រថយន្ត
អន្តរជាតិ
រថយន្តចំណាស់ជាង១០ម៉ូដែល ដែលបង្ហាញពីភាពខ្លាំងរបស់អាល្លឺម៉ង់ក្នុងឧស្សាហកម្មយានយន្ត
× អាល្លឺម៉ង់ត្រូវបានចាត់ទុកជាទឹកដីនៃឧស្សាហកម្មយានយន្តឈានមុខគេមួយលើពិភពលោក មិនចាញ់ចិន សហរដ្ឋអាមេរិក និងជប៉ុននោះឡើយ។ នារយៈពេលជាង១០០ឆ្នាំកន្លងមកនេះ ឧស្សាហកម្មរថយន្តអាល្លឺម៉ង់ ទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសលើគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនម៉ាករថយន្តល្បីៗ ដូចជា Mercedes-Benz, Audi, BMW, Opel, Porsche និង Volkswagen ជាដើម។
ក្នុងទំព័ររថយន្តរបស់ខ្លួន MNS.COM បានបង្ហាញពីរថយន្តចំណាស់ម៉ូដែល ដែលបង្ហាញថា អាល្លឺម៉ង់ជាទឹកដីដែលពោរពេញគំនិតច្នៃប្រឌិតខ្ពស់ក្នុងឧស្សាហកម្មយានយន្ត ក្នុងនោះមានដូចជា Benz Patent Motor Car, Volksawegen Beetle និង BMW 328 Roadster ជាដើម។
Benz Patent Motor Car ត្រូវបានគេស្គាល់ជាទូទៅថា Benz-Patent-Motorwagen។ នេះជាស្នាដៃដំបូងរបស់លោក Carl Benz ដែលបំពាក់ដោយម៉ាស៊ីនប្រើសាំង។ Benz Patent ចរាចរលើកដំបូងនៅឆ្នាំ១៨៧៩ មុននឹងដំណើរការផ្លូវការនៅឆ្នាំ១៨៨៥ ។
Volkswagen Beetle ចាប់កំណើតនៅឆ្នាំ១៩៣៨ ហើយបន្តមានវត្តមាននៅលើទីផ្សាររហូតដល់ឆ្នាំ២០០៣។ រថយន្តនេះ ក៏ស្ថិតក្រោមការផ្ចុងផ្តើមគំនិតរបស់មេដឹកនាំណាស៊ី Adolf Hiltler ផងដែរ។ ក្នុងរយៈពេលប្រមាណជាង៦០ឆ្នាំ ក្រុមហ៊ុនផលិតបានជាង២១លានគ្រឿង។
ចំណែករថយន្តខ្នាតតូច BMW 328 Roadster ត្រូវបានផលិតឡើងចន្លោះពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៤០ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាផ្សេងៗ។ សង្គ្រាមលោកលើកទី២ បានបញ្ចប់សង្វាក់ផលិតកម្មនៃរថយន្តនេះ ប៉ុន្តែក្រុមហ៊ុន BMW មានការច្នៃប្រឌិតថ្មីលើម៉ូដែលជាបន្តបន្ទាប់ទៀត។
Porshe 356 ស្ថិតក្នុងចំណោមស្នាដៃដ៏លេចធ្លោរបស់វិស្វករ Ferdiand Porsche ផលិតកាលពីឆ្នាំ១៩៤៨ រថយន្ត Mercedes-Benz 300 SL ផលិតឆ្នាំ១៩៥៤ រថយន្ត BMW 02 Series ផលិតឆ្នាំ១៩៦៦ រថយន្ត Audi Quattro ផលិតឆ្នាំ១៩៨០ រថយន្ត Porsche 959 ដែលផលិតនៅឆ្នាំ១៩៨៦ ហើយបន្តផលិតម្តងទៀតនៅឆ្នាំ១៩៩២ និងរថយន្ត Bugatti Veyron ដែលល្បីល្បាញចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥។
បន្ថែមពីលើនេះ រថយន្តយ៉ាងហោចណាស់ចំនួន៥ម៉ូដែលបុរាណរបស់អាល្លឺម៉ង់បន្តទទួលបាននូវការពេញនិយមនៅលើផ្សារនាពេលបច្ចុប្បន្ន ដោយរថយន្តទាំងនោះ មានដូចជា Volkswagen Golf GTI ឆ្នាំ១៩៧៤, Porsche 911 ឆ្នាំ១៩៦៣, Mercedes-Benz S-Class ឆ្នាំ១៩៧២, BMW E30 M3 និង BMW M5 ដែលផលិតតាំងនៅឆ្នាំ១៩៨៥៕
© រក្សាសិទ្ធិដោយ thmeythmey.com