កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង ប្តេជ្ញា​ជួយ​អភិវឌ្ឍន៍​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង និង​ជួយ​សងលុយ​ដែល​សហព័ន្ធ​ជំពាក់​
13, Jan 2019 , 10:19 am        
រូបភាព
លោក ជា ប៊ុនហេង ថ្លែងក្រោយតែងតាំងឲ្យធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាក្នុងមហាសន្និបាតកាលពីថ្ងៃទី៨ ខែមករា
លោក ជា ប៊ុនហេង ថ្លែងក្រោយតែងតាំងឲ្យធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជាក្នុងមហាសន្និបាតកាលពីថ្ងៃទី៨ ខែមករា
ដោយ:
​លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ បានបង្ហាញ​ជំហរ​ដោយ​ប្តេជ្ញា​ជួយ​អភិវឌ្ឍ​ន៍កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​នៅ​កម្ពុជា និង​ជួយ​សងលុយ​ទាំងអស់​ដែល​សហព័ន្ធ​ជំពាក់​ក្នុង​អាណត្តិ​ទី​៣​។ ការប្រកាស​បែបនេះ ធ្វើឡើង​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ និង​បញ្ចប់​អាណត្តិ​ទី​៣ និង​ដាក់​ទិស​អនុវត្តន៍​សម្រាប់​អាណត្តិ​ទី​៤​របស់​សហព័ន្ធ​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩​។

 
​លោក ជា ប៊ុនហេង ត្រូវបាន​អង្គ​មហា​មហាសន្និបាត​បោះឆ្នោត​គាំទ្រ​ដោយ​លើកដៃ ឲ្យ​ធ្វើជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូក​កា​នូ​ និង​រ៉ូ​អ៊ីង​កម្ពុជា ជំនួស​លោក មាស សារិន ដែល​ឡើងទៅ​កាន់​តួនាទី​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៍ ក្នុង​អាណត្តិ​ទី​៤​។ ការបោះឆ្នោត​នេះ ​ធ្វើឡើង​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ និង​បញ្ចប់​អាណត្តិ​ទី​៣ និង​ផែនការ​អនុវត្ត​សម្រាប់​អាណត្តិ​ទី​៤​កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ក្រោម​វត្តមាន ​លោក ទៀ វិញ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​អនុប្រធាន​សហព័ន្ធ​។ 


 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ និង​សមាជិក​ប្រតិបត្តិ ក៏ដូចជា​តំណាង​ក្លិប​-​សមាគម លោក ជា ប៊ុនហេង បាន​ប្តេជ្ញា​ថា លោក​នឹង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ​ឲ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ស្វែងរក​ជំនួញ​ពី​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់ ឬ​ប្រកួត​នៅក្រៅ​ប្រទេស​។ បន្ថែម​លើ​នេះ ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​រូបនេះ ក៏បាន​ប្រកាស​ជួយ​សង​ថវិកា​ទាំងអស់ ដែល​សហព័ន្ធ​បាន​ជំពាក់​នៅក្នុង​អាណត្តិ​ទី​៣​ផងដែរ​។​


 
​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​អាណត្តិ​ទី​៣ ក្រោយ​ទូទាត់​ចំណាយ​ចំណូល​សហព័ន្ធ​នេះ នៅ​ជំពាក់​គេ​ជាង​២​លាន​រៀល ​បន្ទាប់ពី​រកចំណូលបាន​តែ​៤៤១​លាន​រៀល ហើយ​ត្រូវ​ចំណាយ​រហូត​ជាង​៤៤៣​លាន​រៀល​។ ការ​ជំពាក់​គេ​នេះ ដោយសារ​សហព័ន្ធ​ពុំទាន់​មាន​ប្រភព​ចំណូ​ច​ច្បាស់លាស់ និង​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​នៅមានកម្រិត​។ ចំណូល​ភាគច្រើន​របស់​សហព័ន្ធ គឺ​បានមកពី​ការឧបត្ថម្ ភ​របស់​ប្រធាន​សហព័ន្ធ​សម្តេច ស ខេង និង​ការដាក់​ស្តង់​ផ្សព្វផ្សាយ​លក់​ផលិតផល​។ 
 
​សមាជិក​ប្រតិបត្តិ​ក្នុង​អាណត្តិ​ទី​៤​ ទាំង​៣៣​រូប​រួមមាន សម្តេច ស ខេង ជា​ប្រធាន​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​, លោក ទៀ វិញ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក ម៉ៅ ភិ​រុណ និង​លោក ឯម ម៉ា​អូ​រី ជា​អនុប្រធាន​។ ចំណែក​លោក មាស សារិន ត្រូវ​ដំឡើង​ពី​អគ្គលេខាធិការ​ទៅជា​អនុប្រធាន​អចិ​ន្ត្រៃ ខណៈ​តួនាទី​អគ្គលេខាធិការ​ធ្លា​ក់មក​លោក ជា ប៊ុនហេង និង​កញ្ញា មាស តឿ អគ្គ​ហិ​រញ្ញឹក​។ 
 
​ក្រៅពីនេះ​មាន​សមាជិក​២១​រូប​ទៀត​រួមមាន​លោក ហង្ស សុវណ្ណ​, លោក​អភិបាលខេត្ត​កំពង់ចាម​, ខេត្ត​កែប​, កំពង់ធំ​, រតនគិរី​, សៀមរាប​, កំពង់ស្ពឺ​, ក្រចេះ​, ឧ​ត្ត​រ​មានជ័យ​, បាត់ដំបង​, ព្រៃវែង​, មណ្ឌលគិរី​, ត្បូងឃ្មុំ​, ព្រះសីហនុ​, ស្វាយរៀង​, កំពង់ឆ្នាំង​, តាកែវ​, កំពត​, កោះកុង​, បន្ទាយមានជ័យ​, ប៉ៃលិន​, ពោធិ៍សាត់​, ស្ទឹងត្រែង និង​ព្រះវិហារ​៕    
 

Tag:
 ​ទូក​កា​នូ និង​រ៉ូ​អ៊ីង​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com