មិនមែនជា​រឿង​ចៃដន្យ​នោះទេ​ដែល​ករណីនេះ​កើតឡើង​នៅ​ទីកន្លែង​ពិសេស​ខាងលើ​។​តំបន់ដែលសម្បូរទៅដោយ​សកម្មភាព​ភ្នំភ្លើង និង​រញ្ជួយ​ដី​នេះ​ត្រូវបាន​អ្នកជំនាញ​ខាង​ធរណីវិទ្យា​ដាក់ឈ្មោះថា​«​ខ្សែក្រវាត់​ភ្នំភ្លើង​» ឬ​ភាសា​អង់គ្លេស​ហៅថា The Ring of Fire ។​
 
​គេ​ពន្យល់ថា តំបន់​នេះ​មាន​ប្រវែង​ប្រមាណ ៤០០០០​គីឡូម៉ែត្រ និង​ផ្ទុក​ភ្នំភ្លើង​ចំនួន​៤៥០​។ ប៉ុន្តែ មុននឹង​ចូល​ទៅដល់​ការពន្យល់​លម្អិត​ថា តើ​ខ្សែក្រវាត់​ភ្នំភ្លើង​មានន័យ​ដូចម្តេច អ្នក​គួរ​យល់​ពី​ពាក្យ​ថា «​ផ្លាក​តិច​តូ​និ​ច​» ឬ Techtonic Plate ជាមុនសិន​។ 
 
​ផ្លាក​តិច​តូ​និ​ច​ជា​ផ្ទាំង​ដី​ធំៗ​មាន​ទំហំ​រាប់ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​លាតសន្ធឹង​នៅ​ប្រទេស​ជាច្រើន​។ ហើយ​ផ្លាក តិច​តូ​និ​ច​ទាំងនេះ​ជា​ស្រទាប់​ក្រៅ​បង្អស់​របស់​ផែនដី​។ នៅពេលដែល​ផ្លាក​តិច​តូ​និ​ច​ពីរ​ឬ​ច្រើន​កកិត​ប៉ះគ្នា ពេលនោះ​ហើយ​ទើប​សកម្មភាព​រញ្ជួយ​ដី​និង​ប​ន្ទុះ​ភ្នំភ្លើង​កើតឡើង​។ 
 
​ការ​កកិត​រវាង​ផ្លាក​ទាំងពីរ​មិនមែន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ឆាប់រហ័ស​នោះទេ​។ រញ្ជួយ​ដី​ខ្លះ​ត្រូវការ​ការ​កកិត រវាង​ផ្លាក​ពីរ​អស់​រយៈពេល​រាប់ពាន់ ឬ​ពេលខ្លះទៀត​រាប់ម៉ឺន​ឆ្នាំ​ដើម្បី​កើតឡើង​។ 
 
​ចំណែកឯ​រលក​យក្ស​ស៊ូណាមិ​ដែល​មនុស្ស​ភាគច្រើន​បានដឹង​គឺជា​លទ្ធផល​នៃ​ការរញ្ជួយ​ដី​ក្រោម​សមុទ្រ​។ កម្លាំង​ដែល​ផ្លាក​តិច​តូ​និ​ច​ទាំងនោះ​ប​ញ្ចញ​ ពេល​កកិត​មាន​ទំហំ​ធំ​ណាស់ រហូតដល់​អាច​រុញ​ទឹក​
​សមុទ្រ​រាប់លាន​តោន​ឲ្យ​មក​មាន​វត្ត​មាននៅ​លើគោក​បាន​។ 
 
​នេះ​បានន័យថា​ខ្សែរ​ក្រវាត់​ភ្នំភ្លើង​ដែល​រៀបរាប់​ខាងលើនេះ​គឺជា​ចន្លោះ​ឬ​ការ​ពុះ​ចែក​រវាង​ផ្លាក​របស់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​និង​ផ្លាក​របស់​ទ្វីប​ដទៃៗ​ទៀត ដូចជា​ទ្វីបអាស៊ី ទ្វីបអាមេរិក​ខាងជើង និង​ទ្វីបអាមេរិក​ខាងត្បូង​ជាដើម​។ ហេតុដូចនេះ ប្រទេស​ដែល​នៅតាម​ប​ណ្តោ​យតំបន់​ទាំងនោះ ដូចជា ឥណ្ឌូនេស៊ី តៃវ៉ាន់ ជប៉ុន ឆ្នេរ ខាងលិច​សហរដ្ឋអាមេរិក និង​ស៊ី​លី ជាដើម​ឧស្សាហ៍​ជួបប្រទះ​គ្រោះរ​ញ្ជូ​យ​ដី និង​ផ្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់​៕

Tag:
 ភ្នំភ្លើង​
 ​ស៊ូណាមិ
© រក្សាសិទ្ធិដោយ thmeythmey.com