«វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅតាមតំបន់ជនបទ» ជាប្រធានបទដែលអ្នកជំនាញ និងក្រសួងពាណិជ្ជកម្មលើកយកមកពិភាក្សា ដើម្បីរកទីផ្សារឲ្យកសិករលក់ផលិតផលរបស់ខ្លួនបានលើទីផ្សារឌីជីថល ជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងអាចប្រកួតជាមួយទីផ្សារពិភពលោក តាមបែបសេដ្ឋកិច្ចឌីជីថល។
ប្រទេសអភិវឌ្ឍន៍កំពុងតែរីកចម្រើនខ្លាំងលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ខណៈប្រទេសកម្ពុជាទើបតែច្បាប់ផ្ដើមនៅឡើយ។ ដូច្នេះនៅមានបញ្ហាប្រឈមច្រើនទៀតដែលត្រូវដោះស្រាយដូចជា សេវាកម្មដឹកជញ្ជូន, ប្រព័ន្ធ Post ប្រៃសណីយ៍, ការខ្វះខាតប្រព័ន្ធកំណត់អាសយដ្ឋានឲ្យជាក់លាក់, ការទូទាត់ប្រាក់តាមអនឡាញ។ ជាពិសេស ច្បាប់ពាណិជ្ជកម្មអនឡាញមិនទាន់មានជាក់លាក់ និងសេវាអ៊ីនធឺណិត ហើយកិច្ចការនេះត្រូវប្រើរយៈពេលយូរ។ នេះជាការលើកឡើងរបស់អ្នកជំនាញ។
លោក ហូ ចំណាប់ អ្នកដែលបានចូលរៀនពី Rural E-Commerce បានឲ្យដឹងថា Rural E-Commerce ជាទម្រង់មួយជួយឲ្យប្រជាកសិករអាចបង្កើតប្រាក់ចំណូល តាមរយៈលក់ទំនិញរបស់ខ្លួនតាមអនឡាញ។ ប៉ុន្តែដើម្បីឲ្យRural E-Commerce ដំណើរការល្អ គឺត្រូវការការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានទាំងអ្នកផលិត,កសិករ, អាជ្ញាធរ, អង្គការ និងក្រសួងស្ថាប័នផ្សេងៗទៀត។ នេះបើតាម លោក ហូ ចំណាប់ ដែលបន្តបញ្ជាក់៖«Rural E-Commerce ត្រូវការពេលវេលាច្រើន ប្រជាកសិករត្រូវការកន្លែងលក់ ប៉ុន្តែមុននឹងលក់បានពួកគាត់ត្រូវការការបណ្ដុះបណ្ដាលច្រើន ធ្វើយ៉ាងម៉េចឲ្យផលិតផលគាត់មានគុណភាពល្អ ស្ដង់ដារ អាចផ្គត់ផ្គង់ទីផ្សារគ្រប់ ត្រូវការអ្នកចូលរួមច្រើន ។ Rural E-Commerce ខុសពី E-Commerce ដែលម្ចាស់អាជីវកម្មជាអ្នកគ្រប់គ្រងផ្ទាល់»។
លោក ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជកម្ម បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកមាន១១ជំពូក ៥៩មាត្រា មានគោលដៅបង្កើនទំនុកចិត្តរវាងអ្នកលក់ និងអ្នកទិញតាមអេឡិចត្រូនិក និងជួយជំរុញការលក់ផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋបានច្រើនជាងផ្សារធម្មតា និងចំណេញពេល។ លោកនិយាយថា៖ «ក្រសួងនឹងជំរុញឲ្យច្បាប់នេះចេញឆាប់ក្នុងឆ្នាំ២០១៩នេះ កាលណាមានច្បាប់ទៅ ការឆបោកគ្នាលែងមាន កាត់បន្ថយ ពេលខ្លះឃើញថាថតរូបស្អាត ពេលបញ្ជូនមកអត់ស្អាត អត់ដូចរូប ពេលខ្លះដាក់លុយហើយ អត់បញ្ជូនរបស់មក ចឹងឃើញថា E-Commerce យើងនៅមានបញ្ហា»។
លោក ងួង ម៉េងតិច ប្រធានសភាពាណិជ្ជកម្មកម្ពុជាលើកឡើងថា ការទិញលក់ និងទូទាត់តម្លៃតាមរយៈប្រព័ន្ធឌីជីថល គឺអាចធ្វើបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ផ្ទុយពីការទូទាត់ដោយរូបិយវត្ថុ ឬសាច់ប្រាក់សុទ្ធ ដែលអាចបង្កជាហានិភ័យ នៅពេលភាគីពាក់ព័ន្ធទិញ-លក់មិនស្មោះត្រង់ និងត្រូវចំណាយពេលយូរថែមទៀត។ កត្តាទាំងអស់នេះ អាចបង្កជាការកកស្ទះដល់ការបញ្ជាទិញ ការផ្ទេរប្រាក់ និងការប្រគល់ជូនផលិតផលដល់អតិថិជន។ លោកងួង ម៉េងតិច បន្ថែមដូច្នេះ។
លោក ថៅ សុខមុនី សង្កត់ធ្ងន់ថា ដើម្បីសម្រេចបានពាណិជ្ជកម្មអេឡិចត្រូនិកនៅតាមតំបន់ជនបទត្រូវការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្រសួង ស្ថាប័ន អង្គការ និងក្រុមហ៊ុនឯកជន ជាពិសេសពង្រឹងចំណេះដឹងរបស់ប្រជាកសិករលើបច្ចេកវិទ្យា។
សភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ បានរៀបចំសិក្ខាសាលាថ្នាក់ ស្តីពីការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិកតំបន់ជនបទនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១០ និងទី១១ ខែមករា។ សិក្ខាសាលនេះ គឺរៀបចំឡើងដើម្បីចែករំលែកចំណេះដឹង ,ផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ជាពិសេសនៅតាមជនបទ អ្នកទើបចាប់ផ្ដើមអាជីវកម្ម និងវិស័យកសិកម្ម៕